ម្តាយ​ជនសង្ស័យ​ដេញ​បាញ់​សម្លាប់​មនុស្ស​ថា ពេល​កើតហេតុ​កូនប្រុស​របស់​គាត់​នៅ​ប្រទេស​វៀតណាម

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​»​បាន​ចេញផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង​ថា សាហាវ ! ជិះ​ម៉ូតូ​ដេញ​បាញ់​ទាំង​ព្រឹក កាលពី​ព្រឹក​មិ​ញរួច​មក ​ស្ត្រី​ម្នាក់​ឈ្មោះ សក់ សំ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​ល្មៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ជា​ម្តាយ​របស់​ជនសង្ស័យ​ឈ្មោះ លី រ៉ា​ហ្វា​ត អាយុ​១៧ ឆ្នាំ បាន​ចេញ​មុខ​បំភ្លឺ​ថា កូនប្រុស​គាត់ មិន​ពាក់ព័ន្ធ​នឹង​ដេញ​បាញ់​សម្លាប់​ជន​រង​គ្រោះ​២​នាក់​បងប្អូន កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នោះ​ឡើយ ។

ការ​ចេញ​មុខ​បំភ្លឺ​បែប​នេះ គឺ​បន្ទាប់​ពី​មានការ​ចោទប្រកាន់ ពី​សំណាក់​ជន​រង​គ្រោះ​ឈ្មោះ ផុ​ន សា​រឿ​ន អាយុ​១៩​ឆ្នាំ និង​ប្អូនប្រុស​ម្នាក់ទៀត​ឈ្មោះ ផុ​ន សា​រិ​ន អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​ភូមិ​ដក​ស្និត ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ពួក​គេ​ទាំង​២​នាក់​បងប្អូន​ត្រូវ​បាន​ឈ្មោះ លី រ៉ា​ហ្វា​ត អាយុ​១៧​ឆ្នាំ និង​បក្សពួក​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​បាញ់​ពួក​គេ​ទាំង​២​នាក់​បងប្អូន​នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ដក​ស្និត ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ ដោយ​អស់​ចំនួន​៣​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​ត្រូវ​មនុស្ស​នោះ​ទេ គ្រាន់តែ​ត្រូវ​ដៃ​អាវ​បុរស​ជា​ប្អូន​តែ​ប៉ុណ្ណោះ ។

ស្ត្រី​ជា​ម្តាយ​ជនសង្ស័យ​ឈ្មោះ លី រ៉ា​ហ្វា​ត បាន​អះអាង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា រូប​គាត់​ពិតជា​មាន​ទំនាស់​ជាមួយ​ឈ្មោះ តា គង់ ដែល​ជា​ឪពុក​របស់​ឈ្មោះ ផុ​ន សា​រឿ​ន និង​ឈ្មោះ ផុ​ន សា​រិ​ន ពិតមែន រឿង​កំពង់ចម្លង​ដ ។ ប៉ុន្តែ​ល្ងាច​នោះ រូប​គាត់​និង​កូនប្រុស​ឈ្មោះ លី រ៉ា​ហ្វា​ត រួម​និង​កូន​ៗ២​នាក់​ទៀត សរុប​មាន​គ្នា​៤​នាក់ បាន​ទៅ​ប្រទេស​វៀតណាម ហើយ​បាន​ដល់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែសីហា ។ ក្រោយ​ពិនិត្យ និង​បាល​ព្យាបាល​ជម្ងឺ​ហើយ ពួក​យើង​ទាំង​៤​នាក់​បាន​ត្រឡប់ មក​ដល់​ខេត្តកំពង់ឆ្នាំង​វិញ​នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​២១ ខែសីហា ។ គាត់​សួរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា កូនប្រុស​គាត់​នៅ​ប្រទេស​វៀតណាម តើ​មានកូន​ប្រុស​គាត់​ឯណា​ទៀត​នៅ​កន្លែង​កើតហេតុ​ដេញ​បាញ់​សម្លាប់​មនុស្ស​នោះ?

ទោះបីជា​យ៉ាងណា នេះ​ជា​សិទ្ធិ​ក្នុង​ការ​បំភ្លឺ​របស់​ភាគី​ម្ខាង​ដែល​រង​ការ​ចោទប្រកាន់​ពី​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ចំពោះ​ហេតុការណ៍​ពិតប្រាកដ​យ៉ាងណា​នោះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ៕