ព្រះ​អង្គ​ នី សុវណ្ណ​មុនី​រ៉េ​ត ​៖ ​ផ្តល់​ Laptop​ ដល់អ្នកប្រឡងបាក់​ឌុ​បមាន​ពិន្ទុខ្ពស់​ជាងគេ

​កាលពីដើម​ខែសីហា​ ព្រះ​អង្គ​ នី សុវណ្ណ​មុនី​រ៉េ​ត​ គង់នៅ​កុដិ​លេខ​២៤​នៃ​វត្ត​នាគ​វ័ន​រាជធានី​ភ្នំពេញ​ បាន​មាន​សង្ឃដីកា​ជូន​ដល់​បណ្តា​សិស្ស​វិទ្យាល័យ​ទាំងអស់​​ក្នុង​ខេត្តស្វាយរៀង ​ដែល​កំពុង​ឡើង​សង្វៀន​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​​ឆ្នាំ​២០១៦​នេះ​ថា​ នឹង​ផ្តល់​/ប្រគេន​នូវ​រង្វាន់​លើកទឹកចិត្ត​ Laptop​ចំនួន​១០​គ្រឿង ​សម្រាប់​អ្ន​ក​​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ នៅ​ទូ​ទាំង​ខេត្ត​ស្វាយរៀង ​។

​ជា​ថ្មី​ម្តងទៀត​ ព្រះ​អង្គ​បាន​មានទឹក​ព្រះ​ទ័យ​​ប្តូរ​ទិស​​បន្ថែមចំនួន​៥​គ្រឿង​ទៀត​ ក្នុង​ន័យ​ឱ្យ​​សិស្ស​នុ​សិស្ស​ ដែល​កំពុង​តែ​ខិតខំ​រៀន ​និង​ខំ​ប្រឡង​មាន​ទឹកចិត្ត​ទៅ​មុខ​ទៀត​ ដើម្បី​តាម​ចាប់​យក​ល​ទ្ធ​ផល​ល្អ​ តាម​អ្វី​ដែល​បាន​ព្យាយាម​រៀនសូត្រ​​តាំងពី​ដើម​ទី​​មក ​។ ការ​បន្ថែម​៥​គ្រឿង​ទៀត គឺ​ទាំងអស់​កុំព្យូទ័រ Laptop​ថ្មី​១៥គ្រឿង សម្រាប់​សិស្ស​ជាប់​បាក់​ឌុ​ប​ពិន្ទុ​ច្រើន​ជាងគេ ក្នុងខេត្ត​ស្វាយ​រៀង

កាលពី​ពេល​កន្លង​ទៅ អាត្មាភាព​ធ្លាប់​បាន​សន្យា​ម្ដង​រួច​មក​ហើយ​ ក្នុង​ការ​ផ្ដល់​រង្វាន់​កុំព្យូទ័រ Laptop ​ថ្មី​ចំនួន​១០​គ្រឿង ដល់​សិស្ស​ជាប់​​បាក់​ឌុ​ប ដែល​ចូលរួម​ប្រឡងថ្ងៃ​ទី​២២-២៣ សីហា ២០១៦ ទទួល​បាន​ពិន្ទុ​ច្រើន​​ជាងគេ ក្នុង​ខេត្ត​ស្វាយ​រៀង ប៉ុន្តែ​នៅ​ថ្ងៃនេះ​ដោយ​​មាន​សទ្ធា​ជ្រះថ្លា​​ពី​ញាតិ​ញោម​ជា​បន្តបន្ទាប់ អាត្មាភាព​សូម​ជូន​៥​គ្រឿង​ បន្ថែម​ទៀត ​។

ការ​សម្រេច​ផ្តល់​រង្វាន់​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង​ ដូច​បាន​រៀបរាប់​ខាងលើ ក៏​ព្រោះតែ​អាត្មាភាព គឺជា​អ្នកមាន​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​ដូច​គ្នា ដោយ​ចង់​ចូល​លើកទឹកចិត្ត​ដល់​ប្អូន​ៗ ក្មួយ​ៗ ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ក្រុម​គ្រួសារ​ក៏​ដូច​ជា​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ ។

សូម​បញ្ជាក់​កុំព្យូទ័រ Laptop​ថ្មី​ទាំង​១៥​គ្រឿង​នេះ សម្រាប់​តែ​អ្នក​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាងគេ ក្នុង​ខេត្តស្វាយរៀង​ប៉ុណ្ណោះ ដោយ​មិន​គិត​ពី​និទ្ទេស​ឡើយ ​ដោយ​ម្នាក់​ទទួល​បាន​១​គ្រឿង​ ។ 

ក្រោយ​ពី​ប្រកាស​លទ្ធផល អាត្មាភាព​នឹង​ឲ្យ​ក្រុមការងារ ទាក់ទង​ទៅ​ប្រធាន​មន្ទីរ​អប់រំ​ខេត្តស្វាយរៀង ឬ​សិស្ស​ដែល​ដឹង​ថា ​ខ្លួន​បាន​ទទួល​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ ក្នុង​ចំណោម១៥នាក់ អាច​ទាក់ទង​មក​កុដិ​លេខ​២៤ វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់​ក៏​បាន ។