គួរឲ្យច្រណែន! Ken មិត្តប្រុសសំណព្វចិត្តនាង Esther កាន់បាច់ផ្កាយ៉ាងធំ ចូលរួមអបអរ ថ្ងៃបញ្ចប់ការសិក្សា!

ថៃ៖ គួរឲ្យដឹងថា កាលពីម្សិលមិញនេះ តារាសម្តែងស្រីកំពុងពេញនិយម នាង Esther បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាជាស្ថាពរហើយ ដោយក្នុងនោះ នាងទទួលបាន ពាក្យជូនពរ និងការអបអរសាទរជាច្រើនពីសំណាក់ ក្រុមគ្រួសារ មិត្តភក្តិ ព្រមទាំងអ្នកគាំទ្រជាច្រើនផងដែរ។

ជាការពិតណាស់ ប៉ុន្តែអ្វីដែលពិសេសទៅទៀតនោះ យើងសង្កេតឃើញថា មានវត្តមានមនុស្សសំខាន់ម្នាក់ ហើយក៏ជាម្ចាស់បេះដូងរបស់នាង Esther នោះគឺលោក Ken ក៏បានមកចូលរួមអបអរសាទរ នៃការបញ្ចប់ការសិក្សារបស់នាងផងដែរ។ លើសពីនេះ លោកក៏បានកាន់បាច់ផ្កា Huff មួយបាច់ធំ ជូនទៅកាន់សង្សារសំណព្វចិត្ត របស់លោក ព្រមទាំងមានការថតរូបជាមួយគ្នា យ៉ាងផ្អែមល្អែមជាច្រើនបុស្តិ៍ថែមទៀតផង។

យោងតាមសកម្មភាពទាំងនេះហើយ អាចបញ្ជាក់បានថា សម្ព័ន្ធភាពស្នេហារវាងអ្នកទាំង២ នៅតែមានភាពរឹងមាំ និងយល់ព្រមបើកចំហស្នេហាជាសាធារណៈ ដោយដើរទៅណាមកណា ជាលក្ខណៈគូស្នេហ៍យ៉ាងពេញមុខពេញមាត់ ដូចជាគូស្នេហ៍ទូទៅ ពីព្រោះថាស្នេហារបស់អ្នកទាំង២នាក់នេះ ត្រូវបានទទួលស្គាល់និង គាំទ្រយ៉ាងពេញទំហឹង ពីក្រុមគ្រួសារទាំង២សងខាង ព្រមទាំងអ្នកគាំទ្ររបស់ពួកគេផងដែរ៕

ប្រភព៖GosspiStar

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងគួរឲ្យស្រលាញ់ កញ្ញា Esther បានប្រកាសជាផ្លូវការថា ក្រោយពីមើលចិត្តគ្នាអស់មួយរយៈពេលមក បច្ចុប្បន្ននាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងប្រុស ប្រចាំប៉ុស្តិ៍លេខ៣ថៃ គឺលោក Ken ដែលដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិននឹកស្មានដល់ផងដែរ។

គួរឲ្យដឹងថា បន្ទាប់ពីទំនាក់ទំនងស្នេហារបស់ពួកគេ ត្រូវបានប្រកាសជាសាធារណៈរួចមក កញ្ញា Esther ទទួលបានការរិះគន់មួយចំនួនពីសំណាក់អ្នកគាំទ្រ ជាពិសេសប្រិយមិត្តដែលតែងចង់ឃើញនាងនៅជាមួយលោក Sean និងស្រលាញ់គ្នានៅក្នុងជីវិតពិត ទាំងដែលលោក Sean និងកញ្ញា Esther បានបញ្ជាក់ជាច្រើនលើកច្រើនសារ រួចមកហើយថា ពួកគេមិនបានស្រលាញ់គ្នានោះទេ ពួកគេស្រលាញ់ និងរាប់អានគ្នាចាត់ទុកដូចជាប្អូនបង និងមិត្តរួមការងារតែប៉ុណ្ណោះ។

មិនថាយ៉ាងណា បន្ទាប់ពីមតិរិះគន់បានរីករាលដាលមក កញ្ញា Esther នាងបានឆ្លើយតបឲ្យដឹងផងដែរថា នាងមិនខ្វល់អំពីមតិរិះគន់អ្វីទាំងអស់ សំខាន់នាងមានសេចក្តីសុខចំពោះអ្វីដែលនាងកំពុងធ្វើ ហើយបើនាងនៅតែខ្វល់ និងខ្លាចការរិះគន់ពីមនុស្សនៅជុំវិញខ្លួនទៀតនោះ ជីវិតនាងនឹងមិនអាចផ្លាស់ប្តូរ ឲ្យមានសេចក្តីសុខ ដូចអ្វីដែលនាងប្រាថ្នាបាននោះឡើយ។ 

នាងបន្តឲ្យដឹងទៀតថា ចំណែករឿងស្នេហារវាងនាង និងលោក Ken សូមកុំយកលោក Sean មកពាក់ពន្ធ័ ព្រោះថានាងនិងគាត់មិនមានទំនាក់ទំនងអ្វីលើសពីការលើកឡើងខាងដើមនោះទេ។

ទោះយ៉ាងណា ស្នេហារវាងកញ្ញា Esther និងលោក Ken ត្រូវបានគ្រួសារទាំងសងខាងដឹងលឺ និងយល់ព្រមឲ្យពួកគេស្រលាញ់គ្នា យ៉ាងបើកចំហទៀតផង ដូច្នោះហើយទើបធ្វើឲ្យស្នេហារបស់ពួកគេ កាន់តែមានភាពរឹងមាំ ដោយពេលដែលចង់ទៅណាមកណា មិនបាច់ខ្លាចក្រែង អ្វីតទៅទៀតឡើយ។

បន្ថែមពីនេះ មិនថា Esther នាងស្រលាញ់ទាក់ទងនរណានោះទេ ប៉ុន្តែអ្នកគាំទ្រភាគច្រើនរបស់នាងគឺនៅតែនៅក្បែរ និងរង់ចាំគាំទ្រនាងជានិច្ច ហើយក៏សូមជូនពរឲ្យអ្នកទាំង២ស្រលាញ់គ្នា ឲ្យបានយូរអង្វែងផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload