អាន វិសាល ប្រាប់មូលហេតុវិលរកសិល្បៈវិញ ក្រោយ​ផ្អាក​ជិត​ ៨ឆ្នាំ

អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ M អាន វិសាល ត្រឡប់​ចូល​សិល្បៈ​វិញ​​ ក្រោយ​ផ្អាក​ជិត​ ៨​ឆ្នាំ លោក​ថា ​ដោយសារ​នៅ​មិន​ទាន់​ដាច់​អាល័យ​អាជីព​​ខ្លួន​ស្រលាញ់​ និងស្តាយ​សមត្ថភាព​ដែល​មិន​ទាន់​បាន​​ឱកាស​បាន​បញ្ចេញ​អស់​។

 

ម្ចាស់​បទ “ចាំរហូត” ថ្លែង៖ “និយាយ​ទៅ​​បង​មិន​ទាន់​អស់​ចិត្ត​ ហើយ​ការ​ត្រឡប់​មក​វិញ​លើក​នេះ​ បង​ចង់​មក​បញ្ចេញ​ស្នាដៃ​ដែល​មិន​ទាន់​បាន​បញ្ចេញ​ សម្រាប់​ទស្សនិកជន​ដែរ។ ការពិត​សិល្បៈ​បង​ចូល​យូរ​ដែរសរុប​មក​ដូច​លិបល​ចឹង​ ចេញ​ចូលៗ ​​គ្រាន់​តែ​មិន​សូវ​មាន​បទ​ច្រៀង​ ទើប​មិន​ដែល​បាន​ឡើង​តាម​ការ​ប្រគំតន្រ្តី​នានា”។

 

អាន វិសាល ប្រាប់មូលហេតុវិលរកសិល្បៈវិញ ក្រោយ​ផ្អាក​ជិត​ ៨ឆ្នាំ

 

ម្ចាស់​បទ “ទឹកភ្នែក​ខ្ទើយ” បញ្ជាក់​ទៀត​ថា​ អំឡុង​ពេល​ផ្អាក​សិល្បៈ​មួយ​រយៈ​ធំ​មក​នេះ​​លោក​បាន​ឆ្លៀត​រកស៊ី​ខ្លះៗ​គ្រាន់​ទុក​ចិញ្ចឹម​ជីវិត​។ ក្នុង​នោះ​លោក​ប្រកប​របរ​លក់​ម្ជូរ​លក់​បាយ​ ទទួល​ទិញ​ផ្លែ​ឈើ​តាម​រដូវ​យក​មក​លក់​ជា​ដើម។

 

រយៈ​ពេល​នៃ​ការ​ចូល​សិល្បៈ អាន វិសាល ថា​ប្រមាណ​ជាង​១៥​ឆ្នាំ​ហើយ​គិត​តាំង​ពី​ឆ្នាំ ២០០៣​មក​​។ ទោះ​បី​ជា​លោក​បាន​ផ្អាក​មួយ​រយៈ​ធំ​ក៏​ដោយ​ បងប្អូន​នៅ​តែ​គាំ​ទ្រ ក៏​ដូចជា​ចង់​ឲ្យ​ អាន វិសាល​ ត្រឡប់​ចូល​សិល្បៈ​វិញ។​ ប៉ុន្តែ​ដោយសារ​ពេល​មិន​អំណោយ​ផល​ទើប តារា​ប្រុស​រូបនេះ មិន​ទាន់​អាច​ត្រឡប់​មក​វិញ​បាន​ ទើប​តែ​ថ្មីៗ​នេះ​លោក​​បាន​ចុះ​កុង​ត្រា​២​ឆ្នាំ​ជាមួយ​ផលិតកម្ម​ បុត្រា ​ក្នុង​នោះ​​​នឹង​មាន​ត្រៀម​បទ​ថ្មី​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ អាន វិសាល៕

 


អត្ថបទ៖ ថា ម៉ាលីដា​
រូបភាព៖ ហ្វេស​ប៊ុក អាន វិសាល