ញាក់សាច់ ! យក​កាំបិត​អា​រក​ខ្លួនឯង​ឈាម​ស្រោច​ពេញ​ខ្លួន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​យក​កាំបិត​អា​រក​ខ្លួនឯង​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​រោង​លក់​ទឹកអំពៅ​មួយ​កន្លែង​ក្នុងភូមិ​០៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ រស់ សុ​ផុ​ន ហៅ តុល អាយុ​៤៨​ឆ្នាំ ជា​បុរស​ពោះម៉ាយ រស់នៅ​ភូមិ​១០៨ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ជាង​៣​ឆ្នាំ​មក​ហើយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ប្រាប់​បន្ត​ថា បន្ទាប់​ពី​លែងលះ​ជាមួយ​ប្រពន្ធ​រួច បុរស​ពោះម៉ាយ​រូប​នេះ​ខូចចិត្ត​ដើរ​ផឹកស្រា​ស្ទើរតែ​រាល់ថ្ងៃ រហូត​ម​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ បុរស​រង​គ្រោះ​បាន​យក​កាំបិតប៉័ងតោ​មក​អា​រក​ខ្លួនឯង​បណ្តាល​ឲ្យ​ឈាម​ហូរ​បាញ់​ស្រោច​ខ្លួន​តែ​ម្តង ។ ដោយ​ឃើញ​សភាព​បែប​នេះ ប្រជាពលរដ្ឋដែល​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ​ទាញ​យក​កាំបិត​ចេញពី​ដៃ និង​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​ជា​បន្ទាន់ និង​បាន​ហៅ​រថយន្ត​មក​ដឹក​ប្រញាប់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំ ។

លោកបញ្ជាក់ថា ចំពោះ​ការ​ដែល​បុរស​នេះ​សំរេចចិត្ត​គិត​ខ្លី​ចង់​ស្លាប់​នេះ គឺ​ដោយសារ​តែ​តូចចិត្ត​នឹង​ប្រពន្ធ​លែងលះ ហើយ​ចេះ​តែ​ដើរ​ផឹកស៊ី​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ​ និង​ប្រហែលជា​កើតរោគ​ស​សៃ​ប្រសាទផងក៏​មិន​ដឹង តែ​សំណាង​ហើយ​ដែល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បានឃើញ​ទាន់ ក៏ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕