លោក ឃែ​រី ទៅ​អាហ្វ្រិក​ដើម្បី​រក​ច្រកចេញ​ជម្លោះ​នៅ​ស៊ូដង់​ខាងត្បូង និង​សូ​ម៉ាលី​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-22-2016, 9:59 pm         121

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ឃែ​រី ទៅ​អាហ្វ្រិក​ដើម្បី​រក​ច្រកចេញ​ជម្លោះ​នៅ​ស៊ូដង់​ខាងត្បូង និង​សូ​ម៉ាលី​​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី (John Kerry) នៅ​ថ្ងៃទី​២១ ខែសីហា បាន​ទៅដល់​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី ដើម្បី​ជួប​ជាមួយ​សម​ភាគី​អាហ្វ្រិក​។ អំពើហិង្សា​នៅ​ស៊ូដង់​ខាងត្បូង ដែល​ចេះតែ​បន្ត​មិន​ឈប់ឈរ និង​ដំណើការ​នយោបាយ​នៅ​សូ​ម៉ាលី គឺជា​ប្រធានបទ​សំខាន់​សម្រាប់​ដំណើរ​មកកាន់​អាហ្វ្រិក​របស់លោក ឃែ​រី លើក​នេះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី និង​សម​ភាគី​មកពី​រដ្ឋ​អាហ្វ្រិក​ចំនួន​៨​ផ្សេងទៀត នឹង​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ដើម្បី​ពិភាក្សា​រក​ច្រកចេញ​ជម្លោះ​បង្ហូរឈាម​នៅ​ស៊ូដង់​ខាងត្បូង កុំ​ឲ្យ​ងាក​ទៅ​សង្គ្រាម​ឡើងវិញ និង​ដំណើការ​ទៅមុខ​នៃ​នយោបាយ​នៅ​ស៊ូ​ម៉ាលី​។ នេះ​ជា​ដំណើ​ទស្សនកិច្ច​លើក​ទី​ពីរ របស់​ប្រមុខ​ការទូត​អាមេរិក​ទៅកាន់​កេ​ន​យ៉ា ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៥​មក​។​

​នៅ​ថ្ងៃទី​២២ ខែសីហា រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កេ​ន​យ៉ា លោក Uhuru Kenyatta មុននឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មកពី​កេ​ន​យ៉ា អ៊ូ​ហ្ក​ង់​ដា ស៊ូដង់ ស៊ូដង់​ខាងត្បូង ជី​ប៊ូ​ទី តង់​សានី សូ​ម៉ាលី និង​អេ​ត្យូ​ពី​។ រដ្ឋមន្ត្រី​ទាំង​៩​ប្រទេស នឹង​ជជែក​លើ​ប្រធានបទ​អំពើហិង្សា​រវាង​កងកម្លាំង​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី នៅ​ស៊ូដង់​ខាងត្បូង ក៏ដូចជា​ស្ថានការណ៍​នយោបាយ​នៅ​សូ​ម៉ាលី ដែល​កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត ដែល​អាច​នឹង​ពន្យារពេល​។

​ជម្លោះ​ហិង្សា និង​អស្ថិរភាព​នៅ​ស៊ូដង់​ខាងត្បូង ដែល​ទើប​ក្លាយជា​រដ្ឋ​ឯករាជ្យ​នៅ​ឆ្នាំ​២០១១ បានធ្វើ​ឲ្យ​ប្រជាជន​រដ្ឋ​ក្មេងខ្ចី​នេះ លំបាក​យ៉ាងខ្លាំង និង​បង្ក​ជា​វិបត្តិ​មនុស្សធម៌ ដោយសារតែ​ការកើនឡើង​យ៉ាងគំហុក​នូវ​ចំនួន​ជនភៀសខ្លួន​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​។ អំពើហិង្សា​រវាង​កងក​ម្លាំ​ង​ប្រធានាធិបតី Salva Kirr និង​ទាហាន​ស្មោះត្រង់​នឹង​អនុ​ប្រធានាធិបតី Riek Machar កំពុង​បង្ក​ការព្រួយបារម្ភ​ថា ស៊ូដង់​ខាងត្បូង អាច​នឹង​ធ្លាក់​ទៅរក​សង្គ្រាមស៊ីវិល​ម្ដងទៀត​។

​ស្ថានភាព​នៅ​ស៊ូដង់​ខាងត្បូង កាន់តែ​តានតឹង បន្ទាប់ពី​កងកម្លាំង​លោក Machar បាន​ដក​ចេញពី​រដ្ឋធានី Juba ក្នុង​ខែកក្កដា ហើយ​លោក Salva ក៏បាន​ដកតំណែង​អនុ​ប្រធានាធិបតី​ពី​លោក Machar ទៀត​នោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅពេលនេះ លោក Machar បាន​ភៀសខ្លួន​ទៅដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ក្បែរ​ខាង ជាមួយនឹង​របួស​ជើង​។​

​កន្លងមក មហាអំណាច​ពិភពលោក ជាពិសេស​អាមេរិក បាន​សហការ​ជាមួយ​មហាអំណាច​ក្នុង​តំបន់​ដើម្បី​ស្វែងរក​ផ្លូវ​ទៅកាន់​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទាំងពីរ​នៅ​ស៊ូដង់​ខាងត្បូង​។ ក្នុង​គោលដៅ​បញ្ចប់​ជម្លោះ ទាំង​អាមេរិក និង​សហភាព​អឺរ៉ុប ក៏បាន​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រយុទ្ធ​គ្នា ស្រប​ពេលដែល​អាហ្វ្រិក ក៏បាន​គំរាម​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ ដើម្បី​ឲ្យ​ភាគី​ជម្លោះ ងាក​មក​ចរចា​គ្នា​វិញ​ផងដែរ​៕