​សុទ្ធតែ​ប៉េអឹម! ផ្អើលផ្សារវាលយន្ត ព្រោះ​មាន…

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥​នាក់​ ពី​បទ​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា នៅ​ខាង​ត្បូង​ផ្សារ​វាល​យន្ត ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊ិ​ន ចំប៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប នៅ​ខាងកើត​ស្ពាន​ទន្លៀ​ង ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង រួច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់់ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង ។ 

បន្ទាប់​ពី​ឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ​ក៏​បា​នប​ញ្ចូ​ន​ជនសង្ស័យ​រូប​នេះ​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត​ដើម្បី​សាកសួរ ហើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​យក​ទៅ​លក់​បន្ត​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​ចំនួន​៤​នាក់​ទៀត​មាន ១-​ឈ្មោះ រិ​ន ស្រី​រ័​ត្ន ភេទ​ស្រី ទីលំនៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ២-​ឈ្មោះ ម៉ី រិ​ទ្ធ ភេទ​ប្រុស ទីលំនៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ៣-​ឈ្មោះ ខៃ ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ៤-​ឈ្មោះ យង់ ពេជ្រ​ឌី​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ។

មន្ត្រី​ដដែល​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​ទទួល​ចម្លើយ​សារភាព​ពី​ជនសង្ស័យ កងកម្លាំង​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដែល​មានការ​ពាក់ព័ន្ធ​ទាំងនោះ​ភ្លាម​ៗ​ដែរ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៨​កញ្ចប់​(​ធំ​១​កញ្ចប់​តូច​៧​កញ្ចប់​) ទូរ​ស័ព្ទ​ចំនួន​៤​គ្រឿង នាឡិកា​ចំនួន​១​គ្រឿង និង​លុយ​ចំនួន​៧​ម៉ឺន​រៀល ៕