ប៉ូលិសថៃចង្អុលមុខត្រង់ៗពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមរឿងភេរវកម្មនៅហួហ៊ីន

នៅថ្ងៃចន្ទនេះ ជាលើកទីមួយ ប៉ូលិសថៃបានលើឡើងចំៗ អំពីសកម្មភាពស៊ើបរកដានពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីភាគខាងត្បូងប្រទេស ថាជាអ្នកបង្កភេរវកម្មបំផ្ទុះគ្រាប់បែក នៅតាមតំបន់ឆ្នេរសមុទ្ទទេសចរណ៍ កាលពីថ្ងៃទី ១១ និង១២ សីហាកន្លងទៅ។

បើតាមមេបូលិសថៃ មានក្រុមមនុស្សប្រមាណជាង២០នាក់ ជាអ្នកបញ្ជារៀបចំធ្វើភេរវកម្ម នៅហួហ៊ីន កាលពីសប្តាហ៍មុន ដោយមានខ្លះបានធ្វើដំណើរមកពីតំបន់ជាប់ព្រំដែនភាគខាងត្បូងបំផុតនៃប្រទេសផង។

ក្រុមជ្រុលនិយមភាគខាងត្បូងនេះ ទំនងជាត្រូវបានជួល ឬមានអ្នកបញ្ជាមកពីក្រៅតំបន់ និងជាពិសេសទៅទៀត នៅក្នុងក្រុមនេះគ្មានទាហានចាស់ៗរបស់ពួកឧទ្ទាមចង់ផ្តាច់ទឹកដីចូលលាយលំឡើយ។ នេះបើតាមប្រភពប៉ូលិសដដែល។ គឺជាក្រុមថ្មី មានមុខមាត់ថ្មី ដែលផ្តល់ការលំបាកខ្លាំងដល់ការងារស៊ើបអង្កេតរបស់ប៉ូលិស។

ក្រុមប៉ូលិសអង្កេត ទើបបានចុះទៅឆែកឆេរក្នុងសាលារៀនអ៊ីស្លាមមួយ នៅតំបន់ភាគខាងត្បូង ដែលមានជនជាប់សង្ស័យខ្លះរៀននៅទីនោះ។ ហើយដើម្បីចៀសវាងកុំឱ្យមានការបកស្រាយខុស មេប៉ូលិសថៃបានបង្កើនការប្រុងប្រយ័ត្នពាក្យសំដីយ៉ាងខ្លាំង មិនប្រើពាក្យថា អ៊ីស្លាម ទេ តែបានបង្ហើបថាជនជាប់សង្ស័យទាំងនោះមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ពលរដ្ឋថៃភាគច្រើនឡើយ។

នេះគឺជាលើកទីមួយដែលប៉ូលិសថៃ បានលើកឡើងដោយច្បាស់ៗនិងចំៗ ចង្អុលមុខពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមនៅភាគខាងត្បូងប្រទេស ថាអាចជាអ្នកនៅពីក្រោយភេរវកម្ម ផ្ទុយស្រលះពីការចោទប្រកាន់របស់រដ្ឋាភិបាលសឹកថៃ។

ការអង្កេតលើសំណុំរឿងភេរវកម្មបំផ្ទុះគ្រាប់បែកនៅមាត់សមុទ្ទ បានរងការរិះគន់យ៉ាងខ្លាំង ជាពិសេសក្រោយប៉ូលិសនិងក្រុមយោធាបានផ្តល់អំណះអំណាងបញ្ច្រាសគ្នាមក។ រដ្ឋាភិបាលសឹកថៃ ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារនៅឆ្នាំ២០១៤ បានធានាអះអាងថា ចាប់ជនសង្ស័យ១៥នាក់ ជាអ្នកធ្វើភេរវកម្ម ប៉ុន្តែប៉ូលិសបានបដិសេធ។

នៅថ្ងៃទី ១១និង១២សីហា មានគ្រាប់បែក១១គ្រាប់បានផ្ទុះ នៅតំបន់ភាគខាងត្បូងប្រទេស ក្នុងនោះពីរបានផ្ទុះនៅតំបន់ទេសចរណ៍ឆ្នេរសមុទ្ទដ៏ល្បីល្បាញ បង្កឱ្យស្លាប់មនុស្សបួននាក់។ គ្មានក្រុមណាចេញមុខប្រកាសទទួលស្គាល់ស្នាដៃភេរវកម្មនេះឡើយ។ ប៉ុន្តែប្រសិនបើពិតជាដូចការគិតរបស់ប៉ូលិសមែន នេះជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកអ៊ីស្លាមជ្រុលនិយមភាគខាងត្បូងបំផុត បន្ទាប់ពីបានបង្កសកម្មភាពតែក្នុងតំបន់អស់រយៈពេលជាងមួយទសវត្សរ៍មក៕

ប្រភព៖ RFI


Related Posts