សហភាពអឺរ៉ុបស្វែងរកដង្ហើមថ្មីក្រោយអង់គ្លេសដើរចេញពីអឺរ៉ុប

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល អ៊ីតាលី អាល្លឺម៉ង់ និងបារាំង បានជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ នៅប្រទេសអ៊ីតាលី។ នេះជាទម្រង់នៃជំនួបកំពូលអឺរ៉ុបតូចមួយ និងជាលើកទីពីរ ដែលក្រុមអ្នកដឹកនាំប្រទេសសំខាន់ៗរបស់អឺរ៉ុបបានរៀបចំឡើង។ កម្មវត្ថុនៃជំនួបប្រជុំនេះ គឺដើម្បីស្វែងរកដង្ហើមថ្មីសម្រាប់ផ្តល់សន្ទុះឱ្យអឺរ៉ុប បន្ទាប់ពីឆ្អល់ចិត្តនៅពេលអង់គ្លេសសម្រេចដើរចេញពីអឺរ៉ុបតាមរយៈប្រជាមតិ។

កាលពីថ្ងៃទី ២៧មិថុនា ពីរបីថ្ងៃក្រោយប្រជាមតិអង់គ្លេសភ្លាម ប្រមុខដឹកនាំអ៊ីតាលី អាល្លឺម៉ង់ និងបារាំង បានព្រមព្រៀងនៅទីក្រុងប៊ែរឡាំង ថាត្រូវតែរកចរន្តថ្មីផ្តល់កម្លាំងដល់អឺរ៉ុប។ ថ្ងៃនេះ រ៉ូម ប៊ែរឡាំង និងប៉ារីស បាននិងកំពុងខិតខំប្រែក្លាយពាក្យសំដីឱ្យទៅជាសកម្មភាពពិត សម្រាប់ធ្វើជាក្បាលម៉ាស៊ីនដឹកនាំចលនាផ្តល់សន្ទុះដល់អឺរ៉ុបដែលហាក់ដូចជាកំពុងថប់ដង្ហើមខ្លាំង។

ជំនួបត្រីភាគីថ្ងៃនេះ គឺជាការរៀបចំសេចក្តីសម្រេចចិត្តស្តីអំពីអនាគតអឺរ៉ុប (គ្មានអង់គ្លេស) សម្រាប់ឱ្យជំនួបកំពូលអឺរ៉ុបខែកញ្ញាអនុម័ត។ អាទិភាពដំបូងគេ គឺ សន្តិសុខផ្ទៃក្នុង ការប្រយុទ្ធប្រឆាំងនឹងភេរវនិយម និងឆន្ទៈដោះស្រាយវិបត្តិអន្តោប្រវេសន៍។

កម្មវត្ថុសំខាន់មួយទៀត គឺការរឹតចំណងប្រទេសជាមេដឹកនាំអឺរ៉ុប ទាំងកាយវិការទាំងគំនិត ព្រោះសូមបញ្ជាក់ថា ប្រទេសទាំងបីនេះ មានទស្សនៈខុសគ្នាស្រលះ អ៊ីតាលីចង់បានអឺរ៉ុបដែលមិនរិតត្បិត ផ្ទុយពីអាល្លឺម៉ង់ ចង់ការពារជានិច្ចគោលការណ៍សន្សំសំចៃ ឯបារាំងរបស់លោកហ្វ្រង់ស័រ ហូឡង់ ផ្តោតខ្លាំងលើសន្តិសុខនិងគម្រោងការពារអឺរ៉ុប។

ប្រមុខដឹកនាំអឺរ៉ុបទាំងបី ក៏ចង់បោសខាត់លើកតម្កើងស្ថាប័នអឺរ៉ុបឡើងវិញ ឱ្យសមាជិកអឺរ៉ុបខ្លួនឯងមានទំនុកចិត្ត ដោយត្រូវលាតត្រដាងអំពីតួនាទី និងដំណើរការស្ថាប័នមួយនេះ ឱ្យពលរដ្ឋបានយល់កាន់តែច្បាស់។ ពង្រឹងសេដ្ឋកិច្ចអឺរ៉ុប ធ្វើឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងផ្ទៃអឺរ៉ុប មានលំនឹង មានការចុះសម្រុងគ្នាផ្នែកពន្ធដារនិងសង្គម ក៏នឹងត្រូវលើកយកពិភាក្សាគ្នាដែរ នាឱកាសនេះ។

ជម្រើសធ្វើជំនួបកំពូលត្រីភាគី នៅវ៉ង់តូតេនេ ប្រទេសអ៊ីតាលី មានអត្ថន័យជានិម្មិត្តរូបបំផុត ថាប្រទេសទាំងបីពិតជាអាចធ្វើឱ្យអឺរ៉ុបមានសន្ទុះឡើងវិញបាន ព្រោះកោះអ៊ីតាលីមួយនេះ ធ្លាប់ជាកន្លែងភៀសខ្លួនរបស់ក្រុមប្រឆាំងតស៊ូដើម្បីសេរីភាពអឺរ៉ុប ក្នុងសម័យហ្វាស៊ីស៕

ប្រភព៖ RFI


សហភាពអឺរ៉ុបស្វែងរកដង្ហើមថ្មីក្រោយអង់គ្លេសដើរចេញពីអឺរ៉ុប

​អាមេរិក​ធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងខ្លាំង

សហភាពអឺរ៉ុបស្វែងរកដង្ហើមថ្មីក្រោយអង់គ្លេសដើរចេញពីអឺរ៉ុប

អ្នកគ្រាប់បែកអត្តឃាតជាកូន ISIS អាយុប្រហែល១២, ១៣ឆ្នាំ ត្រូវបានចាប់ដោះខ្សែក្រវ៉ាត់គ្រឿងផ្ទុះ​នៅអ៊ីរ៉ាក់