អាយុ​ជា​ឧបសគ្គ​ធំ​សម្រាប់​សហគ្រិន​វ័យ​ក្មេង​

ឧបសគ្គ​ធំ​បំផុត​ក្នុង​សង្គម​កម្ពុជា គឺ​ភាគ​ច្រើន​ឪពុក​ម្ដាយ​តែង​ឆ្លើយ​​ថា​ “ទេ”​​ នៅ​ពេល​កូន​របស់​ខ្លួន​មាន​អាយុ​តិច​ចង់​បើក​អាជីវកម្ម​ឬ​ចង់​វិនិយោគ​ណា​មួយ។

 

អាយុ​ជា​ឧបសគ្គ​ធំ​សម្រាប់​សហគ្រិន​វ័យ​ក្មេង​
គេ​មើល​ឃើញ​ថា​ អាយុ​បាន​ក្លាយ​ជា​ការ​រារាំង​ដ៏​អយុត្តិធម៌​មួយ​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ​មិន​លើស​ពី​៣០​ឆ្នាំ នៅ​ពេល​ពួក​គេ​មាន​គំនិត​ក្នុង​ការ​រក​ស៊ី​ឬ​ចង់​វិនិយោគ​បណ្ដាក់​ទុន​តែ​ត្រូវ​គេ​បំបាក់​ទឹក​ចិត្ត​ទៅ​វិញ។​

 

លោក​ ស៊ឹម ឬទ្ធី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បណ្ដុះបណ្ដាល​ពី​របៀប​នៃ​ការ​វិនិយោគ​ Miracles of Capital Cambodia Co.,Ltd យល់​ថា​សព្វ​ថ្ងៃ​កូន​ខ្មែរ​ភាគ​ច្រើន​ចាប់​ផ្ដើម​មាន​គំនិត​លើ​ការ​វិនិយោគ បណ្ដាក់​ទុន​និង​សមត្ថភាព​ខ្លាំង​អាច​ប្រជែង​ជាមួយ​សហគ្រិន​បរទេស​បាន។ ជាក់​ស្ដែង សហ​ស្ថាបនិក​ហាង​កាហ្វេ Brown ក៏​ចាប់​ផ្ដើម​រក​ស៊ី​តាំង​វ័យ​ក្មេង​ដែរ ប៉ុន្តែ​លោក​ទទួល​បាន​ជោគជ័យ។​​​​

 

ដោយ​សារ​តែ​នៅ​កម្ពុជា​មិនទាន់​មាន​ក្រុមហ៊ុន​ណា​សម្រាប់​បណ្ដុះបណ្ដាល​ចំពោះ​របៀប​នៃ​ការ​វិនិយោគ​ទុន និង​របៀប​នៃ​ការ​ដាក់​ទុន​ដើម្បី​ទាក់ទាញ​បាន​អ្នក​វិនិយោគ​ច្រើន ដូច្នេះ​ទម្រង់​នៃ​ការ​គ្រប់​គ្រង​លុយ​ហាក់​នៅ​មិន​ទាន់​ច្បាស់​លាស់។ លើស​ពី​នេះ ​ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​មិន​ប្រាកដប្រជា នោះ​ក្រុម​ហ៊ុន​បរទេស​នឹង​ចូល​មក​បោស​សំអាត​ជាក់​ជា​មិនខាន។​

 

អាយុ​ជា​ឧបសគ្គ​ធំ​សម្រាប់​សហគ្រិន​វ័យ​ក្មេង​

 

​ជាក់​ស្ដែង​យុវជន​ សុខ​ ចាន់​ណា​រ៉ូ ក៏​ធ្លាប់​ត្រូវ​ក្រុម​គ្រួសារ​ហាក់​ស្ទាក់ស្ទើរ​មិន​ចង់​ឲ្យ​ខ្លួន​រកស៊ី​ដែរ​ អំឡុង​ណា​រ៉ូ​ចង់​បើក​អាជីវកម្ម​ការ​ផលិត​វីដេអូ​និង​រចនា​រូបភាព​ពេល​អាយុ​២៣ឆ្នាំ។

 

​ម្ល៉ោះ​ហើយ​លោក គួច ម៉េង​លី ទី​ប្រឹក្សា​ក្រុម​ប្រឹក្សា​ភិ​បាល JCI Cambodia  បាន​ផ្ដល់​ជា​ដំបូន្មាន​ថា​សម្រាប់​សហគ្រិន​វ័យ​ក្មេង​ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម​ ចាំ​បាច់​ត្រូវ​សិក្សា​ស្វែង​យល់​ពី​បទពិសោធន៍ ​ឬ​វិធី​សាស្ត្រ​ធ្វើ​អាជីវកម្ម​ជោគជ័យ​រប​ស់​បុគ្គល​ជោគ​ជ័យ​ទូទាំង​ពិភពលោក ​ដើម្បី​ទុក​ជា​គន្លឹះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​តែង​តែ​កើត​មាន​ឡើង។ ជាង​នេះ​ទៀត ជំនាញ​ទំនាក់​ទំនង​សាធារណៈ និង​ភាព​ស្មោះត្រង់ ​ក៏​ជា​កត្តា​មួយ​ជួយ​ឱ្យ​ឥរិយាបថ​ធ្វើ​អាជីវកម្ម​ដំណើរការ​ទៅ​ដោយ​រលូន​ផង​ដែរ៕

 

សូមអាន៖   នៅ​ក្មេង​ហ៊ាន​បើក​អាជីវកម្ម​ទាំង​មិន​ដែល​ប្រឡូក​ដោយ​មិន​ខ្លាច​បរាជ័យ

 

អត្ថបទ៖ លឹម សុ​នា