ព្រះអង្គ ប៊ុត ប៊ុនតិញ៖​ វេទិកាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រឹកមិញធ្វើត្រូវ តែអញ្ជើញមនុស្សភាគច្រើនមិនស្គាល់ព្រៃ

នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករជ្យដើម្បី យុត្តិធម៌សង្គមព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានថេរដីការលើកឡើងពីបញ្ហាផ្សេងៗដែលព្រះអង្គបានធ្វើកិច្ចការងារកន្លងមកជាមួយនឹងបណ្ដាញ និងសហគមន៍ការពារព្រៃឈើ នៅទូទាំងប្រទេស ។

នៅក្នុងវេទិកា ស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ ព្រឹកមិញនេះ ព្រះអង្គបានលើកឡើងប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការ ការពារព្រៃឈើ ទោះជាមកទល់នឹងពេលនេះរងគ្រោះខ្លាំងក៏ដោយចុះចំពោះការបាត់បង់ ប៉ុន្តែព្រះអង្គថា មិនទាន់ហួសពេលនោះទេសម្រាប់សកម្មភាពមួយនេះ ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេដីការប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យថា នៅរសៀលថ្ងៃទី២២ សីហា នេះ ក្រោយបញ្ចប់វេទិកានៅវិមានសន្តិភាពថា វេទិកានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើត្រូវ ប៉ុន្តែអ្វីដែលខុសនោះ លោកនាយករដ្ឋមន្រ្តីអញ្ជើញភាគច្រើនសុទ្ធតែជាអ្នកដែលមិនសូវស្គាល់ព្រៃ ។

ទោះជាបែបនេះក្ដីស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមអង្គនេះបញ្ជាក់ថា ទោះបីជា នៅពេលនេះព្រៃឈើកំពុងបាត់បង់ ហើយកន្លងមកអាជ្ញាធរធ្វើការរារាំងខ្លាំងដល់សកម្មជនព្រៃឈើក៏ដោយចុះ ប៉ុន្តែចាប់ពីពេលនេះតទៅបើសិនជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទន់ឥរិយាបទ ហើយព្យាយាមស្វែងយល់ព័ត៌មានទាក់ទងនឹងបរិស្ថាននេះឱ្យបានគ្រប់ជ្រុងជ្រោយនោះ គឺជារឿងប្រសើរ ៕

ប្រភព៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ


Related Posts