ក្តៅ​ៗ ! ចាប់​បាន​ឃាតករ​សម្លាប់​យក​សព​ទៅ​ប្លុង​ចោល​នៅ​វាលស្រែ​ហើយ

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាក់​សម្លាប់​បុរស​ម្នាក់​រួច​យក​សាកសព​ទៅ​ប្លុង​ចោល​នៅ​វាលស្រែ​ក្នុង​ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​ចាប់ខ្លួន​បាន​ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ ។

គួរ​រម្លឹក​ផង​ដែរ​ថា បុរស​ម្នាក់​ឈ្មោះ អៀម រ៉ា​មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប មាន​ប្រពន្ធ​ឈ្មោះ មាំ សុ​ផុ​ន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គោល ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​យក​សាកសព​ទៅ​ទម្លាក់​ចោល​នៅ​វាលស្រែ​ស្ថិត​នៅ​ខាងលិច​ភូមិ​ឆេះ​ចាន ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ពេល​នេះ​ជន​មិន​ស្គាល់​មុខ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​ចាប់​បាន​ហើយ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ប្ដី​របស់​គាត់​បាន​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​នៅ​ខេត្តសៀមរាប ហើយ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៩​ខែ​ឆ្នាំ​ដដែល ទើប​ទទួល​បាន​ដំណឹង​ថា ប្តី​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ ។ ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្ត​ថា ម៉ូតូ​ដែល​ប្តី​គាត់​ជិះ​សម្រាប់​រត់​ឌុ​ប​ចិញ្ចឹមជីវិត ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០១២ បិទ​តែម​២០១៥ ពាក់​ស្លាក​លេខ សៀមរាប 1N-2911 ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​នគរបាល​ពាក់ព័ន្ធ​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សាកសព ហើយ​បាន​សន្និដ្ឋាន​ថា ករណី​នេះ​ជា​ករណី​ឃាតកម្ម ។

លោក​វរសេនីយ៍ទោ ដួង សុខា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ស្នើ​សុំ​គោលការណ៍ និង​ការ​អនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​វរសេនីយ៍ឯក ភឹង ចិន្ដា​រ៉េ​ត ស្នងការ​រង ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​សុំ​កិច្ចសហការ​ពី​កម្លាំង​នគរបាល​ជំនាញ​នៅ​តាម​បណ្ដាល​ខេត្ត​ផ្សេង​ៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ លុះដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​មើលទៅ​គួរ​ឲ្យ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ហើយ​កម្លាំង​នគរបាល​ខេត្ត​បាន​នាំ​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះ​ម្នាក់​ប្លន់​យក​ម៉ូតូ​នៅ​ក្នុងស្រុក​ស្វាយ​លើ កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ សាក់ បូ​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ម៉ូតូ​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់​បាន ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1N-2911 មាន​លេខ​តួលេខ​ម៉ាស៊ីន​៨៦៦២៩៦៨ ផលិត​នៅ​ឆ្នាំ​២០១៣ ។

បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ​រួច​ហើយ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ធ្វើការ​រាយការណ៍​ជូន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហើយ​បាន​ផ្ញើ​រូបភាព​ជនសង្ស័យ និង​វត្ថុ​តាង​មក​ជាមួយ​ផង​ដែរ ។ ក្រោយ​ពី​បាន​ទទួល​សេចក្តីរាយការណ៍​របស់​កម្លាំង​នគរបាល​ខេត្តព្រៃវែង​រួច​មក លោក​វរសេនីយ៍ទោ ដួង សុខា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ធ្វើការ​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ស្នើ​សុំ​គោលការណ៍ និង​ចាត់​កម្លាំង​នគរបាល​នៅ​ក្រោម​ឱវាទ​ចុះ​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ធ្វើ​កិច្ចសហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចសហការ​ល្អ រវាង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ស្នងការ​នគរបាល​ខេត្តព្រៃវែង ក៏​ដូច​ជា​កង​ម្លាំ​ង​នគរបាល​ខេត្ត​ទាំង​ពីរ​ផង​ដែរ ៕