លោក ហ៊ុន សែន ស្នើ​ឯកអគ្គរដ្ឋទូត​អាមេរិក​មាន​វិធានការ​លើ​អ្នក​ប្រមាថ​ក្រុម​គ្រួសារ​លោក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​វិធានការ​លើ​អ្នក​ប្រមាថ​ដល់​ក្រុម​គ្រួសារ​លោក​នា​ពេល​កន្លង​ទៅ។

នេះ​ជា​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក្នុង​​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ សីហា ដោយ​លោក​​ថា លោក​នឹង​មិន​អត់​ឱន​ដល់​ជន​នោះ​ឡើយ ហើយ​ បើ​ជន​នោះ​នៅ​កម្ពុជា លោក​នឹង​ចាប់​ខ្លួន​ភ្លាម។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ហ៊ុន សែន មិន​បាន​ថ្លែង​ចំ​ឈ្មោះ​ថា ជន​នោះ​ឡើយ។ គ្រាន់​តែ​លោក​បញ្ជាក់​ថា ជន​នោះ​បាន​មើល​ងាយ​គ្រួសារ​លោក ដែល​ថា​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​មេទ័ព​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី។

នា​ពេល​កន្លង​ទៅ អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋអាមេរិក លោក យ៉ង់ ណុយ ហៅ Brady Young បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​និយាយ​ថា កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺ​ជា​កូន​ប្រុស​របស់​អ្នក​នយោបាយ​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយ​អ្នកស្រី ប៊ុន រ៉ានី និង​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លិប​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ DNA ជាមួយ​លោក ហ៊ុន ម៉ាណែត​ទៀត​ផង។

ប៉ុន្តែ​ក្រោយ​មក គណបក្ស​សង្គ្រោះជាតិ​ក៏​សម្រេច​បញ្ចប់​សមាជិកភាព​របស់​លោក យ៉ង់ ណុយ ពី​គណបក្ស​របស់​ខ្លួន បន្ទាប់​លោក ហ៊ុន សែន ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ជន​នេះ ព្រម​ទាំង​ព្រមាន​ថា បើ​នរណា​មិន​ឲ្យ​គ្រួសារ​លោក​បាន​សុខ លោក​ក៏​មិន​ឲ្យ​អ្នក​នោះ​បាន​សុខ​ដូច​គ្នា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។