ឃាត់​អ្នក​ញៀន​ល្បែង​៦​នាក់ នៅ​សង្វៀន​ជល់​មាន់

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ញៀន​ល្បែងភ្នាល់​ចំនួន​០៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​ក្នុង​ការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ចល័ត​មួយ​កន្លែង នៅ​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦​នេះ​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដឹកនាំ​ដោយ លោក​វរ​:​សេនីយ៍​ឯក ទៀង ច័ន្ទ​សារ អធិការ​នរ​គ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​។

មនុស្ស​ចំនួន​០៦​នាក់​ត្រូវ​ឃាត់ខ្លួន ព្រមទាំង​ដកហូត​មាន់​៣​ក្បាល ម៉ូតូ​១៤​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​។ ទីតាំង​ជល់​មាន់​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ញៀន​មាន់ បាន​ណាត់គ្នា​តាម​ទូរស័ព្ទ  ជល់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ  ដែល​មានកូន​លេង​មាន់ បំផ្លាញ​របស់របរ បាន​ប្តឹង​នគរបាល​ចុះ​បង្ក្រាប​តែ​ម្តង​។

មុន​ពេល​ចុះ​បង្ក្រាប​គេ​ឃើញ​អ្នក​ញៀន​ល្បែង បាន​រត់​ប្រសាច​ឃាត់ខ្លួន​បាន​តែ​៦​នាក់ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌឫស្សីកែវ ចាត់ការ​តាម​ច្បាប់​។ គួរ​បញ្ជាក់​ថា តាម​ផ្លូវ​រថភ្លើង  ក្នុង​សង្កាត់​ទួល​សង្កែ​ជា​តំបន់​មិន​រៀបរយ ហើយ​ក៏​ជា​សម្បុក ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផង​ដែរ​៕