ម៉ឺន​ សុភា​ ប្រាប់​ពី​កត្តា​ជោគជ័យ​ក្នុង​អាជីព​ប្រដាល់

កំពូល​អ្នក​លេង​កណ្ដាប់​ដៃ​ ម៉ឺន​ សុភា​ ប្រាប់​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ​ទទួល​បាន​ជោគជ័យ​និង​មាន​កេរ្តិ៍​ឈ្មោះ​ដូច​សព្វ​ថ្ងៃ។

 

ម៉ឺន​ សុភា​ ប្រាប់​ពី​កត្តា​ជោគជ័យ​ក្នុង​អាជីព​ប្រដាល់ កីឡាករ ម៉ឺន សុភា

 

ជើង​ខ្លាំង​​ ម៉ឺន​ សុភា​ បាន​ឲ្យ​ Sabay​ ដឹង​ថា ​ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​ខ្លាំង​ម្នាក់​ រូប​គេ​​​បាន​គិត​​ជា​ស្រេច​ថា​ ប្រដាល់​គុន​ខ្មែរ​នេះ​ជា​អាជីព​ផ្ទាល់​ខ្លួន​​ពិត​ប្រាកដ​មួយ ​ដូច្នេះ​ត្រូវ​ព្យាយាម​តស៊ូ​វឹក​ហាត់​រាល់​ថ្ងៃ​​​ទាំង​ពេល​ឡើង​ប្រកួត​ និង​មិន​ឡើង​ប្រកួត។

 

កីឡាករ​រូប​នេះ​បន្ត​ថា​ ​មុន​នឹង​ឡើង​វ៉ៃ​ម្តង​ៗ រូប​គេ​តែង​តែ​សិក្សា​ស្វែង​យល់​ពី​ដៃ​គូ​ប្រកួត​ឲ្យ​បាន​ រួច​ហើយ​ប្រឹង​ប្រែង​ហ្វឹកហាត់​​ឲ្យ​ខ្លាំង​ដើម្បី​​ប្រកួត​យក​ឈ្នះ​ដៃ​គូ​បាន​។ ការ​ជំរុញ​ពី​គ្រូ​ផង​រួម​ផ្សំ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់​ខ្លួន​ផង​នោះ ប្រាកដ​ជា​​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​មួយ​នេះ។​

 

«ខ្ញុំ​សូម​ផ្ដាំ​ទៅ​ប្អូន​កីឡាករ​ក្រោយៗ​ឲ្យ​ខំ​ប្រឹង​តស៊ូ​ព្យាយាម​ហ្វឹកហាត់​ដើម្បី​កិត្តិយស​ខ្លួន​ឯង​ និង​ប្រាក់​ចំណូល​ផង​ដែរ​​​»។ សម្ដី​​របស់​កីឡាករ​ ម៉ឺន​ សុភា។

 

 
​​​​ម៉ឺន​ សុភា​ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ នៃ​ក្លឹប​ប្រដាល់​​ក្រសួងការពារជាតិ​ ធ្លាប់​ប្រកួត​ចំនួន​៦៥​ដង​ ឈ្នះ​៥៤ដង ចាញ់​៩ដង​ ស្មើ​២ដង​និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​១៥ដង។ រូប​គេ​ជា​កីឡាករ​ទម្ងន់​ធ្ងន់​ជួរ​មុខ​ដែល​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​ស្រុក​ខ្មែរ​ជា​ច្រើន​ដូច​ជា​កីឡាករ​ អូត​ ភូថង​ ឡៅ​ ស៊ីណាត​ វង្ស​ ណយ​ កែវ​ រំចង់​ មឿន​ សុខហ៊ុច​ និង​ឡុង​ សុវណ្ណឌឿន​ ជា​ដើម៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​