កង​យន្តហោះ​បារាំង​វាយប្រហារ​លើ​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​រ៉ា​កា​ស៊ី​រី

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​បារាំង​គូសបញ្ជាក់​ថា កង​យន្តហោះ​បារាំង​កាលពី​ថ្ងៃ​ទី​២១ សីហា បាន​វាយប្រហារ​លើ​ទីតាំង​ទាំងឡាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​រ៉ា​កា​ស៊ី​រី ដោយ​បណ្តាល​ឱ្យ​ពួក​ភេរវ​ករ​រង​ការ​បាត់បង់​សម្ភារ​ធ្ងន់ធ្ងរ ។

ការ​វាយប្រហារ​នេះ​របស់​បារាំង​សំដៅលើ​ទីតាំង​ស្តុក និង​ជួសជុល​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ សេចក្តី​ប្រកាស​រៀបរាប់​ថា ការ​វាយឆ្មក់​នេះ​ចូលរួម​ដោយ​យន្តហោះ​ប្រដេញ​ធុន RAFALE ៤​គ្រឿង យន្តហោះ​ធុន MIRAGE 2000 ចំនួន​៤​គ្រឿង ព្រមទាំង​យន្តហោះ ATLANTIQUE-2 មួយ​គ្រឿង ។ គ្រាប់​មី​ស៊ី​ល​បណ្តែត​ធុន SCALP ប្រមាណ​ជា​១០​គ្រាប់​បាន​កម្ទេច​ទីតាំង​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​រ៉ា​កា​ត្រួតត្រា ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​របស់​ក្រុមចម្រុះ​អន្តរជាតិ​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​តាម​ជើង​គោក​របស់​កងទ័ព​អីុ​រ៉ា​ក់ និង​ពួក​យុទ្ធ​ជន​ឃើ​ត​ជិត​ក្រុង​ម៉ូ​ស​ស៊ុ​ល​អីុរ៉ាក់។ ការ​វាយប្រហារ​ទាំងនោះ​ក៏​កម្ទេច​ប៉ុស្តិ៍​ប្រយុទ្ធ និង​កន្លែង​លាក់​អាវុធ​ជា​ច្រើន ព្រមទាំង​បណ្តា​ទីតាំង​ផលិត​គ្រឿងផ្ទុះ និង​អាវុធ​ធុន​ធ្ងន់ ។ វា​រួមចំណែក​ដល់​ការងារ​រៀបចំ​ការ​ប្រយុទ្ធ ដើម្បី​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​អីុ​រ៉ា​ក់ និង​ក្រុង​រ៉ា​កា​ស៊ី​រី ។

កង​យន្តហោះ​បារាំង​តែង​ធ្វើការ​វាយប្រហារ​លើ​តំបន់​នានា​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕