កាប់​ប្លន់​យក​ម៉ូតូ​ស្រស់​ៗ នៅ​ក្បែរ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦​នេះ ត្រង់​ចំណុច​ក្បែរ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​ករណី​ប្លន់​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច ដោយ​ជនសង្ស័យ​បាន​ប្រើ​កាំបិត កាប់​ទៅ​លើ​រង​គ្រោះ​។ ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​៣​នាក់​ឈ្មោះ ទី​១.​ហ៊​ន សា​ម៉ុ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក​(​ជា​អ្នក​បើក​ម៉ូតូ​) ទី​២.​ឈ្មោះ វ៉េ​ង ស្រេ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក (​ជិះ​កណ្ដាល​) និង​ទី​៣.​ឈ្មោះ សុភ​ក្ដិ ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ជិះ​ខាងក្រោយ​គេ​) អ្នក​ទាំង​៣​នាក់​រស់នៅ​ម្ដុំ​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

ជន​រង​គ្រោះ​ទាំង​៣​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កណិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-1930​។ នៅ​មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ក្នុង​កាំ​កូ​ស៊ី​ធី លុះដល់​ពេល​ត្រឡប់​មក​វិញ ឆ្លង​ផុត​កន្លែង​ត្រួតពិនិត្យ​បន្តិច​ជិត​ដល់​រង្វង់​មូល ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង Zoomer-X ពណ៌​ខៀវ​មួយ​គ្រឿង និង​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង ប្រដាប់​ដោយ​កា​បិត​គ្រប់​ដៃ ហើយ​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្រហារ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ត្រូវ និង​រង​របួស​អ្នក​ជិះ​ខាង​មុខ និង​កណ្ដាល ។

ដោយ​ឃើញ​សភាព​បែប​នេះ​រួម​ជាមួយ​ការ​តក់ស្លុត​ផង​នោះ ជន​រង​គ្រោះ​ទាំង​៣​បាន​រត់គេច​ខ្លួន​ដើម្បី​សុវត្ថិភាព ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​ឳ​កាស​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួស ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​របួស​ស្នាម ហើយ​បាន​រៀបចំ​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ទួល​សង្កែ ដើម្បី​ស្រាវជ្រាវ​ឈាន​ទៅ​រក​ការ​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕