RIO៖ ថៃ ឥណ្ឌូនេស៊ី វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន សុទ្ធតែ​ឈ្នះ​មេដាយ​ និពន្ធដោយ : រួបរួម       August-22-2016, 7:39 pm         1516

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132RIO៖ ថៃ ឥណ្ឌូនេស៊ី វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន សុទ្ធតែ​ឈ្នះ​មេដាយ​​ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង​១០  ប្រទេស​ចំនួន​៦​ស្ថិតក្នុង​ចំណោម​បញ្ជី​ប្រទេស​ដែល​ទទួលបាន​មេដាយ​ពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ដែល​ទើបនឹង​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែសីហា ខណៈ​ប្រទេស​ចំនួន​៤​ទៀត បានត្រឹមតែ​ទទួល​បទពិសោធន៍ និង​បំបែក​កំណត់ត្រា​ខ្លួន​ប៉ុណ្ណោះ​។​

​សម្រាប់​តំបន់​អាស៊ាន ថៃ​ជា​ប្រទេស​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ពួកគេ​ទទួលបាន​មេដាយមាស​២ ប្រាក់​២ និង​សំរឹទ្ធ​២ ។ មេដាយមាស​ទាំងពីរ​រ​បស់​ថៃ មកពី​វិញ្ញាសា​លើក​ទម្ងន់ ដែល​រកបាន​ដោយ​កីឡាការិនី Sukanya Srisura និង​កីឡាការិនី Sopita Tansan​។ កីឡា​លើក​ទម្ងន់​របស់​ថៃ រកបាន​ប្រាក់​១ និង​សំរឹទ្ធ​១​ទៀតផង​ដែរ ខណៈ​កីឡា​តេ​ក្វាន់​ដូ រួមចំណែក​បាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១ ។​

​ឥណ្ឌូនេស៊ី រកបាន​មាស​១ និង​ប្រាក់​២​។ មេដាយមាស​របស់​ឥណ្ឌូនេស៊ី សម្រេចបាន​នៅលើ​វិញ្ញាសា​វាយ​សី​ចម្រុះ ដែលមាន​កីឡាករ Tontowi Ahmad និង​កីឡាការិនី Liliyana Natsir​។ សម្រាប់​មេដាយប្រាក់​ទាំង​២ ឥណ្ឌូនេស៊ី រកបាន​ក្នុង​ប្រភេទ​កីឡា​លើក​ទម្ងន់​។​

​វៀតណាម បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​លើ​វិញ្ញាសា​បាញ់កាំភ្លើង ដោយ​កីឡាករ Hoang Xuan Vinh តែម្នាក់ឯង បានក្លាយ​ជា​វិ​រ​បុរស​ប្រចាំ​ប្រទេស​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​១ និង​ប្រាក់​១ ។​

​រីឯ​សិង្ហ​បុរី កីឡាករ​ហែល​ទឹក Joseph Schooling បានឈ្នះ​មេដាយមាស​អូឡាំពិក​ជា​លើកដំបូង​សម្រាប់​ប្រទេស​ដ៏​តូច​មួយ​នេះ​។

​ចំណែក​ម៉ាឡេស៊ី ពួកគេ​ឈ្នះ​មេដាយប្រាក់​៤ និង​សំរឹទ្ធ​១ ។ កីឡា​វាយ​សី រកបាន​មេដាយប្រាក់​ចំនួន​៣ កីឡា​លោតទឹក Diving រកបាន​មេដាយប្រាក់​១ ខណៈ​កីឡា​ប្រណាំង​កង់ រកបាន​មេដាយ​សំរឹទ្ធ​១ សម្រាប់​ម៉ាឡេស៊ី​។​

​ហ្វីលីពីន មានឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​ទទួលបាន​មេដាយ​អូឡាំពិក ដោយសារ​កីឡាការិនី Hidilyn Diaz បាន​មេដាយប្រាក់​លើ​វិញ្ញាសា​លើក​ទម្ងន់​។​

​សមាជិក​ប្រទេស​អាស៊ាន​ផ្សេងទៀត រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ មិនបាន​ឈ្នះ​មេដាយ​ណាមួយ​ឡើយ​។ សម្រាប់​កម្ពុជា កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី បាន​បំបែក​កំណត់ត្រា​ចាស់​របស់ខ្លួន ខណៈ​អត្ត​ព​លិ​ក​ម៉ារ៉ាតុន កីឡាការិនី លី ណា​រី និង​កីឡាករ Neko ទទួលបាន​នូវ​ការកោតសរសើ​ដោយសារតែ​ពួកគេ​ប្រឹងប្រែង​រហូត​រត់​ទៅដល់​ទី​។​

​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង Rio ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​៥ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ មាន​អត្ត​ព​លិ​កជាង​១​ម៉ឺន​នាក់ មកពី​២០៧​ប្រទេស ដែល​ប្រកួត​លើ​វិញ្ញាសា​៣០៦​លើ​២៨​ប្រភេទ​កីឡា​។​

​អាមេរិក​ឈ្នះ​មេដាយ​ច្រើនជាងគេ (​មាស​៤៦ ប្រាក់​៣៧ សំរឹទ្ធ​៣៨) ដោយ​នាំមុខ ចក្រភព​អង់គ្លេស ចិន រុស្ស៊ី អាល្លឺម៉ង់ ជប៉ុន បារាំង កូរ៉េខាងត្បូង អ៊ីតាលី និង​អូស្ត្រាលី​។ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ស្ថិតនៅ​លេខ​រៀង​ទី​១៣ ដោយ​ឈ្នះ​មេដាយមាស​៧ ប្រាក់​៦ និង​សំរឹទ្ធ​៦ ៕