KMH នឹងផ្តល់ប្រាក់រង្វាន់៨០០០ដុល្លារ សម្រាប់យុទ្ធនាការក្នុងរដូវកាលថ្មី

ព្រឹត្តិការណ៍នៃការប្រកួតដណ្តើមពាន KMH Champions League នឹងផ្តល់ភាពរំភើប និងការចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់រដូវកាលថ្មីខាងមុខនេះ ក្រោយពីពួកគេបានសម្រេចបង្កើនទឹកប្រាក់រង្វាន់ដល់ក្រុមឈ្នះដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជារូបមន្តលេងថ្មីដ៏គួរឲ្យចាប់អារម្មណ៍។

ft-img-template

លោកកាំង សេន នាយកក្រុមហ៊ុន ISI Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា ក្រុមដែលឈ្នះពានរង្វាន់សម្រាប់រដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នឹងទទួលប្រាក់រង្វាន់រហូតដល់ទៅ៨០០០ពាន់ដុលារអាមេរិក ខណៈដែលក្រុមលេខ២ នឹងទទួលបាន៤០០០ពាន់ដុល្លារ ហើយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នឹងទទួលបាន២០០០ដុល្លារ។

លោកកាំង សេន បានឲ្យដឹងថា៖ «គោលបំណងនៃការបង្កើនប្រាក់រង្វាន់នេះ គឺការបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗ និងការបង្កើនការប្រកួតប្រជែងនៅលើទីលាន ខណៈដែលកាលពីឆ្នាំមុនយើងបានផ្តល់ប្រាក់រង្វាន់ដល់ក្រុមឈ្នះត្រឹមតែ៣០០០ដុល្លារអាមេរិកប៉ុណ្ណោះ»។

ជាមួយគ្នានេះ វាក៏មានការកែសម្រួលទៅលើរូបមន្ត និងលក្ខខណ្ឌនៃការប្រកួតជាច្រើនផងដែរ ដោយក្រុមទាំងអស់នឹងត្រូវអនុញ្ញាតឲ្យចុះឈ្មោះកីឡាករទាំងអស់ចំនួន២៤នាក់ ក្នុងនោះកីឡាករអាជីព២នាក់ និងកីឡាករបរទេស៤នាក់ (អនុញ្ញាតឲ្យលេង២នាក់នៅលើទីលាន)។

ការប្រកួតទាំងអស់នឹងត្រូវលេងនៅលើទីលានធំ ដោយក្រុមទាំងអស់ត្រូវដាក់ឲ្យកីឡាករលេងនៅលើទីលានចំនួន១១នាក់ រយៈពេល៩០នាទី ដែលខុសប្លែកពីឆ្នាំមុន ខណៈដែលក្នុងមួយក្រុម អាចដាក់ឲ្យកីឡាករចូលត្រឹមតែ១០នាក់គត់ និងត្រូវតែជាកីឡាករមិនមែនអាជីព។

សម្រាប់យុទ្ធនាការនៅឆ្នាំថ្មីនេះ ក្រុមចំនួន៣២នឹងត្រូវធ្វើការប្រកួតចាប់ពីវគ្គចែកពូលតទៅ ដូចឆ្នាំមុនដែរ ប៉ុន្តែ ក្រុមទាំងអស់ត្រូវតម្រូវឲ្យលេងការប្រកួតពីរជើងពោលគឺ ក្រៅដី និងក្នុងដី។ រដូវកាលថ្មីនេះនឹងចាប់ផ្តើមប្រកួតនៅចុងខែកញ្ញា ហើយការចុះឈ្មោះចូលរួមប្រកួតនឹងចាប់ផ្តើមពីពេលនេះតទៅរហូតដល់ថ្ងៃទី២២ ខែកញ្ញា ស្របពេលការប្រកួតភាគច្រើននៃយុទ្ធនាការនេះ នឹងត្រូវផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN៕

The post KMH នឹងផ្តល់ប្រាក់រង្វាន់៨០០០ដុល្លារ សម្រាប់យុទ្ធនាការក្នុងរដូវកាលថ្មី appeared first on CamboSport.