ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កមាន​ប្រវត្តិ​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ ពេល​រៀន​សកល​វិទ្យាល័យ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-22-2016, 10:59 pm         174

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កមាន​ប្រវត្តិ​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ ពេល​រៀន​សកល​វិទ្យាល័យ​​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Enrique Pena Nieto ត្រូវបាន​រកឃើញថា បាន​លួច​ចម្លង​ស្នាដៃ​អ្នកដទៃ គ្រា​ដែល​លោក​សរសេរ​សារ​ណា​នៅ​ថ្នាក់​បរិញ្ញាបត្រ​របស់លោក កាលពី​ឆ្នាំ​១៩៩១​។ លោក Pena Nieto ដែល​ឡើង​ធ្វើជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២ មាន​សញ្ញប​ត្រ​កម្រិត​បរិញ្ញាបត្រ​លើ​ជំនាញ​មេធាវី និង​សញ្ញាបត្រ​អនុបណ្ឌិត​ពាណិជ្ជកម្ម​ផងដែរ​។

​របាយការណ៍​ចេញ​ដោយ​ក្រុមអ្នកកាសែត​ស៊ើបអង្កេត​មួយក្រុម បង្ហាញថា ជិត​មួយ​ភាគបី​នៃ​សា​រណា​ច្បាប់​របស់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Enrique Pena Nieto គឺ​ចម្លង​ពី​ឯកសារ​អ្នកដទៃ​មក​ធ្វើជា​របស់ខ្លួន នៅពេល​លោក​រៀន​នៅ​សកល​វិទ្យាល័យ​។ របាយការណ៍​បន្តថា កថាខណ្ឌ​ចំនួន​១៩៧ ស្មើនឹង​២៨.៩​ភាគរយ នៃ​សា​រណា​កម្រាស់​២០០​ទំព័រ ត្រូវ​រកឃើញថា លួច​ចម្លង​ពី​គេ​។​

​របាយការណ៍​ខាងលើ រួម​ជាមួយនឹង​វីដេអូ ត្រូវបាន​បោះផ្សាយ​លើ​គេហទំព័រ​របស់​អ្នកកាសែត Carmen Aristegui នៅ​ថ្ងៃទី​២១ ខែសីហា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គឺ​ក្រុម​របស់​អ្នកកាសែត​នេះហើយ ដែល​បាន​ទម្លាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អតីត​ភរិយា​របស់លោក Pena Nieto ដែល​បាន​ទិញ​ផ្ទះ​ទំនើប​តាមរយៈ​កិច្ចសន្យា​រដ្ឋាភិបាល​។

​រឿងអាស្រូវ​ដែល​គេ​ឲ្យ​ឈ្មោះថា Casa Blanca បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី Pena Nieto ក៏ដូចជា​បក្ស​របស់លោក​ដែរ​។ បន្ទាប់ពី​រឿងអាស្រូវ​នេះ ការ​ស្ទាបស្ទង់​មតិ​បង្ហាញថា ប្រជាប្រិយភាព​របស់លោក Pena Nieto ធ្លាក់ចុះ​យ៉ាងខ្លាំង ដ្បិត​រដ្ឋាភិបាល​របស់​លោក មិនអាច​កម្ចាត់​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​បាន​។

​ងាក​មក​បញ្ហា​លួច​ចម្លង​របស់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​វិញ រដ្ឋាភិបាល​ប្រទេស​នេះ ហាក់​បាន​បដិសេធ​ការចោទប្រកាន់​ជុំវិញ​ការ​លេច​ធ្លាយ​រឿងអាស្រូវ​នេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Eduardo Sanchez និយាយថា ការលុបចោល​ផ្នែក​នៅក្នុង​សា​រណា​នោះ គឺជា​កំហុស​មួយ​ប៉ុណ្ណោះ​។ លោក Sanchez បន្ថែមថា ប្រធានាធិបតី Pena Nieto បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងអស់ ដែល​ចាំបាច់​សម្រាប់​បញ្ចប់​ការសិក្សា​ថ្នាក់​មេធាវី​ពី​សកល​វិទ្យាល័យ Panamerican​។​

​សូម​រម្លឹកថា លោក Enrique Pena Nieto ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២ បន្ត​តំណែង​ពី​លោក​Felipe Calderón ហើយ​លោក​ជា​ប្រធានាធិបតី​ទី​៥៧ របស់​ម៉ិ​ក​ស៊ិ​ក​។ មុននឹង​ក្លាយជា​ប្រមុខ​ម៉ិ​ក​ស៊ិ​ក លោក Pena Nieto ធ្លាប់​កាន់តំណែង​ជាច្រើន​មកហើយ​ដែរ រួមទាំង​តំណែង​អភិបាលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ផងដែរ មុននឹង​ចូលរួម​ក្នុង​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២ ដែល​លោក​ទទួល​ជ័យជម្នះ​ជាមួយនឹង​សំឡេងគាំទ្រ​38.21​ភាគរយ នៃ​សំឡេងឆ្នោត​សរុប​៕