សង្កាត់​ថ្មី​នៅ​​​​ក្រុង​​​​ភ្នំពេញ​​​​ធ្វើ​​​​ឲ្យ​​​មាន​ក្តី​ព្រួយ​​​បារម្ភ​

សាលាក្រុងភ្នំពេញបានបង្កើតសង្កាត់ថ្មីចំនួនប្រាំបួនកាលពីថ្ងៃព្រហស្បតិ៍ ដោយបំបែកចេញពីប្រាំមួយសង្កាត់មានស្រាប់នៅក្នុងក្រុង ដែលមន្រ្តីបាននិយាយថាជាការជំរុញឲ្យមានការគ្រប់គ្រងឲ្យបានល្អប្រសើរលើបទល្មើស និងផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ប៉ុន្តែដោយសង្កាត់ទាំងអស់បានក្លាយជាសង្កាត់គាំទ្រគណបក្សសង្គ្រោះជាតិកាលពីបោះឆ្នោតជាតិឆ្នាំ២០១៣ ព្រមទាំងក្លាយជាទីតាំងនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដ៏ខ្លាំងនៅឯស្ថានីយបោះឆ្នោតនោះ មជ្ឈដ្ឋានខ្លះអះអាងថាជាហេតុផលនយោបាយ។ ប្រកាសកាលពីខែវិច្ឆិកា វិធានការនេះនឹងបំបែកសង្កាត់ស្ទឹងមានជ័យនិងចោមចៅទៅជាបីសង្កាត់ ហើយសង្កាត់បឹងទំពុន កាកាប ទួលសង្កែ និងភ្នំពេញថ្មីនឹងបំបែកជាពីរសង្កាត់។តាមទិន្នន័យបោះឆ្នោតពីអង្គការអភិវឌ្ឍន៍បើកចំហ សង្កាត់ទាំងប្រាំមួយបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិកាលពីបោះឆ្នោតជាតិកន្លងមក គឺមានសំឡេងគាំទ្រ៦០ភាគរយឬច្រើនជាងនេះ។ យោងតាមសេចក្តីរាយការណ៍ដោយអង្គការតម្លាភាពកម្ពុជា សង្កាត់ស្ទឹងមានជ័យនិងសង្កាត់បឹងទំពុនជាតំបន់មានផ្ទុះអំពើហិង្សា ហើយមានភាពមិនប្រក្រតីជាក់ស្តែងបំផុតមួយចំនួននៅថ្ងៃបោះឆ្នោត។ នៅសង្កាត់ស្ទឹងមានជ័យ មានរថយន្តរបស់កងរាជអាវុធហត្ថពីរគ្រឿងត្រូវបានរុញឲ្យក្រឡាប់និងដុតចោលនៅក្រៅស្ថានីយបោះឆ្នោតមួយកន្លែង ចំណែកឯអ្នកសង្កេតការណ៍បោះឆ្នោតនៅសង្កាត់បឹងទំពុនត្រូវបានជម្លៀសចេញ មុនការបោះឆ្នោតបានបិទ ក្រោយពី”ត្រូវឡោមព័ទ្ធដោយហ្វូងមនុស្សមានកំហឹងដែលជាពលរដ្ឋមិនមានសិទ្ធិបោះឆ្នោត”។ មន្រ្តីរដ្ឋាភិបាលបានទទូចកាលពីថ្ងៃអាទិត្យថា សង្កាត់ថ្មីគ្រាន់តែមានន័យថាបង្កើនសន្តិសុខសម្រាប់ពលរដ្ឋ និងបន្ធូរបន្ថយបន្ទុកការងារផ្នែករដ្ឋបាលប៉ុណ្ណោះ។ លោក សុទ្ធ សាត ចៅសង្កាត់ចោមចៅខាងគណបក្សប្រជាជនបាននិយាយថា”យើងមិនអាចគ្រប់គ្រងការងារបានទេ។ មានមនុស្សច្រើនណាស់ដែលមេភូមិមិនស្គាល់។មានបញ្ហាជាច្រើនដូចការឆក់ប្លន់ សកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀននិងការវាយតប់គ្នា ហើយពិបាកប្រមូលព៌ត័មានដើម្បីធ្វើស្ថិតិណាស់”។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា”រឿងនេះមិនជាប់ពាក់ព័ន្ធជាមួយនយោបាយ ឬបង្កើន ឬបន្ថយសំឡេងប្រជាជនទេ”។ ប៉ុន្តែ អ្នកខ្លះនៅតែមានមន្ទិលសង្ស័យ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបាននិយាយថា “យើងនៅតែមានសំណួរច្រើន”។ លោក បញ្ញា បាននិយាយបន្ថែមថា “ពួកគេបានផ្តល់ហេតុផលដូចជារឿងដង់ស៊ីតេប្រជាជន ប៉ុន្តែនៅសង្កាត់ផ្សេងទៀតមានដង់ស៊ីតេប្រជាជនខ្ពស់ស្រដៀងគ្នា។រឿងនេះអាចមានហេតុផលផ្សេង ទាក់ទងនឹងភូមិ សាស្រ្ត សេដ្ឋកិច្ច ប្រជាសាស្រ្ត និងរឿងផ្សេងទៀត”។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានចាត់ទុកការបំបែកសង្កាត់នេះថាមិនចាំបាច់ ដោយនិយាយថា វាជាការប្រឹងប្រែងច្បាស់ក្រឡែត ហើយក៏ឥតប្រយោជន៍ដែរ ដើម្បីបំបែកសំឡេងគាំទ្រគណបក្សប្រឆំាង។ លោក សុវណ្ណ បាននិយាយថា ” វាមិនអាចទៅរួចទេក្នុងការបំបែកសំឡេង ទោះបីពួកគេព្យាយាមក៏ដោយ។ដូចយើងដឹងស្រាប់ហើយ គ្រប់សង្កាត់និងគ្រប់ភូមិ គណបក្សសង្គ្រោះជាតិបានកើនសំឡេងឆ្នោតច្រើន”៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of […]

The post សង្កាត់​ថ្មី​នៅ​​​​ក្រុង​​​​ភ្នំពេញ​​​​ធ្វើ​​​​ឲ្យ​​​មាន​ក្តី​ព្រួយ​​​បារម្ភ​ appeared first on The Cambodia Daily.