វិធី​សង្គ្រោះ​បន្ទាន់ ពេល​មនុស្ស​លង់ទឹក

រាជធានី​ភ្នំពេញ ៖ ការ​ជិត​ស្លាប់​ដោយសារ​លង់ទឹក តម្រូវ​ឱ្យ​មានការ​ជួយ​សង្គ្រោះ​បន្ទាន់ មុន​នឹង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​បែប​ទំនើប​។ នៅ​ពេល​លង់ទឹក ទឹក​កម្រ​ចូល​ទៅ​សួត​ក្នុង​បរិមាណ​ច្រើន​ណាស់ ពីព្រោះ​នៅ​ពេល​ប៉ះ​នឹង​វត្ថុ​រាវ ការ​កន្ត្រាក់​បំពង់ក​កើតឡើង​ភ្លាម ហើយ​ការ​កន្ត្រាក់​ទាំងនេះ​នឹង​បិទផ្លូវ​ដង្ហើម​ពី​មាត់ និង​ច្រមុះ​តែ​ម្តង ។

១-​អាទិភាព​ដំបូង​បំផុត​នៅ​ក្នុង​ការ​គ្រប់គ្រង​ជន​រង​គ្រោះ​លង់ទឹក គឺ​អ្នក​ជួយ​សង្គ្រោះ​គួរ​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​កើត​មាន​របួស​នៅ​ត្រង់​ឆ្អឹងខ្នង​របស់​ជន​រង​គ្រោះ ប្រសិនបើ​ទាក់ទង​នឹង​ការ​គ្រោះថ្នាក់​ដោយ​ការ​លោត ឬ​មុជទឹក​រក​អ្នក​រង​គ្រោះ​ដើម្បី​ស្រង់​ចេញពី​ទឹក អ្នក​សង្គ្រោះ​គួរ​ប្រើ​ក្តារបន្ទះ​រឹង​ជា​ជំនួយ ។

២-​ដើម្បី​ជៀសវាង​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពី​ការ​ខ្វះ​អុក​ស៊ី​សែន យើង​ត្រូវ​នាំ​ជន​រង​គ្រោះ​ឱ្យ​បាន​លឿន​មក​ខាងលើ​ផ្ទៃ​ទឹក ។ ទោះបីជា​អ្នក​លង់ទឹក​មិន​ទាន់​ត្រូវ​បាន​យក​ចេញពី​ផ្ទៃ​ទឹក​ក៏​ដោយ ក៏​យើង​ត្រូវ​ចាប់ផ្តើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត និង​កុំ​ផ្តាច់​ខ្យល់​សិប្បនិម្មិត​រហូត​ដល់​អ្នក​លង់ទឹក​ត្រូវ​បាន​យក​មក​ដល់​ច្រាំង ។

៣-​នៅ​លើ​ដីគោក​អ្នក​សង្គ្រោះ​អាច​ទាញ​ត្រឡប់​ជន​រង​គ្រោះ​ទៅ​ខាងឆ្វេង​តែ​ធ្វើ​យ៉ាងណា​កុំឱ្យ​ឆ្អឹងខ្នង​មាន​ចលនា​ខ្លាំង​ពេក ដើម្បី​ឱ្យ​ទឹក​កំអួត​ចេញពី​ផ្លូវដង្ហើម​ហូរ​មក​ក្រៅ ហើយ​ប្រសិនបើ​នៅ​មាន​សំណល់​កំអួត​គួរតែ​អ្នក​ជួយ​សង្គ្រោះ​បឺត​សម្អាត​ឱ្យ​អស់ពី​ផ្លូវដង្ហើម​បាន​ឆាប់រហ័ស និង​ចាប់ផ្តើម​ធ្វើការ​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ឡើង​វិញ​រហូត​ដល់​ដង្ហើម​របស់​អ្នក​លង់ទឹក​ដំណើរការ​ឡើង​វិញ ។
៤-​ប្រសិនបើ​ជន​រង​គ្រោះ​គ្មាន​ជីពចរ​ទេ ការ​ធ្វើ​ចលនា​បេះដូង និង​សួត​ត្រូវ​ចាប់ផ្តើម​ភ្លាម​ៗ​ ។ការ​ធ្វើ​ចលនា​បេះដូង និង​សួត​ក្នុង​ពេល​ពីរ​-​បី​នាទី​ដំបូង ក្រោយ​ពី​ការ​គាំងបេះដូង​គឺជា​ការ​ព្យាករ​មួយ​យា​៉​ង​សំខាន់​នៃ​ការ​រស់រាន​មានជីវិត​របស់​អ្នក​លង់ទឹក​។

ប្រសិនបើ​ការ​ប៉ោង​ក្រពះ​ប៉ះពាល់​ដល់​ការ​បញ្ចូល​ខ្យល់​សិប្បនិម្មិត អ្នក​សង្គ្រោះ​គួរតែ​ដាក់​ជន​រង​គ្រោះ​ឱ្យ​ដេក​ផ្អៀង​ទៅ​ខាងឆ្វេង ហើយ​គួរ​បន្ត​វិធានការ ជួយ​សង្គ្រោះ​នៅ​ពេល​ដែល​អ្នក​លង់ទឹក​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​ពួក​គេ​អាច​ទទួល​បានការ​ជួយ​សង្គ្រោះ​ជីវិត​បែប​ទំនើប​ពេញលេញ ៕