ក្មេង​ៗ២​នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ៗ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ បាន​ទៅ​ងូតទឹក​រណ្តៅ ដែល​មាន​ជម្រៅ​២,៥០​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ​សម្រាប់​ជីក​ដាក់​លូ លេង​យ៉ាង​សប្បាយ តែ​គួរ​ឲ្យ​សង្វេគ  ដោយ​២​នាក់​បាន​លង់​ស្លាប់ និង​ម្នាក់​ទៀត​មិន​បាន​ចុះ​ទៅ​ងូត​នោះ​ទេ ។  ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ទី​២២ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ពិតជា​សង្វេគ​ដោយ​ត្រូវ​បាន​ឪពុក​ម្តាយ ស្រែក​យំទួញសោក​អាណិតកូន​ជា​ពន់ពេក​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ក្មេង​៣​នាក់​ក្នុង​នោះ​មាន ១-​ឈ្មោះ ហាន លី​ហួ​ន អាយុ​៨​ឆ្នាំ ២-​ឈ្មោះ ចិត ចេ​ម  អាយុ​១២​ឆ្នាំ ៣-​ឈ្មោះ ឈាង ពន្លក អាយុ​១២​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ  បាន​ចេញពីផ្ទះ​ដោយ​មិន​ឲ្យ​ឪពុក​ម្តាយ​ដឹង​នោះ​ទេ ដើម្បី​មក​ងូតទឹក​លេង​សប្បាយ ។ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន  អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ចំពោះ​ទីតាំង​ដែល​ក្មេង​នាំ​គ្នា​លេង​ស្ថិត​នៅ​ទីតាំង  ដែល​ត្រូវ​សាងសង់​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី ក្នុង​ពេល​ដែល​មក​ដល់​កន្លែង​ទឹកក្មេង​ប្រុស​ទី​១ និង​ទី​២ បាន​នាំ​គ្នា​លោត​ចុះ​ទៅ​លេង​នឹក​ស្មាន​តែ​ទឹក​រាក់  តាម​ពិត​ជ្រៅ ក្រោយ​ពី​លោត​មិន​បានឃើញ​ផុស​មក​វិញ​ទាល់តែ​សោះ ទើប​ក្មេង​ប្រុស​ទី​៣​ដឹង​ថា​ប្រាកដជា​លង់ទឹក​ហើយ ក៏​ប្រញាប់​រត់​មក​ផ្ទះ​វិញ​ប្រាប់​ចាស់​ៗ​នៅ​ក្នុងភូមិ​ឲ្យ​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​។

តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយដោយ​ចម្ងាយ​ផ្លូវ​ទៅ​វិញ​ទៅ​មក​ជាង​៣០០​ម៉ែត្រ  គឺ​ក្មេង​ប្រុស​ទាំង​២​នាក់​នោះ​បាន​ស្លាប់​បាត់​នៅ​ក្នុង​រណ្តៅ​ទឹក​ជម្រៅ​ជាង​២​ម៉ែត្រ​។ ក្រោយ​ពី​ស្រង់​បានជា​បន្តបន្ទាប់​មក  ឪពុក​ម្តាយ​បាន​នាំ​គ្នា​ស្រែក​ទ្រហោ​យំទួញសោក​អាណិត​ដល់​កូន​ជា​ខ្លាំង  ហើយ​បាន​នាំ​គ្នា​សែង​យក​មក​ផ្ទះ និង​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទៅ​ពិនិត្យ​សព​ក្មេង​ទាំង​២​នាក់​គឺ​ពិតជា​បាន​ស្លាប់ ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា នា​ពេល​កន្លង​មក​ក្មេង​ទាំង​៣​នាក់​ខាងលើ   មិន​ដែល​នាំ​គ្នា​មក​ងូតទឹក​លេង​នៅ​ត្រង់​ចំណុច​កន្លែង​ដាក់​ប្រព័ន្ធ​លូ​នេះ​ទេ តែ​មក​ដល់​វេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា​នេះ  ទើប​នាំ​គ្នា​មក​ងូតទឹក​លេង​ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​លង់​ស្លាប់​២​នាក់​តែ​ម្តង​៕