ឈីន រតនៈ ហូរ​ទឹក​ភ្នែកទាំង​មិន​ដឹង​ខ្លួន​​ បាន​ច្រៀង​​បទ​ខ្លួន​ឯង​​

ឈីន រតនៈ ប្រាប់​ថា​ ពេញ​មួយ​យប់​នាង​គេង​មើល​តែ​វីដេអូ​ Trailer បទ​ទើប​ចេញ​ថ្មី “អ្នកមិនអន់ទេ”​ រំភើប​លាយឡំ​ទឹក​ភ្នែក​ ដោយ​មិន​នឹក​ស្មាន​ថា ​រូប​នាង​អាច​មាន​​បទ​ចម្រៀង​ច្រៀង​​ រួម​ទាំង​មាន​រូបខ្លួន​ឯង​ក្នុង​វីដេអូ​បែប​ហ្នឹង​ទេ។

 

“យប់​មិញ​ ដល់​ឥលូវ​នៅ​តែ​គេង​ញញឹម​ ហើយ​ពេល​ខ្លះ​ហូរ​ទឺក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​ ព្រោះ​សប្បាយ​ចិត្ត​ពេក​ មិន​នឹក​ស្មាន​ថា​ ខ្លួន​ឯង​មាន​បទ​ចម្រៀង​ និង​ឃើញ​រូប​ខ្លួន​ឯង ​នៅ​ក្នុង​បទ​ចម្រៀង​ចឹង​ទេ។ ម្យ៉ាង​ទៀតឃើញ​មាន​ការ​​​គាំ​ទ្រ​ច្រើន​ពី​បងប្អូន​ គាត់​បាន​ឆាត​មក​ សរសើរ​ និង​លើក​ទឹក​ចិត្ត​សឹង​តែ​គ្រប់​ៗ​គ្នា​បង។ ខ្ញុំ​ខ្លួន​ឯង​ស្ដាប់​សារ​ចុះ​ឡើង​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទេ​បង អត់​ធុញ​សោះ (សើច)​”។

 

ឈីន រតនៈ  ហូរ​ទឹក​ភ្នែកទាំង​មិន​ដឹង​ខ្លួន​​ បាន​ច្រៀង​​បទ​ខ្លួន​ឯង​​​រូបភាព​ពី​ ហ្វេស​ប៊ុក ឈីន រតនៈ

 

ជាមួយ​គ្នា​នេះ​ អតីត​​បេក្ខភាព  ​Top4​ ក្នុង​កម្មវិធី The Voice Cambodia បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​ក្តី​ស្រមៃ​លើ​វិថី​សិល្បៈ​មួយ​​របស់​ក្មេង​ស្រី​ម្នាក់​កាល​នៅ​រៀន​វិទ្យាល័យ​ រហូត​បាន​ចេញ​ធ្វើ​ការ​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន រតនៈ ថា​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ​​បាន​ជំរុញ​ទឹក​ចិត្ត​នាង​សព្វ​បែប​យ៉ាង​រហូត​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​​​ The Voice Camboida ​ ដើម្បី​​ឈាន​ទៅ​ដល់​ការ​សម្រេច​ក្តី​ស្រមៃ​ក្លាយ​ជា​តារា​ចម្រៀង​។

 

ស្តាប់​ការ​បកស្រាយ​ពី​ ឈីន រតនៈ ក្នុង​វីដេអូ​​ខាង​ក្រោម៖

 

 

ឈីន រតនៈ បន្ថែម៖ “ដំបូង​ឡើយ​ គ្រាន់​តែ​ខាង​បង​ផលិត​កម្ម​ប្រាប់​ថា​ ខ្ញុំ​មាន​បទ​ចម្រៀង​មួយ​ច្រៀង​ខ្លួន​ឯង បង​អើយ​​ខ្ញុំ​សប្បាយ​ចង់​ហោះ​ហើយ​។ ពេល​ថត​បទ​នេះ ​ទោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ហត់​បន្តិច​មែន​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ ណាមួយ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ខុស​ច្រើន​ ព្រោះ​បងៗ​អ្នក​ដឹកនាំ ពួកគាត់​ហត់​ជាង​ខ្ញុំ​ទៀត”។​

 

តារា​ស្រី​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ បន្ត​ទៀត​ថា អះអាង​ថា​ គ្រប់​យ៉ាង​ដែល​នាង​បាន​មក​ដល់​ថ្ងៃ​នេះ​ ក៏​ដោយ​សារ​ The Voice Cambodia និង​ជា​ពិសេស​ អរគុណ​ទៅ​ដល់​គ្រូ​បង្វឹក​នាង​លោក ណុប បាយ៉ារិទ្ធ រួម​ទាំង​បណ្តា​អ្នក​​គាំ​ទ្រ​នាង​ផង៕

 

អត្ថបទ៖ ថា ម៉ាលីដា