មង្គលការ នី មុនីនាថ ដើមឆ្នាំថ្មី ម្តាយចង់ធ្វើឲ្យភ្ញាក់ផ្អើល

ភ្នំពេញ: បំបែកភាពលាក់លៀមពីម្តាយបង្កើតចំពោះមង្គលការកូនស្រី កញ្ញា នី មុនីនាថ ក្រោយហេតុផលដដែលថា បើមានពិធីនេះមែនមិនលាក់ទេ ពេលនេះក៏ត្រូវទម្លាយពីអ្នកសិល្បៈថា គ្រួសារនី មុនីនាថ ត្រៀមស្វាគមន៍រួចរាល់ហើយសម្រាប់ថ្ងៃដ៏ពិសិដ្ឋនោះ ទាំងការកក់កន្លែងរៀបទទួលភ្ញៀវក៏រួចរាល់ហើយដែរខណៈពិធីនឹងលេចជារូបរាងនៅដើមឆ្នាំ ២០១៧ ខាងមុខនេះ។ ទាំងម្តាយនាង នី មុនីនាថ ពោលថា ថ្ងៃនោះចង់ឲ្យមានភាពភ្ញាក់ផ្អើលខ្លាំង។

ទំនាក់ទំនងស្នេហាឆ្លងទ្វីប រវាងបុប្ផាក្រុងភ្នំពេញរីកលើវិថីសិល្បៈ កញ្ញា នី មុនីនាថ និងកន្លង់ដើមកំណើតខ្មែរ ផ្ញើប្រាណលើទឹកដីមហាអំណាច អ៊ុង សូឡាង បានដុះពន្លកឡើងច្រើនឆ្នាំហើយ ទាំងមានវត្តមានបណ្តើរគ្នាត្រសងបង្អួតភ្នែកមហាជនខ្មែរទាំងនៅសហរដ្ឋអាមេរិក នៅប្រទេសកំណើត កណ្តាលក្រុង និងតាមទីជនបទដាច់ស្រយាល។ ប៉ុន្តែម្តាយតារាសម្តែងស្រីរូបនេះក៏ធ្លាប់ព្យាយាមកែស្ថានភាពថា ពួកគេនៅត្រឹមជាអ្នករាប់អានគ្នាធម្មតា ក្នុងដំណាក់កាលសិក្សាចិត្តថ្លើមគ្នាសិន ហើយអ្នកស្រីក៏ច្រានចោលដាច់អហង្ការផងដែរនូវដំណឹងកូនស្រីចូលរោងការនោះ។

តែយ៉ាងណាពេលនេះក៏មានមិត្តភក្តិដែលជិតស្និទ្ធជាមួយក្រុមគ្រួសារតារាជាប់ងារកំពូលទឹកភ្នែក បានបង្ហើបប្រាប់ថា ពិធីប្រពៃណី បញ្ចប់ភាពនៅលីវរបស់កញ្ញា នី មុនីនាថ បានត្រៀមរួចរាល់អស់ហើយ ជាមួយគូដណ្តឹងអាណិកជនអាមេរិកនោះ។

ប្រភពដែលលើកឡើង ពេលនេះម្តាយនាង ក៏ទំនងនឹងមិនលាក់បាំងដូចមុនទៀតទេ ព្រោះដល់ពេលបង្ហាញហើយដែរ។ ពួកគេក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ «ឱកាសក្រាបផ្ទឹមនឹងអាណិកជនអាមេរិក របស់ នី មុនីនាថ នឹងខិតមកនៅនឹងដើមឆ្នាំ ២០១៧ ខាងមុខនេះ»។

ប្រភពបានបង្ហើបទៀតថា៖ «នី មុនីនាថ ត្រៀមរៀបការនៅដើមឆ្នាំក្រោយនេះ ជាមួយអ្នកសហរដ្ឋអាមេរិកលោក អ៊ុង សូឡាង។ ពេលនេះដែរ ក្រុមគ្រួសាររបស់នាងក៏បានកក់ទីតាំងរួចរាល់អស់ហើយ»។

ការបង្ហើបនោះ នៅមិនបានបញ្ជាក់ពីវេលាជាក់លាក់ទេ ប៉ុន្តែគេបានបញ្ជាក់ថា ពិធីរៀបការ នី មុនីនាថ មានការរៀបចំអធិកអធមស័ក្តិសមជាមួយកិត្តិយសរបស់នាង និងអនាគតស្វាមី ដែលជាអ្នកមានទ្រព្យសម្បត្តិគួរសម»។

ព្រមជាមួយការទម្លាយវេលាជ័យដែលនឹងខិតចូលមកដល់នោះ នៅក្នុងបណ្តាញសង្គម ទាំងក្នុងគណនីហ្វេសប៊ុកនិងទាំងក្នុងអ៊ីនស្តាក្រាម កន្លង់ឆ្លងទ្វីប ផ្ញើប្រាណលើទឹកដីមហាអំណាច លោក អ៊ុង សូឡាង សុទ្ធតែមានដាក់រូបថតស្និទ្ធស្នាលរវាងលោកនិងកញ្ញា នី មុនីនាថ។ បន្ថែមនោះ មានសរសេរបង្ហោះទំនងជាក្នុងក្តីអន្ទះសា ទន្ទឹងថ្ងៃរៀបការឲ្យមកដល់ឆាប់ៗ ដោយសរសេរថា «Time will come and I’ll be always waiting»។

ទោះបីមានតម្រុយច្បាស់គួរសមយ៉ាងនេះហើយក្ដី ក៏ ចម្លើយពីម្តាយតារាសម្តែងរូបនេះ មិនខុសពីការឆ្លើយតបនឹងលើកមុនៗនោះទេ ដែលតែងប្រាប់តបមកវិញថា ពេលនេះមមាញឹកការងារសិល្បៈថតច្រើន មិនមានពេលឆ្លើយប្រាប់។

ប៉ុន្តែឆ្លើយតបនឹងការទម្លាយថា កូនស្រីរៀបការដើមឆ្នាំ ២០១៧ នេះ ថ្លែងទាំងសំណើចផ្ទុះឡើងកក្អឹកនោះ អ្នកស្រីប្រាប់ថា៖ «មិនទាន់និយាយ ចង់លាក់សិន ដោយថាចាំដល់ថ្ងៃរៀបការគឺភ្ញាក់ផ្អើលតែម្តង»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts