ទេព ឡុង​រចនា ៖ ទ័ព​អាច​លើក​ពាន​ បើ​ប៉ូលិស​ប្រើ​ទម្រង់​នេះ​ថ្ងៃ​ប៉ះ​បឹង​កេត

លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ បង្ហើប​ពី​របៀប​​​ឲ្យ​ប៉ូលិស​​លេង ដើម្បី​អាច​ទប់​ទល់​​នឹង​ខ្សែប្រយុទ្ធ​​ដ៏​ល្អ​របស់​បឹង​កេត​ ​​ដែល​ជួយ​ឲ្យ​​ក្លឹប​របស់​លោក​អាច​លើក​ពាន​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​២០១៦។

 ទេព ឡុង​រចនា ៖ ទ័ព​អាច​លើក​ពាន​ បើ​ប៉ូលិស​ប្រើ​ទម្រង់​នេះ​ថ្ងៃ​ប៉ះ​បឹង​កេតលោក ទេព ឡុង​រចនា(អាវស)

 

​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​ ជិត​រក​ឃើញ​ជើង​ឯក​​រដូវ​កាល​​ឆ្នាំ​២០១៦ ហើយ​​ពោល​គឺ​រង់ចាំ​ជំនួប​ចុង​ក្រោយ​របស់​បឹង​កេត​ និង​ក្រសួង​ការពារ​ជាតិ ​ដែល​​ក្លឹប​ទាំង​ពីរ​ នឹង​ប៉ះ​ក្រុម​ខ្សោយ​ជាង​ខ្លួន​ដូច​គ្នា​គឺ បឹង​កេត​ប៉ះ​ប៉ូលិស និង​ទ័ព ជួប​អាស៊ីអឺរ៉ុប។

 

​លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​ប៉ូលិស​ប៉ះ​បឹង​កេត​ ហើយ​លេង​ដោយ​ចង់​ឈ្នះ​ខ្លាំង​នោះ ពិត​ជា​ហុច​ឱកាស​ឲ្យ​​បឹង​កេត​ដើម្បី​យក​ឈ្នះ​យ៉ាង​ស្រួល។ ​បឹង​កេត​​ជា​ក្រុម​ខ្លាំង​ខាង​វាយ​បក និង​​កីឡាករ​មាន​ល្បឿន​លឿន ​​ដូច្នេះ​ប៉ូលិស​ត្រូវ​លេង​ដោយ​ប្រុងប្រយ័ត្ន ហើយ​ព្យាយាម​លេង​បិទ​​នៅ​តំបន់​ការពារ​ឲ្យ​​បាន​ច្រើន។

 

​គ្រូ​បង្វឹក​ដែល​ទើប​ជួយ​ទ័ព​ឲ្យ​លើក​ពាន Hun Sen Cup 2016 ​រូប​នេះ​បន្ថែម​ថា ច្បាស់​ណាស់​​បឹង​កេត​ នឹង​លេង​ដោយ​វាយ​សម្រុក​ខ្លាំង​ ដើម្បី​រក​គ្រាប់​បាល់​។ មធ្យោបាយ​ល្អ​បំផុត​​សម្រាប់​ប៉ូលិស​គួរ​ប្រើ​ប្រព័ន្ធ​ការពារ​ ហើយ​ឡើង​វាយ​បក​​តំបន់​ប្រយុទ្ធ​ឲ្យ​បាន​លឿន។

 

​ស្រប​ពេល​លោក​ ​ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​បាន​លើក​ឡើង​​កាល​ពី​ពេល​កន្លង​ទៅ​ថា ៩០​%​ ជា​ក្ដី​សង្ឃឹម​របស់​លោក ​ក្នុង​ការ​យក​ឈ្នះ​ប៉ូលិស​ ដើម្បី​លើក​ពាន​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦។

 

​បឹង​កេតអង្គរ​ ​មាន​៤៤ ពិន្ទុ​​​ឈរ​លេខ១​​លើស​ពិន្ទុ​ក្រុម​លេខ២ ក្រសួង​ការពារ​ជាតិ១​ ពិន្ទុ​​ដែល​មាន ៤៣​ពិន្ទុ​។ ប្រកួត​ចុង​​ក្រោយ​របស់​​ក្លឹប​ក្រសួង​ការពារ​ជាតិ​ជួប​អាស៊ីអឺរ៉ុប​នា​ថ្ងៃ​​ទី៩ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ពហុ​​កីឡដ្ឋាន​ជាតិ​​ ខណៈ​បឹង​កេត​ប៉ះ​បូលិស​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង៦:០០ ​ដូច​គ្នា៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​