អា​មេ​រិ​ក​មាន​សុទិដ្ឋិនិយម​ពី​កំណើន​ប្រាក់​ចំណេញ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ាន

អាស៊ាន ៖ ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​តែ​មាន​សុទិដ្ឋិនិយម​លើ​ទស្សនវិស័យ​អាជីវកម្ម​ក្នុង​តំបន់​អាស៊ាន ទោះបីជា​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង និង​ឧបសគ្គ​នៃ​សេដ្ឋកិច្ច​សកល​ក្តី។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ទស្សនវិស័យ​ពាណិជ្ជកម្ម​អាស៊ាន​ប្រចាំឆ្នាំ ដែល​បាន​ចេញផ្សាយ​ដោយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក និង​សមាជិក​សភា​អា​មេ​រិ​ក​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន ។

ក្នុង​ការ​ស្ទង់​មតិ​លើ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ តំណាង​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ បាន​បង្ហាញ​ថា ៧៨%​នៃ​ក្រុមហ៊ុន​ទាំងនេះ​រំពឹង​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​កើនឡើង​នៅ​ឆ្នាំ​ក្រោយ ហើយ​ក្រុមហ៊ុន​ច្រើន​ជាង​ពាក់កណ្តាល​៥៣% បាន​រាយការណ៍​ថា ទីផ្សារ​អាស៊ាន​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រាក់​ចំណេញ​ជា​សកល​របស់​ក្រុមហ៊ុន​ពួក​គេ ។ ៤៩%​ទៀត​រំពឹង​ថា នឹង​បង្កើន​កម្លាំង​ពលកម្ម​បន្ថែម​នៅ​តំបន់​អាស៊ាន​ចុងឆ្នាំ​នេះ ។ រីឯ​៨៧%​រំពឹង​ថា កម្រិត​នៃ​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ពួក​គេ​នៅ​តំបន់​អាស៊ាន នឹង​កើនឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត ។

ដោយឡែក នៅ​ប្រទេស​ថៃ នាយក​ប្រតិបត្តិ​៧​រូប​ក្នុង​ចំណោម​១០​រូប​រំពឹង​ថា ប្រាក់​ចំណេញ​ក្នុង​តំបន់​នឹង​កើនឡើង​នៅ​ឆ្នាំ​ក្រោយ និង​លើស​ពី​៥០% មាន​សុទិដ្ឋិនិយម​ពី​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ ។ ទោះជា​យ៉ាងណា និន្នាការ​គួរ​ឱ្យ​បារម្ភ​មួយ​បាន​បង្ហាញ​ថា ៣៥%​នៃ​អ្នកឆ្លើយ​សំណួរ​រៀបរាប់​ថា បរិយាកាស​វិនិយោគ​ទូទៅ​ក្នុង​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​ដុនដាប ។

ផ្ទុយ​ទៅ​វិញ អ្នកឆ្លើយ​តប​ការ​ស្ទង់​មតិ​នៅ​កម្ពុជា​៦៥%, មី​យ៉ា​ន់​ម៉ា​៧០%, ហ្វ៊ី​លី​ពី​ន ៧៧% និង​វៀតណាម​៧២% បាន​ចង្អុលបង្ហាញ​ថា បរិយាកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​ពួក​គេ​មាន​ភាព​រីក​ចម្រើន ។

អ្នកឆ្លើយ​តប​នឹង​ការ​ស្ទង់​មតិ​នៅ​ប្រទេស​ថៃ បាន​សម្គាល់​ឃើញ​ថា អំពើ​ពុក​រលួយ ការ​ការពារ​ទីផ្សារ​ក្នុងស្រុក កង្វះខាត​ស្ថិរភាព​ប្រព័ន្ធ​នយោបាយ​របស់​រដ្ឋាភិបាល និង​ការ​លំបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ទំនិញ​ឆ្លងកាត់​គយ គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ទី​នេះ ។

លោក Brad Middleton ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ថៃ បាន​ថ្លែង​ថា ៖ « រដ្ឋាភិបាល​ថៃ​យល់​ឃើញ​ថា ដោយសារ​តែ​និន្នាការ​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាស​កល​ក្នុង​តំបន់​នេះ បាន​ក្លាយជា​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ៗ និង​ធ្វើ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ក្នុង​ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស » ។

លោក​បន្ត​ថា វិធានការ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល រាប់​ចាប់ពី​ការ​លើកទឹកចិត្ត​ទីស្នាក់ការ​កណ្តាល​ក្នុង​តំបន់ និង​ការ​ចាប់ផ្តើម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ក្នុង​ប្រទេស យើង​សូម​ស្វាគមន៍​ចំពោះ​វិធានការ​ទាំងនេះ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​បន្ថែម​ទៀត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ដូច​ជា ការ​បន្ធូរបន្ថយ​ច្បាប់​ទិដ្ឋាការ កំណែទម្រង់​ច្បាប់​ការពារ​សិទ្ធិ​បញ្ញា​អចលនទ្រព្យ និង​កែ​លម្អ​ច្បាប់​គយ​ជាមួយ​ការ​អនុវត្ត​វិធានការ​ល្អ​ៗ​ជា​អន្តរជាតិ ។

នាយក​ប្រតិបត្តិ​របស់​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ថៃ បាន​លើក​ឡើង​ថា ការ​កើនឡើង​នៃ​ស្ថិរភាព​នយោបាយ និង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​ជាស​កល នឹង​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​លើ​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ ។

៨២%​នៃ​អ្នក​ស្ទង់​មតិ​បាន​រាយការណ៍​ថា ការ​ជាប់​គាំង​នយោបាយ​កំពុង​បន្ត​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ខ្លួន ខណៈ​ដែល​៨៣%​ទៀត​ជឿ​ថា ប្រទេស​ថៃ​គួរតែ​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​នៃ​សមាគម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ៕