មូលហេតុ​៦យ៉ាង​ដែល​អ្នក​គួរ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

ការ​គេង ពិត​ជា​ចាំ​បាច់​ខ្លាំង​ណាស់​សម្រាប់​សុខភាព និង​សុខុមាលភាព​របស់​យើង។ បើ​ការ​គេង​នៅ​ពេល​យប់​មិន​គ្រប់​គ្រាន់​ទេ រាង​កាយ​របស់​អ្នក​នឹង​មិន​អាច​ដំណើរ​ការ​បាន​ធម្មតា​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​ប្រសិន​បើ​អ្នក​មិន​បាន​គេង​ពេល​យប់​ទេ អ្នក​នឹង​មាន​សភាព​វង្វេង​វង្វាន់​ស្មារតី ហើយ​គ្មាន​ថាមពល​គ្រប់​គ្រាន់​នៅ​ពេល​ថ្ងៃ។ ជា​មួយ​គ្នា​នេះ​ដែរ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង គឺ​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​អ្នក។

 

មូលហេតុ​៦យ៉ាង​ដែល​អ្នក​គួរ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

 

១) ជួយ​ឲ្យ​ការ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ

អង់ស៊ីម​រំលាយ​អាហារ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រពះ និង​លំពែង។ នៅ​ពេល​ដែល​អ្នក​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ក្រពះ និង​លំពែង ផ្អៀង​ទៅ​​ទីតាំង​ល្អ និង​មាន​កន្លែង​គ្រប់​គ្រាន់​ដើម្បី​អនុវត្ត​ការ​រំលាយ​អាហារ។

 

២) ជំរុញ​ការ​កម្ចាត់​កាក​សំណល់​ឲ្យ​កាន់​តែ​ប្រសើរ

រាង​កាយ ធ្វើ​ការ​កម្ចាត់​កាក​សំណល់​តាម​រយៈ​ពោះវៀន។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ធ្វើ​ឲ្យ​មាន​កម្លាំង​ទំនាញ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អាហារ ក្នុង​ការ​ផ្លាស់​ទី​តាំង​ពី​ពោះវៀន​តូច ទៅ​ពោះវៀន​ធំ។

 

៣) កាត់​បន្ថយ​អាការ​ក្តៅ​ទ្រូង

ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង អាច​ធ្វើ​ឲ្យ​ចាល់​ជាតិ​អាស៊ីត​នៅ​ក្នុង​រាង​កាយ និង​អាច​ជួយ​កម្ចាត់​អាស៊ីត​ដែល​មាន​ស្រាប់​យ៉ាង​ឆាប់​រហ័ស។ ការ​គេង​ខុស​ទីតាំង អាច​បណ្តាល​ឲ្យ​កើត​មាន​ការ​ក្រហាយ ឬ​ក្តៅ​ទ្រូង និង​ភាព​មិន​ស្រណុក​ផ្សេង​ទៀត ដោយ​សារ​តែ​វា​អនុញ្ញាត​ឲ្យ​អាស៊ីត​ក្រពះ ចូល​ទៅ​ក្នុង​បំពង់​អាហារ។

 

៤) បំបាត់​អាការ​ឈឺ​ខ្នង

ប្រសិន​បើ​អ្នក​ឈឺ​ខ្នង សូម​កុំ​គេង​ផ្ងារ ព្រោះ​វា​មិន​មែន​ជា​ទីតាំង​ល្អ​សម្រាប់​អ្នក​ឡើយ។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ឬ​ស្តាំ នឹង​បញ្ចេញ​សម្ពាធ​ពី​ឆ្អឹង​ខ្នង ហើយ​កាត់​បន្ថយ​អាការ​ឈឺ​ខ្នង ប៉ុន្តែ​ការ​ជ្រើស​រើស​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត។

 

៥) បំបាត់​អាការ​ប៉ោង ឬ​ហើម​សរសៃ

ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផង​ដែរ សម្រាប់​អ្នក​ដែល​មាន​អាការ​ប៉ោង ឬ​ហើម​សរសៃ ជាពិសេស​អវយវៈ​ផ្នែក​ខាង​ក្រោម។ វា​អាច​ជួយ​បណ្តេញ​សម្ពាធ​ចេញ​ពី​សរសៃ​ធំ Vena Cava ដែល​មាន​ទីតាំង​នៅ​ផ្នែក​ខាង​ស្តាំ​នៃ​រាងកាយ។ សរសៃ​មួយ​នេះ​ដឹក​នាំ​ឈាម​ពី​ផ្នែក​ខាង​ក្រោម​នៃ​ពាក់​កណ្តាល​រាងកាយ ទៅ​កាន់​បេះដូង។

 

៦) ជួយ​ឲ្យ​គេង​លក់​ស្កប់​ស្កល់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ

ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង អាច​ទប់​ស្កាត់​ថ្លើម​ពី​ការ​ដាក់​សម្ពាធ​ទៅ​លើ​ស្បូន និង​ជំរុញ​ចរាចរ​ឈាម​ដែល​រត់​ទៅ​រក​វា​ឲ្យ​កាន់​តែ​ប្រសើរ។ វា​ក៏​ជួយ​ឲ្យ​ឈាម ហូរ​បាន​យ៉ាង​ល្អ​ទៅ​កាន់​ទារក ហើយ​ជួយ​បំបាត់​អាការ​ឈឺ​ខ្នង និង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ទៀត​ផង។

 

អត្ថប្រយោជន៍​ពី​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ពិត​ជា​មាន​ច្រើន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​គេង​ទីតាំង​ដដែល​បាន​ពេញ​មួយ​យប់​នោះ​ទេ។ ប្រសិន​បើ​អ្នក​មិន​មាន​ការ​ឈឺ​ចាប់​ពេល​គេង​ផ្ងារ អ្នក​អាច​គេង​ផ្ងារ ២ ទៅ ៣​ម៉ោង​បាន។ មនុស្ស​ដែល​មិន​ភ្ញាក់​ក្នុង​អំឡុង​ពេល​យប់ គឺ​ពិបាក​គ្រប់​គ្រង​ទីតាំង​ខ្លាំង​ណាស់ ដូច្នេះ​មុន​ពេល​អ្នក​គេង​លក់ សូម​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ឲ្យ​ហើយ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ healthytipsworld