​លោក សម រង្ស៊ី បញ្ជាក់ថា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​មាន​អ្នកគាំទ្រ​ពិតប្រាកដ​ដល់​៣​លាន​នាក់​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា និន្នាការ​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ខណៈដំណើរ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​បោះឆ្នោត​ថ្នាក់ជាតិ​កំពុង​ខិតជិត​ចូលមក​ដល់​។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​គាំទ្រ​រូបលោក​ផ្ទាល់​ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

​នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​(Facebook) របស់លោក ទទួលបាន​ជាង​៣​លាន like ពី​អ្នក​ដែល​ចូលចិត្ត និង​តាមដាន ពិតប្រាកដ​។ ក្នុងចំណោម​មនុស្ស​មែនទែន​ទាំងអស់នោះ​៨២​ភាគរយ​រស់នៅ​ប្រទេស​កម្ពុជា​។ សូមបញ្ជាក់ថា ក្នុង​ប្រភព like ទាំងអស់នោះ មិនមាន​គណនី​ហ្វេ​ស​ប៊ុ​(Facebook) ក្លែងក្លាយ​ទេ ហើយក៏​មិនមាន​ការទិញ like ក្លែងក្លាយ​ពី​ឥណ្ឌា ឬ ពី​ប្រទេស​ណា​ទៀតឡើយ​។

លោក សម រង្ស៊ី បាន​បញ្ជាក់ថា ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់លោក និង​ខ្លួន​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ ចំពោះ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​ទាំងអស់ ព្រមទាំង​មិត្តភក្តិ​គ្រប់ទិសទី ដែល​បាន​យកចិត្តទុកដាក់​តាមដាន​របាយការណ៍​ព័ត៌មាន​និង​រូបភាព​ទាំងឡាយ ដែលមាន​បង្ហោះ​ជា​បន្តបន្ទាប់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់លោក​។​

​គួរ​បញ្ជាក់ថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏មាន​ទំព័រ​ហ្វេ​ប៊ុ​ក​ផងដែរ ហើយ​លោក ហ៊ុន សែន តែងតែ​ដោះស្រាយ​បញ្ហា​មួយចំនួន​តាម​ហ្វេ​ស​ប៊ុ​ក​។ តែ​បញ្ហា​នេះ​ត្រូវបាន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ចំពោះ​ការប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ថា​ជា​វិធី​បំភាន់​ភ្នែក និង​បន្ទន់​ចិ​ត្ដ​ប្រជារាស្ត្រ​។​

លោក សម រង្ស៊ី បាន​ពន្យល់ថា គេ​បង្កើត​បញ្ហា​១០០​ជំពូក​ហើយ​ដាក់បន្ទុក​លើ​ប្រជារាស្ត្រ​ដោយសារតែ​គេ​ធ្វើ​សេចក្តីសម្រេច​តាមតែ​ចិត្ត​និង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​។ តែ​យូរៗ​ម្តង​គេ​បន្ធូរបន្ថយ​ភាពលំបាក​ខ្លះៗ​ទាក់ទង​ទៅនឹង​បញ្ហា​ណាមួយ​ហើយ​គេ​ក៏​ប្រកាស​យ៉ាង​អ​ធឹ​ក​អ​ធ័​ម​ដូចជា​តាម​ហ្វេ​ស​ប៊ុ​ក អំពី​ការបន្ធូរបន្ថយ​នោះ​។ តែ​ចំពោះ​បញ្ហា​៩៩​ជំពូក​ទៀត​នៅ​បន្ត​កើតមាន​ក្នុងសង្គម​ដដែល ហើយ​បញ្ហា​ទាំងនោះ​បង្ហាញថា​រដ្ឋាភិបាល​អស​ម​ត្ថ​ភាព​៕

14100404_1172437639479634_7819114168613189294_n