អីុរ៉​ង់​បង្ហាញ​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​ធុន​BAVAR373​របស់​ខ្លួន

ក្នុង​ឱកាស​នៃ​ពិធី​មួយ​ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតី​លោក​ហា​សាន់ រ៉ូ​ហា​នី និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក HOSSEIN DEHGHAN អីុ​រ៉​ង់​បាន​បង្ហាញ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២១ សីហា ដល់​សារព័ត៌មាន​នូវ​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​របស់​ខ្លួន​ធុន BAVAR 373 ផលិត​ក្នុងស្រុក ហើយ​មាន​ប្រសិទ្ធភាព​ដូច​ប្រព័ន្ធ​ការពារ​អាកាស S-300 របស់​រុ​ស្ស៊ី ។

ប្រទេស​អីុរ៉​ង់​សម្រេច​ជំរុញ​គម្រោង​ផលិត​អាវុធ​ធុន​នេះ ពេល​រុ​ស្ស៊ី​ផ្អាក​កុងត្រា​ផ្តល់​ប្រព័ន្ធ S-300 កាលពី​ឆ្នាំ​២០១០ ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ប្រកាស​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​អីុរ៉​ង់ ។

កាលពី​ឆ្នាំ​២០១៥ មុន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ដែល​នាំ​ទៅ​ដល់​ការ​លុប​ចោល​ជា​បន្តបន្ទាប់​នូវ​ទណ្ឌកម្ម ក្រុង​មូ​ស្គូ អនុញ្ញាត​ជា​ថ្មី​ដល់​ការ​ប្រគល់​ប្រព័ន្ធ​មី​ស៊ី​ល S-300 ដល់​អីុ​រ៉​ង់​វិញ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុ​រ៉​ង់ ឧត្តមសេនីយ៍ DEHGHAN ថ្លែង​កាលពី​ថ្ងៃ​ទី​២០ សីហា ថា យើង​បាន​សម្រេច​កសាង​ប្រព័ន្ធ​ការពារ​អាកាស​មួយ​ដែល​យើង​ហៅ​ឈ្មោះ​ថា BAVAR 373​។ ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​ដូច S-300 ដែរ ។

រួច​កាលពី​ខែឧសភា លោក​ធ្លាប់​ថ្លែង​ថា ប្រព័ន្ធ​ការពារ​នេះ​អាច​កម្ទេច​បណ្តា​មី​ស៊ី​ល​បណ្តែត យន្តហោះ​គ្មាន​មនុស្ស​បើក យន្តហោះ​ប្រយុទ្ធ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក ហើយ​អាច​កម្ទេច​គោលដៅ​ជា​ច្រើន​ក្នុង​ពេល​ជាមួយ​គ្នា ៕