ដូច​ខ្វះ​កន្លែងដេក ! ដេក​ក្បែរ​ហើយ​យក​ជើង​គង​លើ​ផ្លូវដែក

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាង ខណៈ​ស្រវឹងស្រា​ហើយ​ទៅ​ដេក​ក្បែរ​ និង​យក​ជើង​គង​លើ​ផ្លូវដែក ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​រថភ្លើង ត្រង់​បង្គោល​លេខ​១០២ ស្ថិត​ក្នុងភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ែន សំណាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​តានី ស្រុក​អង្គរ​ជ័យ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ទៅ​ដេក​ក្បែរ​ និង​​យក​ជើង​ខាងឆ្វេង​គង​លើ​ផ្លូវដែក ស្រាប់តែ​រំពេច​នោះ​រថភ្លើង​ខ្សែ​ខេត្ត​ព្រះ​សីហ​នុ​-​ក្រុងភ្នំពេញ​បាន​មក​ដល់ ហើយ​កិន​បណ្ដាល​ឲ្យ​ដាច់​ជើង​តែ​ម្តង ។

ក្រោយ​ហេតុ​ភ្លាម​ៗ អ្នកបើកបរ​​បាន​បញ្ឈប់​រថភ្លើង និង​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត ៕