ពេជ្រ សីហា និង សរ រាជសីហ៍ វាយថៃឡើងទ្រម មុនប៉ះគ្នានៅវគ្គ១/២ផ្តាច់ព្រ័ត្រ(មានវិដេអូ)

អ្នកប្រដាល់កម្ពុជា ពេជ្រ សីហា និង សរ រាជសីហ៍ ដែលជាបេក្ខភាពដណ្តើមខ្សែក្រវាត់គោជល់ ទម្ងន់៦៩គីឡូក្រាម នៅសង្វៀន PNN បានយកឈ្នះដោយពិន្ទុដាច់លើកីឡាករថៃដូចគ្នា កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលអ្នកទាំង២នេះ ត្រូវឡើងទៅជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅដើមខែកញ្ញា។

mm1

អ្នកលេងកណ្តាប់ដៃ ពេជ្រ សីហា ស្ទើរតែអាចផ្តួលកីឡាករថៃ Sumaee ឲ្យសន្លប់នៅក្នុងអំឡុង៣ទឹកទៅហើយ ប៉ុន្តែបញ្ហារបួសនៅត្រង់កណ្តាប់ដៃស្តាំរបស់គេ ហាក់បានកាត់បន្ថយនៅទម្ងន់វាយចេញរបស់គេ។ សីហា បានគ្រប់គ្រងការប្រកួតយ៉ាងល្អបំផុត តាមរយៈការការចេញយ៉ាងមានប្រសិទ្ធភាពរបស់គេ។

mm2

ពេជ្រ សីហា បានម៉ាត់ចូលមុខ និងដងខ្លួនរបស់ Sumaee ជាច្រើនលើក ហើយការវាយកែងស្តាំចូលពេញរបស់គេ បានបណ្តាលឲ្យ Sumaee ឡើងសឺ និងត្រូវបានអាជ្ញាកណ្តាលរាប់ភ្លាមៗ នៅចុងទឹកទី៣។ យ៉ាងណាក៏ដោយថៃម្នាក់នេះ នៅអាចបង្ហាញកាយវិការរាំរែកបែបឌឺដាក់ សីហា នឹងព្យាយាមជម្នះចូលម៉ាត់ វាយកែង និងបុកជង្គង់ ប្តូរជាមួយ សីហា រហូតចប់ទឹកទី៥ ដោយបានត្រឹមចាញ់ពិន្ទុប៉ុណ្ណោះ។

mm3

ចំណែកអ្នកប្រដាល់មានពីខេត្តបាត់ដំបង សរ រាជសីហ៍ បានតាមទាត់ ម៉ាត់ និងវាយកែងទៅលើកីឡាករថៃ Ma Nawthong Net Nam Chay ស្ទើរ៥ទឹកពេញ។ តាមរយៈការប្រកួតនោះ រាជសីហ៍ បានវាយចំគោលដៅយ៉ាងច្រើន ដើម្បីយកប្រៀបលើថៃម្នាក់នេះស្ទើរគ្រប់ទឹក ប៉ុន្តែវាជារឿងដ៏គួរឲ្យសោកស្តាយមួយដែរ ដែលថៃម្នាក់នេះ នៅតែអាចវាយតបរហូតដល់ចប់៥ទឹកពេញ ហើយបានចាញ់ត្រឹមពិន្ទុដាច់នោះ។

mm4

ជ័យជម្នះរបស់ ពេជ្រ សីហា និង សរ រាជសីហ៍ ក្នុងការប្រកួតមិត្តភាពជាមួយកីឡាករថៃលើកនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា នៅសង្វៀនផ្ទាល់ ហើយការឈ្នះក្នុងថ្ងៃតែមួយនេះ បានធ្វើឲ្យការត្រៀមជួបគ្នារបស់អ្នកទាំង២ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ក្លាយជាការប្រកួតមួយ ដែលអ្នកទស្សនាភាគច្រើន កំពុងរងចាំទស្សនា ដើម្បីបានដឹងថា តើ សីហា ឬក៏ រាជសីហ៍ ដែលទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ?

mm5
mm6

ពេជ្រ សីហា​ និង កីឡាករថៃ Sumaee

សរ រាជសីហ៍​​ និង កីឡាករថៃ Ma Nawthong

The post ពេជ្រ សីហា និង សរ រាជសីហ៍ វាយថៃឡើងទ្រម មុនប៉ះគ្នានៅវគ្គ១/២ផ្តាច់ព្រ័ត្រ(មានវិដេអូ) appeared first on CamboSport.