រឿង​ពិត នាយ គ្រឿន រំលឹករឿង​ច្រៀង​ច្រឡំ រោង​ការ

តារា​កំប្លែង​នាយ​ គ្រឿន នៅ​ព្រឹក​នេះ​បាន​​លើក​កកាយ​អនុស្សាវរីយ៍​ចំនួន២​ក្នុង​ជីវិត​សិល្បៈ​​ ដែល​ខ្លួន​មិន​អាច​​បំភ្លេច​បាន ក្នុង​នោះ​មាន​មួយ​​ជា​អនុស្សាវរីយ៍​ភ័យ​​បែក​​ញើស​ជោគ​ខ្លួន និង​មួយ​ទៀត ​ទៅ​ច្រៀង​​កាត់​សក់​ការគេ ប៉ុន្តែច្រឡំ​រោង​។

 

រឿង​ពិត នាយ គ្រឿន  រំលឹករឿង​ច្រៀង​ច្រឡំ រោង​ការ

១/ អនុស្សាវរីយ៍ ភ័យ​បែកញើស​ជោគ​ខ្លួន

នាយ​គ្រឿង​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កាល​ចូល​សិល្បៈ​ដំបូង នាយ​ពែកមី ជា​បង​ប្រុស​ដោយ​ចង់​ឲ្យ​ខ្លួន​​ចូល​សិល្បៈ បាន​នាំ​នាយ​ទៅ​សម្ដែង​តាម​ខេត្ត។  គ្រា​​នោះ នាយ​ភ័យ​ខ្លាំង​ណាស់ ព្រោះ​មិន​ធ្លាប់ឡើង​ឆាក ខ្លាច​ឆាក​ខ្លាច​​មនុស្ស​ច្រើន ភ័យ​បែក​ញើស​ជោគ​ខ្លួន អត់​មាន​ព្រលឹង​ក្នុង​ខ្លួន​សោះ។

 

២/  ធ្លាប់​ច្រៀង​ច្រឡំ រោង​ការ

តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត ស្វាយ​រៀង​រូប​នេះ បាន​រៀបរាប់​ថា គ្រា​មួយ​ខ្លួន​បាន​ទៅ​ច្រៀង​កាត់​សក់​គេ​មួយ​​នៅ​មណ្ឌល​កោះ​ពេជ្រ ហើយ​បាន​ចូល​ច្រឡំ​រោង​ការ។ ពេល​ចូល​ទៅ​ដល់ ភ្ញៀវ​​​បាន​មើល​ខ្លួន​គ្រប់ៗ​គ្នា ហាក់​ដូច​ជា​មាន​អារម្មណ៍​ងឿងឆ្ងល់ ប៉ុន្តែ​នាយ​មិន​បាន​ចាប់​អារម្មណ៍ ដោយ​គិត​ថា ខ្លួន​ជា​អ្នក​សិល្បៈ​ទស្សនិកជន​ស្គាល់​ការ​មើល​មុខ​សើច​ដាក់​មិន​មែន​ជា​រឿង​ចម្លែក​ទេ។ នៅ​ពេល​ តា​អាចារ្យ​ប្រកាស​ឲ្យ​អ្នក​ភ្លេង​ឡើង​ច្រៀង​កាត់​សក់ អត់​មាន​ឈ្មោះ​ខ្លួន ទើប​​ដឹង​ថា ចូល​​ខុស​រោង។

 

​អនុស្សាវរីយ៍​ ទាំង​២ខាង​លើ នាយ ​គ្រឿន បាន​ចាំ​ក្នុង​ចិត្តជា​និច្ច​មិន​អាច​​បំភ្លេច​បាន​ឡើយ ហើយ​នាយ​ចាត់​ទុក​ថា គឺ​ជា​អនុស្សាវរីយ៍​សំខាន់​បំផុត​ក្នុង​ជីវិត​សិល្បៈ​ជាង​៥ឆ្នាំ​ដែល​ខ្លួន​បាន​ប្រឡូក​មក​នេះ៕

 

អត្ថបទ៖ ខុត សីហា