អតីតប្រធានាធិបតីសិង្ហបុរី S R Nathan ស្លាប់នៅវ័យ ៩២ឆ្នាំ និពន្ធដោយ : ថ្មីៗ       August-22-2016, 9:08 pm         669

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីតប្រធានាធិបតីសិង្ហបុរី S R Nathan ស្លាប់នៅវ័យ ៩២ឆ្នាំ អតីត​ប្រធានា​ធិបតី​​សិង្ហបុរី​លោក​ SR Nathan បាន​ទទួល​មរណភាព​នៅថ្ងៃ​ចន្ទ​ទី​ ២២ ខែ​សីហា​នេះ​ ក្នុង​វ័យ​ ៩២​ឆ្នាំ​ ដោយ​សារ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ លោក​ជា​​ប្រធានា​ធិប​តី​សិង្ហ​បុរី​ទី​ ៦​ ហើយ​ក៏​ជា​ប្រធា​នាធិប​តី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​ដែរ​ (១៩៩៩ ដល់ ២០១១)។ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន​ Channel News Asia។

ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហបុរីបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានថា អតីតប្រធានាធិបតីសិង្ហបុរី និងជាប្រធានាធិបតី​កាន់តំណែងយូរជាងគេ​លោក S R Nathan បានទទួលមរណភាពក្នុងវ័យ ៩២ ឆ្នាំ ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល។ តាមពិតទៅលោកស្ថិតក្នុង​ស្ថានភាព​ដុនដាបខ្លាំងដោយស្ថិតក្រោម​ការ​ព្យាបាល​​នៅមន្ទីរ​ពេទ្យរយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ ក្រោយពេលដែលលោក​រងគ្រោះថ្នាក់​ដោយសារការដាច់សរសៃឈាមក្នុងខួរក្បាល​ថ្ងៃ ៣១​ ខែកក្កដា​មកនោះ។​

សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​បន្តថា នាយករដ្ឋមន្ត្រី និងបណ្តាសមាជិក​គណរដ្ឋមន្ត្រី​ទាំងអស់​មានទុក្ខយ៉ាងក្រៀម​ក្រំដោយសារបាត់បង់លោក S R Nathan និងចូលរួមរម្លែកទុក្ខជា​មួយក្រុមគ្រួសារលោកផងដែរ។ ការរៀបចំ​បុណ្យសព និងការគោរពវិញ្ញាណក្ខ័ន្ធលោក S R Nathan សម្រាប់សាធារណជន​សិង្ហបុរី នឹងត្រូវប្រកាសនៅពេលបន្តបន្ទាប់ទៀត។

តាមពិតទៅលោក S R Nathan ជាប្រធានាធិបតី​ទី ៦ និងជាប្រធានាធិបតី​កាន់តំណែងយូរបំផុតរបស់សិង្ហបុរីផងដែរ។ លោកឡើង​កាន់​តំណែងនៅឆ្នាំ ១៩៩៩ ហើយលោកបានសម្រេចចិត្តចុះចេញ​ពីតំណែង​នៅឆ្នាំ ២០១១ ហើយប្រកាសថាលោក​មិន​ឈរឈ្មោះសម្រាប់អាណត្តិថ្មីឡើយ។ ចំណែកអ្នកដែល​បន្តតំណែងរបស់លោក​ គឺប្រធានាធិបតី Tony Tan Keng Yam។ 

មុន​ក្លាយ​ជា​ប្រធានាធិបតី លោក SR Nathan បាន​កាន់កាប់​តំណែង​ជាច្រើនក្នុង​ក្របខណ្ឌមន្ត្រីរាជការស៊ីវិល, ខាងផ្នែកសន្តិសុខ, ចារកម្ម​ និងការបរទេសផងដែរ។ នៅក្នុងឆ្នាំ ១៩៨៨ លោកត្រូវបាន​គេតែងតាំងឲ្យបំពេញ​ភារកិច្ចជា​ឧត្តមស្នងការសិង្ហបុរីប្រចាំប្រទេសម៉ាឡេស៊ី ហើយបន្ត​មកលោកក៏ក្លាយជា​ឯកអគ្គ​រដ្ឋទូតសិង្ហបុរីប្រចាំសហរដ្ឋអាមេរិក​ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៦៕  ​