Jacson៖ ឥទ្ធិពល Messi តិច​ឬ​ច្រើន​នឹង​ជួយ​ផ្សព្វផ្សាយ​ទូរសព្ទក្រុមហ៊ុន​​នៅ​កម្ពុជា

ជា​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ធំ​លំដាប់​ទី ៣ លើ​ពិភពលោក ក្រុមហ៊ុន Huawei បាន​ចុះ​កិច្ចសន្យា​ជាមួយ​កំពូល​តារា​បាល់ទាត់ Lionel Messi ធ្វើ​ជា​អគ្គ​រដ្ឋទូត​សុច្ឆន្ទៈ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ផលិតផល​ទូរសព្ទ​របស់​​ខ្លួន​​នៅ​លើ​ពិភពលោក។

 

Jacson៖ ឥទ្ធិពល Messi តិច​ឬ​ច្រើន​នឹង​ជួយ​ផ្សព្វផ្សាយ​ទូរសព្ទក្រុមហ៊ុន​​នៅ​កម្ពុជា

 

ការ​ជ្រើសរើស​កំពូល​តារា​ជើង​ស៊ុត​របស់​ក្រុម Barcelona ធ្វើ​ជា​តារា​ផ្សព្វផ្សាយ​ម៉ាក​ទូរសព្ទ​ដ៏​ធំ​នេះ ត្រូវ​បាន​លោក Jacson ឲ្យ​ដឹង​ថា នឹង​ជះ​ឥទ្ធិពល​ក្នុង​ការ​ជួយ​ពង្រីក​សក្ដានុពល​ទូរសព្ទ​របស់​ក្រុមហ៊ុន​ទាំង​​នៅ​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក​។

 

លោក Jacson ដែល​ជា​នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បាល់ទាត់​បាន​ក្លាយ​ជា​កីឡា​ដ៏​មាន​សក្ដានុពល មាន​ការ​ពេញនិយម​ពី​ពលរដ្ឋ​គ្រប់​ទិសទី។

 

លោក​ថា កន្លង​ទៅ​នេះ ក្រុមហ៊ុនបាន​ចុះ​កិច្ចសន្យា​ជាមួយ​កំពូល​តារា​បាល់ទាត់​ដ៏​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន Messi ធ្វើ​ជា​ទូត​សុឆន្ទៈ​​។ ក្នុង​ពេល​ដែល​​វិស័យ​កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​​ផុលផុស​ ការ​ចាប់​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន និង Messi នឹង​ជះ​ឥទ្ធិពល​ជួយ​ជំរុញ​ទឹកចិត្ត​អ្នក​គាំទ្រ​​នៅ​កម្ពុជា​​លើ​ម៉ាក​យីហោ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ តាម​រយៈ​ឥទ្ធិពល​ការ​គាំទ្រ​ទៅ​តារា​បាល់ទាត់ Messi។

 

ទាក់ទង​ការ​ជួយ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​គ្រប់គ្រង​រូប​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​តែងតែ​ចូលរួម​គាំទ្រ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​របស់​យុវជន ដើម្បី​សុខភាព​និង​ពង្រឹង​ការ​សាមគ្គី។ យ៉ាង​ណា លោក​ថា ក្រុមហ៊ុន​មិន​ទាន់​មាន​ផែនការ​ក្នុង​ការ​ចូលរួម​គាំទ្រ​ដោយ​ផ្ទាល់​លើ​ក្រុម​បាល់ទាត់​អាជីព ឬ​កីឡាករ​អាជីព​ណាមួយ​ដែល​កំពុង​លេង​ក្នុង​លីក​ប្រទេស​កម្ពុជា បើ​ទោះ​បី​ក្រុមហ៊ុន​មើល​ឃើញ​សក្ដានុពល​នៃ​វិស័យ​កីឡា​បាល់ទាត់ ដែល​កំពុង​ទទួល​ការ​ការ​គាំទ្រ​​កាន់​តែ​​ខ្លាំង​ពី​មហាជន និង​ពលរដ្ឋ​ជា​ច្រើន។

 

កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ក្រុមហ៊ុន Huawei បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​អ្នក​គាំទ្រ ដោយ​មាន​រូប​តំណាង​តារា​បាល់ទាត់ Messi ចូលរួម​ប្រកួតប្រជែង​ផង​ដែរ។ ការ​ប្រកួត​ដែល​រង​ការ​រំខាន​ដោយ​ភ្លៀង​មួយ​ធំ​ដើម្បី​បង្កើត​ភាព​ស្និទស្នាល​របស់​អ្នក​គាំទ្រ និង​ចូលរួម​បំផុស​ដល់​ការ​លេង​កីឡា​ដើម្បី​សុខភាព​ល្អ។

 

ចុចអាន៖ Huawei ទាញ​សក្ដានុពល​ទេសចរ​ចិន ជំរុញ​ការ​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

 

អត្ថបទ៖ ប៊ុណ្ណារ៉ា