សិស្សឆ្នើមនិទ្ទេស A និង B នឹងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យដែលល្បីជាងគេនៅកម្ពុជា

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា និងដើម្បីលើកទឹកចិត្តដល់សិស្សពូកែ សាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែសីហានេះថា AUPP នឹងផ្តល់អាហាររូបករណ៍ដល់សិស្សឆ្នើម ទាំងអស់ដែលទទួលបាននិទ្ទេស A ឬ B ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ២២-២៣ សីហានេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ AUPP បានឲ្យដឹងថា សិស្សដែលទទួលបាននិទ្ទេស A ពីការប្រឡងបាក់ឌុប នឹងទទួលបានអាហាររូបករណ៍ដែលមានតម្លៃ ៤៥០០ដុល្លារ (បួនពាន់ប្រាំរយដុល្លារ) ក្នុងមួយឆ្នាំសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ ដោយឡែកសិស្សដែលទទួលបាននិទ្ទេស B នឹងទទួលបានអាហាររូបករណ៍ដែលមានតម្លៃ ៣០០០ដុល្លារ (បីពាន់ប្រាំរយដុល្លារ) រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ។

ការផ្តល់អាហាររូបករណ៍នេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំង ទៅដល់សិស្សានុសិស្ស ដើម្បីផ្តល់ឱកាសឱ្យពួកគេ ទទួលបាននូវការអប់រំ ប្រកបដោយគុណភាព ហើយសញ្ញាបត្រត្រូវបាន ទទួលស្គាល់ជាសាកល។

AUPP ត្រូវបានគេទទួលស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាលេចធ្លោរ ជាងគេនៅកម្ពុជា ទាំងគុណភាព និងស្តង់ដារ អន្តរជាតិ។ ហើយបន្ថែមលើនេះទៀត រហូតដល់ពេលនេះ AUPP បានចុះកិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យធំៗ ចំនួនពីរនៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees)។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យ ដៃគូរនៅសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការសិក្សា ដោយជោគជ័យនៅ AUPP។

សម្រាប់ព័ត៌មានលម្អិត ចំពោះការផ្តល់អាហាររូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh៕

ប្រភព៖ freshnewsasia


Related Posts