ក្តីសង្ឃឹម​​​ទទួលបាន​មេដាយ​​​​​​​​​​ក្នុង​​​​​​ព្រឹត្តិការណ៍​​​កីឡា​​​អូឡាំពិក​រលាយ​​​​បាត់​​​​​​​​​

ក្តីសង្ឃឹមទទួលបានមេដាយមាសអូឡាំពិក ជាលើកដំបូងពុំធ្លាប់មានរបស់កម្ពុជា  បានរលាយបាត់កាលពីយប់ថ្ងៃសៅរ៍ នៅពេលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវមីុ បរាជ័យក្រោមថ្វីដៃកីឡាការិនីហូឡង់ រ៉េស្មី អូហ្គីង (Reshmie Oogink)។ មានការរំពឹងទុកខ្ពស់លើកីឡារិនីវ័យ២១ឆ្នាំរូបនេះដែលបានក្លាយជាអត្តពលិកទី១របស់កម្ពុជា ដែលទទួលបានមេដាយមាសនៅក្នុងការប្រកួតកីឡាអាសុីឆ្នាំ២០១៤ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងការប្រកួតជម្រុះកីឡាអូឡាំពិកតេក្វាន់ដូអាស៊ីកាលពីខែមេសា ក្លាយជាអត្តពលិកដំបូងមិនធ្លាប់មានរបស់ប្រទេសដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតកីឡាអូឡាំពិក ដែលឆ្នាំនេះរៀបចំឡើងនៅទីក្រុងរីយ៉ូ ដេ ហ្សាណេរ៉ូ (Rio de Janeiro)។ ទោះជាយ៉ាងណា កីឡាការិនី ស៊ន សៀវមីុ បានបរាជ័យក្រោមថ្វីដៃកីឡាការិនីវ័យ២៦ឆ្នាំដែលមានបទពិសោធន៍ច្រើនជាងក្នុងវគ្គ១៦ក្រុមចុងក្រោយនៃប្រភេទទម្ងន់៦៧គីឡូក្រាមប្រភេទនារីដោយពិន្ទុ ៧-១។ កីឡាការិនីហូឡង់រូបនេះបានចាញ់កីឡាការិនីអាមេរិក ជែកឃី ហ្គាឡូវ៉េ (Jackie Galloway) ក្នុងវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបរាជ័យ កញ្ញា ស៊ន សៀវមីុ បានសរសេរសារសុំទោសតាមទំព័រហ្វេសប៊ុកដែលមិនអាចដណ្តើមមេដាយជូនជាតិបាន។ នាងបានសរសេរអមដោយរូបថតលាយឡំទឹកភ្នែកបន្ទាប់ពីការប្រកួតថា ”ខ្ញុំសូមអភ័យទោសពុកម៉ែបងប្អូនខ្មែរ។ នាងខ្ញុំពិតជាមានការសោកស្តាយណាស់ដែលខ្ញុំពុំអាចយកជ័យជម្នះជូនជាតិយើងបាន”។ បរាជ័យរបស់កញ្ញា ស៊ន សៀវមីុ បានធ្វើឱ្យលោក ជាតិ ខេមរា គ្រូបង្វឹកប្រចាំខេមរសហព័ន្ធតេក្វាន់ដូខកចិត្តយ៉ាងខ្លាំង។លោកមានប្រសាសន៍ថា ”អត្តពលិករបស់គេមានបទពិសោធន៍ច្រើនជាង ហើយដណ្តើមបានមេដាយមាស៦ក្នុងអឺរ៉ុប។ គេមានស្នៀតប្រយុទ្ធល្អ ជាង និងលឿនជាងនាង”។ ទោះយ៉ាងណា លោក ជាតិ ខេមរា មានប្រសាសន៍ថា លោកជឿថា បទពិសោធន៍លើឆាកអន្តរជាតិដ៏ធំបំផុតនេះនឹងមានប្រយោជន៍សម្រាប់កញ្ញា ស៊ន សៀវមុី រយៈពេលវែង។ លោកថ្លែងថា “លើកក្រោយនាងនឹងឈ្នះ បើនាងបន្តព្យាយាម”។ កីឡាការិនីតេក្វាន់ដូ កោ គឹមហួយ វ័យ១៧ឆ្នាំដែលសង្ឃឹមចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូង និយាយថាកញ្ញា ស៊ន សៀវមីុ នៅតែជានិមិត្តរូបនៃការជំរុញទឹកចិត្ត។ នាងនិយាយថា ”ខ្ញុំមានការសោកស្តាយចំពោះលទ្ធផលនេះ ហើយខ្ញុំឃើញគាត់វ៉ៃត្រូវចំណុច ប៉ុន្តែពិន្ទុមិនឡើង។ គាត់ជំរុញលើកទឹកចិត្តឲ្យយើងចង់ទទួលបានភាពល្បីល្បាញ និងដណ្តើមបានមេដាយជូនជាតិដូចគាត់បានធ្វើកន្លងមក”៕ សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part […]

The post ក្តីសង្ឃឹម​​​ទទួលបាន​មេដាយ​​​​​​​​​​ក្នុង​​​​​​ព្រឹត្តិការណ៍​​​កីឡា​​​អូឡាំពិក​រលាយ​​​​បាត់​​​​​​​​​ appeared first on The Cambodia Daily.