មុន​នេះ​បន្តិច សមត្ថកិច្ច​នាំ​លោក មា​ជ សុវណ្ណារ៉ា មក​ដល់​សាលា​ឧ​ទ្ឋ​រណ៍​ហើយ

រាជធានី​ភ្នំពេញ ៖​ដូច​តាម​ការ​គ្រោងទុក ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ផ្សេង​ទៀត បាន​ត្រូវ​អនុរក្ស​ព​ន្ឋ​នាគារ​ព្រៃ​.​ស នាំ​មក​ដល់​សាលា​ឧ​ទ្ឋ​រណ៍​ហើយ នៅ​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ដើម្បី​បើក​សវនាការ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​ដដែល​នេះ នៅ​ខាងក្រៅ​អង្គ​សវនាការ​សាលា​ឧ​ទ្ឋ​រណ៍ គេ​មិនឃើញ​មាន​ក្រុម​សកម្មជន​និង​អ្នកគាំទ្រ ឬ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​កិច្ច​ការងារ​ពាក់​ព័​ន្ឋ​នឹង​សិ​ទ្ឋិ​មនុស្ស​ទៅ​លើក​បដា ឬ​ស្រែក​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​មនុស្ស​ទាំង​៧​នាក់​នោះ​ទេ ឃើញ​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ លោកស្រី​មួរ សុខ​ហួរ និង​លោក​រៀល ខេ​ម​រិ​ន្ទ ទៅ​អង្កេត​មើល​ការ​បើក​សវនាការ​នេះ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០ ឆ្នាំ​ទាក់ទង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី ១៥ កក្កដា ដែល​បណ្ដាល​ឲ្យ​កង​សន្តិសុខ និង​អ្នក​តវ៉ា​ជិត​៤០​នាក់​រង​របួស ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករ​ជា​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ។ ដោយឡែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ទៀត​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចាប់ពី​៥ ឆ្នាំ​ដល់ ៧​ឆ្នាំ ពាក់​ព័​ន្ឋ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​គ្នា​នេះ​។

កាលពី​ថ្ងៃ​ទី​២២ សីហា​ម្សិលមិញ​លោកស្រី មួរ សុខ​ហួរ បាន​ចាត់​ទុក​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្តន្ទាទោស​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ដាក់​ព​ន្ឋ​នាគារ​២០​ឆ្នាំ​និង​មនុស្ស​៧​នាក់ ដាក់​ព​ន្ឋ​នាគារ​ម្នាក់​ៗ​ពី​៥​ទៅ​៧​ឆ្នាំ​នោះ ថា​ជា​អំពើ​អយុត្តិធម៌ គ្រាន់តែ​ពួក​គេ​ទាមទារ​ដើម្បី​ធានា​ការ​បញ្ចេញមតិ ព្រោះថា​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ សិទ្ធិ​បញ្ចេញមតិ​ត្រូវ​អនុញ្ញាត​ដោយ​ច្បាប់ ៕