ផ្អើល​ស្រុក​បន្ទាយមាស ! សត្វ​ប្រចៀវ​ជា​ច្រើន​ហើរ​ចេញពី​រូងភ្នំ

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស​មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ខណៈ​សត្វ​ប្រចៀវ​ជា​ច្រើន​បាន​ហើរ​ចេញពី​រូងភ្នំ​កៀន​ជុំ ស្ថិត​នៅ​ជួរ​ភ្នំ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ​មាស ខេត្តកំពត កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ រយៈពេល​ជាង​២​ម៉ោង​ទម្រាំ​តែ​ហើរ​ចេញ​អស់ ។

លោក លាង ប៊ុល អ្នកយាម​ប្រចៀវ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​គ្នា​៣​នាក់​ជា​អ្នក​មើលថែ​ប្រចៀវ ព្រោះ​សព្វ​ថ្ងៃនេះ​មាន​ជនខិលខូច​មួយ​ចំនួន​តែងតែ​លួច​ចាប់​ប្រចៀវ​យក​ទៅ​លក់ ប៉ុន្តែ​ចាប់​មិន​បាន​ច្រើន​ទេ ដោយសារ​ការ​ចាប់​នេះ​ត្រូវ​ប្រថុយ​គ្រោះថ្នាក់ ។ លោក​បន្ត​ថា អ្នកយាម​ប្រចៀវ​ដូច​ជា​ពួក​គាត់​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់​ដែរ ព្រោះ​រូង​ប្រចៀវ​មាន​កម្ពស់​ដល់​ទៅ​ជាង​២០០​ម៉ែត្រ​ឯណោះ ។

អ្នក​ថែរក្សា​ប្រចៀវ​រូប​នោះ​បញ្ជាក់​ថា ពួក​គាត់​ទាំង​៣​នាក់​មិន​បាន​ទទួល​ប្រាក់ខែ​ពី​ស្ថាប័ន ឬ​អង្គភាព​ណា​ទេ គឺ​ពួក​គាត់រ​ស់បាន​ដោយសារ​ការ​កើប​អាចម៍​ប្រចៀវ​លក់​ប៉ុណ្ណោះ ពោល​គឺ​ក្នុង​១​យប់​ៗ​អ្នក​ភូមិ ព្រមទាំង​រូប​គាត់​អាច​ប្រមូល​អាចម៍​ប្រចៀវ​បាន​រហូត​ដល់​ទៅ​៣៥​តៅ​ឯណោះ ដែល​ក្នុង​១​តៅ​អាច​លក់​បាន​ពី​៩​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល ។
ប្រភព​ពី​បុរស​ម្នាក់​ដែល​មានផ្ទះ​នៅ​ជិត​រូង​ប្រចៀវ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​សត្វ​ប្រចៀវ​តែងតែ​ហើរ​ចេញពី​រូង​នៅ​ម៉ោង​ប្រមាណ​៦​ល្ងាច ទំនងជា​ហើរ​ទៅ​រក​ចំណី​នៅ​ប្រទេស​វៀតណាម ហើយនឹង​វិល​មក​វិញ​នៅ​ម៉ោង​ប្រមាណ ៣ ឬ​៤​ទៀប​ភ្លឺ ។

លោក គា​ម ទិព្វ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា នៅ​ខេត្តកំពត​មាន​រូងភ្នំ​ចំនួន​២​ដែល​មាន​ប្រចៀវ​រស់នៅ គឺ​ភ្នំ​ល្អាង ក្នុងស្រុក​ដងទង់ និង​ភ្នំ​កៀន​ជុំ ក្នុងស្រុក​បន្ទាយមាស ៕