ការស៊ើបអង្កេត​ទៅលើ​បញ្ហា​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរ និង​ដី​ព្រៃកោងកាង​លិច​ទឹក​មិនទាន់​ចេញ​ជា​លទ្ធផល​

រហូតមកដល់​ពេលនេះ​ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​ក្រសួងកសិកម្ម មិនទាន់បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរសមុទ្រ និង​ដី​ព្រៃកោងកាង​លិច​ទឹក​ក្នុង​ខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ដី​ព្រៃកោងកាង ដីភ្នំ និង​ដី​ឆ្នេរសមុទ្រ យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច គឺ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ផ្ទុយទៅវិញ​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​អ្នកមាន​លុយ អ្នក​អំណាច​ខ្លះ មាន​ប័ណ្ណកម្មសិទ្ធិ​លើ​ដីធ្លី​របស់​រដ្ឋ​ដែល​ពួកគេ​ទន្ទ្រាន​កាន់កាប់​យ៉ាង​ក្រអឺតក្រទម​ទៀតផង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា កន្លងមក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ទីតាំង​ឆ្នេរសមុទ្រ​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង និង​ព្រៃកោងកាង​លិច​ទឹកជា​ច្រើន​កន្លែង​ទៀត ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងកសិកម្ម ព​ន្លឿ​ន​ចំពោះ​ការប្រកាស​លទ្ធផល​ស្ដីពី​សកម្ម​ភាពចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​លើ​ប​ណ្ណ័​កម្មសិទ្ធិ​ដី​ធ្លិ​នៅ​ខេត្ត​ព្រះសីហនុ​។ ដោយហេតុថា បទល្មើស​បំផ្លាញ​ព្រៃកោងកាង ជា​ជម្រក​ត្រី​ពង​កូន​នៅ​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​កើតមាន​ឥតឈប់ឈរ​ព្រោះ​អាជ្ញាធរ និង​មន្ទីរជំនាញ​ក្នុង​ខេត្ត​ព្រះសីហនុ មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា កន្លងមក​អ្នកមាន​លុយ អ្នកមានអំណាច បាន​ចាក់ដី​លុប​ឆ្នេរ លុប​ព្រៃកោងកាង ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន ហើយ​បឹង​កង្កែប​ក្នុងស្រុក​ព្រៃនប់ កំពុងតែ​រលាយបាត់​រូប​រាប​។ លើស​នេះ​ទៅទៀត​សូម្បីតែ​អូរ​ធម្មជាតិ និង​ព្រៃកោងកាង​ជម្រក​ត្រី​សមុទ្រ​នៅ​តំបន់ឆ្នេរ​អូរត្រេះ ជាប់​ដំណាក់​ស្ដេច នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ក៏ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​ដែរ​។ វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ដាក់ចេញ​ជា​បន្តបន្ទាប់​កន្លងមក​គឺជា​រឿង​ឥតន័យ ព្រោះ​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​អាជ្ញាធរខេត្ត មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​ជនល្មើស​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងកសិកម្ម ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរសមុទ្រ ដី​ព្រៃកោងកាង​លិច​ទឹក និង​អូរ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ​តាម​អំពើ​ចិត្ត​ទៀត​៕

K-7135-600x338លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ 0e5900f2-d157-46fd-9027-caf7dc4b7118 41fed52f-6342-4e67-8f19-843b20f46607​    ​