លោក ហ៊ុន សែន ប្រកាសចង់ឈប់កាន់អំណាច តែថាមិនមានអ្នកអាចកាន់តំណែងជំនួសលោក

ភ្នំពេញ — លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកនេះប្រកាសថា លោកនឹងចុះចេញពីអំណាច ប្រសិនជាមានអ្នកជំនួសតំណែងរបស់លោកហើយថា លោកបន្តកាន់អំណាចគឺដើម្បីសន្តិភាពរបស់កម្ពុជា។

នៅព្រឹកថ្ងៃច័ន្ទនេះ លោកហ៊ុន សែន បានរៀបចំវេទិកាស្តីពីការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ដោយលោកបានអញ្ជើញមន្រ្តីទូត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សកម្មជនការពារបរិស្ថានរាប់រយនាក់ ក្នុងនោះមានទាំងសកម្មជនសង្ឃព្រះអង្គប៊ុត ប៊ុនតិញ ដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន និងកញ្ញាធី សុវណ្ណថា ដែលធ្លាប់រិះគន់លោកហ៊ុន សែន មិនសំចៃមាត់។

លោកហ៊ុន សែន លើកឡើងថា លោកនឹងចុះចេញពីតំណែងភ្លាម ប្រសិនជាការចុះចេញរបស់លោកអាចនាំសន្តិភាពដល់ប្រទេស។ លោកបន្ថែមថា លោកនឹងនៅបន្តកាន់អំណាចដើម្បីសុខសន្តិភាពរបស់ប្រទេស ដោយមិនបោះបង់ចោលអំណាចដែលគេតែងរិះគន់ថា លោកកាន់អំណាចយូរនោះទេ។

លោកមានប្រសាសន៍ថា៖

«ករុណាខ្ញុំចង់ចេញស្អែកក៏បានដែរ អត់បញ្ហា មិនបាច់ថា ដូរ មិនដូរទេ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់អី After Hun Sen (បន្ទាប់ពីហ៊ុន សែន)។ ក្រោយហ៊ុន សែន ជាអ្នកណា? នេះជាបញ្ហាដែលត្រូវគិត។ បើសិនជាក្រោយហ៊ុន សែន វាស្រួល អត់ទេ មួយអាទិត្យវាយកូនហ្គោល៥ដង ក៏គ្មានអ្នកណាទៅឈឺក្បាល។ ប៉ុន្តែត្រូវគិតឲ្យច្បាស់»។

«ការរក្សាអំណាចដើម្បីសុវត្ថិភាពរបស់នគរ គឺជារឿងមួយ តែដណ្តើមអំណាចគឺវាជារឿងមួយទៀត។ អ្នកធ្វើគណបក្សនយោបាយធ្វើដើម្បីអី? និយាយឲ្យត្រង់ៗតែម្តងទៅ! ធ្វើដើម្បីសន្លឹកឆ្នោត ហើយពេលខ្ញុំករុណាចុះទៅដើរសួរសុខទុក្ខប្រជាពលរដ្ឋ គេថា ខ្ញុំចុះទៅរកសន្លឹកឆ្នោត។ សូមប្រកាសថា ខ្ញុំទៅរកសន្លឹកឆ្នោតនិយាយឲ្យច្បាស់អញ្ចឹងតែម្តងទៅ!»

លោកហ៊ុន សែន និយាយថា លោកធ្វើជារដ្ឋមន្រ្តីការបរទេសនៅអាយុ២៧ឆ្នាំ និងជានាយករដ្ឋមន្រ្តីនៅអាយុ៣២ឆ្នាំ។ លោកថា លោកក៏ជាឧត្តមសេនីយ៍ផ្កាយមាស៥ផងដែរ។ លោកចាត់ទុកថា ការកាន់កាប់អំណាចរបស់លោកគឺជាឯតទគ្គកម្មមួយដែលមិនមានអ្នកណាអាចបំបែកបាន។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគឺលោកយឹម សុវណ្ណ មានប្រសាសន៍ថា ដើម្បីឲ្យប្រទេសកម្ពុជាជឿនលឿន និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លោកហ៊ុន សែនត្រូវមានការផ្តល់ឱកាសឲ្យអ្នកដទៃដឹកនាំប្រទេសជំនួស។ លោកថា លោកសង្ឃឹមទៅលើប្រជាពលរដ្ឋតាមរយៈការរៀបចំការបោះឆ្នោតឲ្យយុត្តិធម៌។

លោកបញ្ជាក់ថា៖

«បើសិនជាយើងគិតថា ផ្តោតអារម្មណ៍ទៅលើតែមនុស្សម្នាក់ អាហ្នឹងគឺធ្វើឲ្យយើងមានការបារម្ភទៅវិញទេ។ ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា នៅក្នុងប្រទេសកម្ពុជាមានថ្នាក់ដឹកនាំទាំងនៅក្នុងគណបក្សប្រជាជនកម្ពុជា គណបក្សនានាផ្សេងទៀត គណបក្សសង្គ្រោះជាតិគឺយើងអាចទៅចូលរួមចំណែកក្នុងការចូលជួយដឹកនាំប្រទេសបាន សំខាន់គឺឆន្ទៈរបស់ប្រជារាស្រ្ត។ កាលណាប្រជារាស្រ្តប្រគល់ក្តីសង្ឃឹម ប្រគល់ជំនឿទុកចិត្តបាន អាហ្នឹងគឺយើងអាចធ្វើដំណើរទៅបានហើយ»។

ចំណែកលោកមាស នី អ្នកវិភាគអំពីការអភិវឌ្ឍសង្គម យល់ថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី គឺបង្ហាញពីកម្សោយនៃការដឹកនាំរបស់គណបក្សកាន់អំណាច ដែលមិនមានធនធានមនុស្សក្នុងការដឹកនាំប្រទេស។ លោកបន្ថែមថា នៅកម្ពុជាមានមនុស្សវ័យក្មេងជាច្រើនដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសបានប្រសើរជាងលោកហ៊ុន សែន។

លោកមានប្រសាសន៍ថា៖

«យើងបានខំបណ្តុះបណ្តាលធនធានមនុស្សរហូតដល់រាប់លាននាក់ ឬក៏រាប់សែននាក់ ដែលអាចស្នង ឬក៏បំពេញតួនាទីជានាយករដ្ឋមន្រ្តីបាន។ ខ្ញុំគិតថា ប្រទេសខ្មែរដែលដឹកនាំតាំងពីក្នុងប្រវត្តិសាស្រ្តមកដល់នេះ ក៏មិនមែនពឹងតែលើមនុស្សម្នាក់ ហើយមនុស្សម្នាក់ហ្នឹងក៏មិនមានអាយុ១០០ ឬ២០០ឆ្នាំដែរ តែងតែមានការផ្លាស់ប្តូរបាទ។ ហើយមកដល់សម័យនេះ ខ្ញុំគិតថា ក៏មានអ្នកដឹកនាំវ័យក្មេងៗជាច្រើនទៀត ដែលនឹងដឹកនាំប្រទេសខ្មែរយើងឲ្យជឿនលឿនជាងនេះទៅទៀត»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោកហ៊ុន សែនពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។

របាយការណ៍ដដែលបន្ថែមថា លោកនាយករដ្ឋមន្រ្តីបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ និងការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងការប្រើកម្លាំងដើម្បីគំរាមកំហែងជាដើម។

កាលពីដើមខែកក្កដា អង្គការ Global Witness បានចេញរបាយការណ៍មួយហៅថា«ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»។ របាយការណ៍នោះបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។ របាយការណ៍នោះក៏បានរកឃើញថា ក្រុមគ្រួសាររបស់លោកហ៊ុន សែន ទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនចំនួន១១៤ នៅក្នុងស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដែលមានចាប់ពីវិស័យជីករ៉ែ វិស័យកសិកម្ម អគ្គិសនីរហូតដល់ប្រព័ន្ធផ្សព្វផ្សាយ ហើយនឹងវិស័យកាត់ដេរ ព្រៃឈើ ព្រមទាំងវិស័យដឹកជញ្ជូនជាដើម។

លោកហ៊ុន សែន ដែលត្រូវបានសារព័ត៌មានបរទេសហៅថា ជាបុរសខ្លាំង ត្រូវបានចោទប្រកាន់ថា កាន់អំណាចបានដោយសារការលួចបន្លំសន្លឹកឆ្នោត តែលោកបានច្រានចោលការចោទប្រកាន់នេះ៕

ប្រភព៖ VOA


Related Posts