អ្នកជំនាញបានបង្ហាញថា ឪពុកម្តាយតឹងរឹងពេក នឹងបណ្តាលឲ្យកូនៗ រៀនចេះនិយាយកុហក

តួនាទីជាអ្នកមានគុណ គឺត្រូវតែទទួលខុសត្រូវ ក៏ដូចជាណែនាំ បុត្រធីតារបស់ខ្លួន ឲ្យដើរតាមគន្លងផ្លូវត្រឹមត្រូវ ដែលបានកំណត់ទុករួចជាស្រេច។ ជាក់ស្តែង ឪពុកម្តាយគ្រប់ៗរូប សុទ្ធតែមានរបៀបដឹកនាំ ប្រៀនប្រដៅ តាមរបៀបខុសៗគ្នា ហើយក្នុងនោះក៏មានឪពុកម្តាយ មួយចំនួនធំ ដែលមានភាពតឹងរឹងបំផុតផងដែរ។

ពួកគេបង្កើត និងកំណត់ច្បាប់ទម្លាប់ផ្សេងៗ និងមិនអនុញ្ញាតឲ្យកូនៗ ធ្វើខុសពីវិន័យទាំងនោះឡើយ។ ពួកគេគិតថា វាជាវិធីល្អបំផុត ដើម្បីឲ្យកូនៗអាចដើរតាមផ្លូវត្រឹមត្រូវតាមដែលបានកំណត់ ជាពិសេស មានការគោរពកោតខ្លាចខ្លួន។

ហេតុនេះ ប្រសិនបើអ្នកនៅក្នុងចំណោមឪពុកម្តាយ ដែលមានភាពតឹងរឹង នោះកូនៗរបស់អ្នកប្រាកដជាមិនសូវមានការរីករាយ ពេញចិត្តប៉ុន្មានទេ។ អ្វីដែលជាបញ្ហាពិតប្រាកដនោះគឺ អ្នកកំពុងតែធ្វើឲ្យខូច ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រព្រឹត្តរឿងត្រឹមត្រូវទៅវិញទេ។ ក៏ព្រោះតែ ទីបំផុត កូនៗរបស់អ្នកនឹងប្រែជា ចូលចិត្តនិយាយកុហក បានយ៉ាងមានជំនាញ និងមានប្រសិទ្ធភាពទៀតផង។ 

តាមរយៈប្រភពគេហទំព័រ Daily Mail លោកស្រី Philippa Perry ដែលជាគ្រូពេទ្យខាងផ្នែក ចិត្តវិទ្យា បានលើកឡើងថា “ការដែលយើងដើរតួជា ឪពុកម្តាយដែលតឹងតែង ជាមួយកូនៗពេក នោះអ្នកកំពុងតែបង្កើតបរិយាកាសមួយ ដែលនឹងធ្វើឲ្យកូនៗមានភាពភ័យខ្លាច ក្នុងការនិយាយការពិតចេញមក”។

ឆ្លងកាត់ការពិភាក្សាជាច្រើនកន្លងមក Perry បានអះអាងថា ការកុហក ពិតជាបណ្តាលមកពីឪពុកម្តាយតឹងរឹងពិតមែន។ វាកើតឡើងដោយសារតែ ឪពុកម្តាយមិនផ្តល់ឱកាសសម្រាប់ ពួកគេឲ្យនិយាយការពិតបាន។ ជាចុងក្រោយ ឪពុកម្តាយម្នាក់ៗ មានតែបន្ទោសខ្លួនឯងទៅវិញទេ ដែលត្រូវកូនៗ និយាយពាក្យមិនពិត បែបបោកបញ្ឆោតបែបនេះ។

គំនិតរបស់នាង ត្រូវបានគាំទ្រ ដោយអ្នកស្រាវជ្រាវ ខាងផ្នែកចិត្តវិទូ ជនជាតិកាណាដាម្នាក់ឈ្មោះ Victoria Talwar។ ក្នុងការសិក្សានោះអ្នកស្រី Victoria Talwar បានធ្វើការពិសោធន៍មួយហៅថា “Peeping Game” ដើម្បីវាស់វែងនូវ កម្រិតការនិយាយភូតភរកុហក របស់កុមារ។ សិស្សានុសិស្ស ដែលមកពីសាលាចំនួន ២ នៅក្នុងប្រទេសអាហ្វ្រិក ខាងលិច ត្រូវបានជ្រើសរើស ដើម្បីមកចូលរួម ក្នុងការពិសោធន៍របស់នាង។ ក្នុងចំណោម សាលារៀនទាំងពីរខាងលើ សាលារៀនមួយមានវិន័យមិនសូវតឹងរឹងពេកទេ រីឯសាលារៀនមួយទៀតមានគោលនយាយបាយ វិន័យម៉ឺងម៉ាត់ ដោយការដាក់ទណ្ឌកម្ម។

ការធ្វើតេស្តនេះគឺ តម្រូវឲ្យកុមារ ធ្វើការទស្សទាយន៍វត្ថុ ដែលគេធ្វើឲ្យវាមានមានសំលេង ដោយមិនអនុញ្ញាតឲ្យងាកមើលឡើយ។ ក្នុងនោះ វត្ថុចុងក្រោយបង្អស់ គឺជាកូនបាល់ ដែលបង្កើតបានជាសំលេងមួយ មិនងាយនឹងស្តាប់បានច្បាស់ថាជាអ្វី ឲ្យប្រាកដឡើយ។ ហេតុនេះ មនុស្សក្នុងបន្ទប់ពិសោធន៍ បានធ្វើជាចាកចេញពីបន្ទប់ និងទុកកុមារឲ្យនៅក្នុងនោះ រួចប្រាប់ថា នៅពេលដែលពួកគេត្រលប់មកវិញ ពួកគេនឹងសួរថាវាជាវត្ថុអ្វី (ដោយមានអ្នកលួចឃ្លាំមើលថា កុមារនោះ បានលួចមើលឬក៏អត់)។

វេជ្ជបណ្ឌិត Talwar បានរកឃើញថា សិស្សដែលមកពី សាលារៀនដែលមានវិន័យមិនសូវតឹងរឹង មានកុមារខ្លះកុហក និងកុមារខ្លះទៀតសារភាពតាមត្រង់ថា បានលួចមើល ដែលនេះក៏មានភាពប្រហាក់ប្រហែលនឹងលទ្ធផល ការពិសោធន៍ដូចគ្នានេះ ក្នុងសាលារបស់លោកខាងលិចដែរ។ ប៉ុន្តែសម្រាប់កុមារ ដែលមកពីសាលាដែលមានវិន័យម៉ឺងម៉ាត់ និងតឹងតែងវិញគឺ ពួកគេនិយាយឆ្លើយតប ដោយពាក្យភូតកុហក យ៉ាងរហ័ស យ៉ាងមានជំនាញ ហើយសឹងតែមើលមិនដឹងថាកុហកទៀតផង។ 

ទន្ទឹមនឹងនេះដែរ លោកស្រី Perry ក៏បានលើកយកការពិសោធន៍នេះ ទៅពិភាក្សាក្នុងកម្មវិធីវិទ្យុ Radio 4 ប្រធានបទ “កុមារដែលនិយាយកុហក” ផងដែរ។ ក្នុងនោះ អ្នកនិពន្ធម្នាក់ឈ្មោះ Ian Leslie (ជាអ្នកសរសេរសៀវភៅ «កើតមកដើម្បីកុហក - ហេតុអ្វីយើងមិនអាចរស់នៅដោយមិននិយាយកុហកបាន») ក៏បាននិយាយដែរថា “ក្មេងៗដែលមកពីសាលាមានបទបញ្ញត្តិតឹងរឹង អាចនិយាយកុហកបានយ៉ាងលឿន និងកុហកបានល្អខ្លាំងទៀតផង។ ជាការពិតណាស់ ឪពុកម្តាយដែលតឹងរឹង ប្រាកដជាចង់ឲ្យកូនៗ រៀនសាលាដែលមានច្បាប់ទម្លាប់ម៉ឺងម៉ាត់ដូចគ្នា ប៉ុន្តែវាបែរជាធ្វើឲ្យកូនៗ ក្លាយជាមានដុងខាងកុហក តាំងពីតូចៗវិញជាមិនខាន”។

បើយោងទៅតាម អ្នកស្រី Perry ថ្លែងមកកាន់ Daily Mail ដោយបានរៀបរាប់ថា “ខ្ញុំគិតថា វាជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ដែលយើងព្យាយាមប្រើវិធីដ៏តឹងតែង ម៉ឺងម៉ាត់ផ្សេងៗមកលើកូនៗ ដោយមិនចង់ឲ្យពួកគេនិយាយកុហក តែចុងក្រោយកូនៗរបស់យើងបែរជាកាន់តែពូកែខាងកុហកទៅវិញ។ ពួកគេ គិតថាមានតែការកុហកទេ ដែលអាចឲ្យពួកគេគេចវេសពីបញ្ហាបាន។ ករណីនេះកើតឡើងដោយសារតែ កូនៗគិតថាពួកគេមិនមានសុវត្ថិភាព នៅពេលនិយាយការពិតចេញមកឡើយ”។

អ្នកស្រីបន្ថែមថា “វាគ្មានប្រយោជន៍អ្វីទេ ក្នុងការប្រើអំណាចតឹងតែងលើកូនៗ ក្នុងគោលបំណងមិនចង់ឲ្យពួកគេនិយាយកុហកនោះ។ យើងអាចចង់ដឹងការពិតនៅពីក្រោយការកុហក អាចសួរនាំ និងស្វែងរកហេតុផលបាន ប៉ុន្តែប្រសិនបើយើងប្រើធម៌ក្តៅ តឹងតែងពេកនោះ វាកាន់តែធ្វើឲ្យលទ្ធផលផ្ទុយពីអ្វី ដែលយើងចង់បានទៅវិញទេ”៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកជំនាញបានបង្ហាញថា ឪពុកម្តាយតឹងរឹងពេក នឹងបណ្តាលឲ្យកូនៗ រៀនចេះនិយាយកុហក

អ្នកជំនាញបានបង្ហាញថា ឪពុកម្តាយតឹងរឹងពេក នឹងបណ្តាលឲ្យកូនៗ រៀនចេះនិយាយកុហក

អ្នកជំនាញបានបង្ហាញថា ឪពុកម្តាយតឹងរឹងពេក នឹងបណ្តាលឲ្យកូនៗ រៀនចេះនិយាយកុហក