អ្នកស្រុក​អង្គរ​ជា​បេតិកភណ្ឌ​រស់​ដែល​ត្រូវ​លើកកម្ពស់

ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្ត និង​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន​សម្រាប់​មនុស្សជាតិ​ទូ​ទាំង​សាកលលោក ជា​ពិសេស​សម្រាប់​ជាតិខ្មែរ​ទាំងមូល ។ បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា ដើម្បី​ស្វែងរក​នូវ​អាថ៌​កំបាំង​នៃ​ប្រវត្តិសាស្ត្រ​ដែល​បាត់បង់​តាម​សម័យកាល ។

ក្នុង​ករណី​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​សិក្សា​ស្រាវជ្រាវ ការ​អភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ទាំង​បេតិកភណ្ឌ​វប្បធម៌​រូបី ដែល​ជា​មរតក​មាន​រូបរាង ទ្រង់ទ្រាយ ដូច​ជា​សំណង់​ប្រាសាទ បារាយណ៍ រូប​បដិមា វត្ថុ​សិល្បៈ និង​វត្ថុ​ប្រើប្រាស់ ផ្សេង​ៗ​ជាដើម និង​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ជា​មរតក​គ្មាន​រូបរាង មិន​អាច​ប៉ះ​បាន ដូច​ជា​ចម្រៀង តន្ត្រី ល្ខោន និង​ពិធី​សាសនា​នានា ដែល​ជា​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​អារ្យធម៌​របស់​ដូនតា​ខ្មែរ ។

អ្នកស្រុក​អង្គរ​ជា​មរតក​រស់ និង​ជា​សាក្សី​ដ៏​សំខាន់​ក្នុង​ការ​ពន្យល់​ណែនាំ​បង្ហាញ​ពី​របៀបរបប​នៃ​ការ​រស់នៅ​តាំងពី​ដូនតា​រហូត​មក​ដល់​ពួក​គាត់​ដែល​ជា​កូនចៅ​ជំនាន់​ក្រោយ ។ មនុស្ស​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​អ្នក​បន្តវេន​ពី​ដូនតា ដែល​ពួក​គាត់​ទាំងនោះ​បាន​អះអាង​ថា អ្នក​រស់នៅ​ក្បែរ​ប្រាសាទ អ្នក​ថែទាំ​ប្រាសាទ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់​ទុក​អ្នកស្រុក​អង្គ​រថា​ជា​បេតិកភណ្ឌ​រស់​រហូត​តរៀង​មក ។

អាជ្ញាធរ​ជាតិ​អប្សរា​មិន​ត្រឹមតែ​លើកតម្កើង​អ្នកស្រុក​អង្គ​រថា ជា​បេតិកភណ្ឌ​រស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​តាម​រយៈ​កិច្ចការ​នានា ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​មាន​ដូច​ជា ឧបត្ថម្ភ​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ស្ត្រី និង​ទារក ដែល​ទើបតែ​ឆ្លងទន្លេ​ហើយ ថ្មី​ៗ ឧបត្ថម្ភ​ប្រាក់ និង​គ្រឿង​សម្ភារ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ចែកចាយ​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដែល​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​កន្លង​មក​ចំនួន​៥​លើក ស្មើនឹង​៣៥.០០០​លី​ត្រ ចូលរួម​ប្រាក់​ក្នុង​ពិធីបុណ្យ​សាសនា​នានា ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​រន្ទះបាញ់ ជូន​ស័ង្កសី​ចំនួន​២០​សន្លឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ ។

ពិសេស​ជាង​នេះ​ទៀត​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​អ្នកស្រុក​អង្គរ ដើម្បី​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ទេសចរណ៍​រទេះគោ ការ​ផ្តល់​ថាមពល​បន្ទះ​សូ​ឡា​ដែល​ប្រើ​ដោយ​កម្តៅ​ព្រះអាទិត្យ បង្កើត​ក្រុម​សន្សំ​លុយ​ក្រុម​ជួយ​ខ្លួនឯង ផ្តល់​ពូជ​កសិកម្ម ព្រមទាំង​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ ស្តារ​ប្រព័ន្ធ​ទឹក និង​កសាង​របាំង​ទឹក ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​កសិកម្ម ការ​កសាង​ផ្លូវ និង​ជួសជុល​ផ្លូវ​ក្នុង​តំបន់​អង្គរការ​ផ្តល់​ពូជ​ត្រី ការ​ផ្តល់​ពូជ​ឫស្សី​ទំពាំង​ផ្អែម  និង​កិច្ច​ការងារ​យ៉ាង​សន្ធឹកសន្ធាប់​ដទៃ​ទៀត​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ទាំង​ប្រយោល និង​ទាំង​ចំពោះ​ដល់​ពួក​គាត់ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​មាន​ទំហំ​៤០១​គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​ក្នុង​៥​ស្រុក​-​ក្រុង ២១​ឃុំ​-​សង្កាត់ និង​១១២​ភូមិ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រហែល​១២​ម៉ឺន​នាក់ ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងក្លា​ពី​អាជ្ញាធរ​ជាតិ​អប្សរា ៕