ក្រឡេក​មើល! យុវជនពិការម្នាក់តស៊ូប្រឡងបាក់ឌុប ដើម្បីក្តីសុបិន្ត

ខេត្តព្រៃវែង ៖ យុវជន​ពិការ​ដៃ​ទាំង​២ម្នាក់ បាន​តស៊ូ​រៀន​រហូត​ចប់ថ្នាក់​ទី​១២ ហើយ​ពេល​ប្រឡង​ជាប់ គឺ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ ។ យុវ​ជន​ឈ្មោះ​បួន គុន អាយុ​២២​ឆ្នាំ ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​រាប់​ពាន់​នាក់​ទៀត ដែល​កំពុង​ចូលរួម​ប្រឡង​សញ្ញាបត្រ ទុតិ​យ​ភូមិ នៅ​ថ្ងៃ​ទី​២២ ​និង​២៣​ សីហា ២០១៦​ ស្ថិតនៅ​ក្នុង​មណ្ឌល​ព្រៃវែង​ក្រុង ​។

យុវជន​ បួន គុន មាន​ទីលំនៅ​ក្នុងភូមិ​ស្ពឺ​«ក​» ខាងកើត ឃុំ​ស្ពឺ​«ក​» ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង រូបគេ​មាន​តែ​ជើង​អត់​មាន​ដៃ​នោះ​ទេ តាំងពី​កំណើត​មក​ម្ល៉េះ ប៉ុន្តែ​ដោយ​ទឹកចិត្ត​ស្រលាញ់​ការ​សិក្សា​ រូបគេ​បាន​ខិតខំ​តស៊ូ​រៀនសូត្រ រហូត​បាន​​បញ្ចប់​ថ្នាក់​ទី​១២ និង​បាន​ចូល​​ប្រឡង​យកស​ញ្ញាប​ត្រ​ទុតិយភូមិ ដូច​សិស្ស​ដទៃ​ទៀត​ដែរ​ ។

បើ​ទោះបីជា​យុវជន បួន គុន អត់​មាន​ដៃ ហើយ​ត្រូវ​ប្រើ​ជើង​យ៉ាង​លំបាកយ៉ាងណា សម្រាប់​ធ្វើកិច្ចការ​ផ្សេង​ៗ​ជំនួសដៃ រួម​ទាំង​ការ​កាន់​ប៊ិ​ច សរសេរ​អក្សរ​ផង​នោះ ប៉ុន្តែ​រូបគេ​នៅ​តែ​អាច​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​ទាំងនោះ​ ។ ជា​ពិសេស​​នោះ ក្រោយ​ពី​ចូលរួម​ប្រឡង បាន​មួយ​ព្រឹក រូបគេ​​​អះអាង​ និងសង្ឃឹម​ជាប់​៦០% ហើយ​បើសិនជា​រូបគេ​ប្រឡង​ជាប់​មែន​នោះ ក្តី​បំណង​ទៅ​ថ្ងៃ​អនាគត​ គឺរូប​គេ​ចង់​ធ្វើ​ជា​គ្រូបង្រៀន​ ។