ប្រាសាទបន្ទាយសម្រែ​ស្ថិត​ក្រោម​ការ​គាំពារ​ពី​អ្នកជំនាញ

ខេត្តសៀមរាប ៖ ប្រាសាទបន្ទាយសម្រែ​ជា​ប្រាសាទ​មួយ​ដែល​មាន​រចនាបថ​ដូច​ប្រាសាទអង្គរវត្ត​ដែរ ធ្លាប់​ជួសជុល​ដំបូង​ដោយ​អ្នកជំនាញ​ជនជាតិ​បារាំង​នា​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤៤ ដោយ​ប្រើ​វិធី​រើ ហើយ​រៀប​ទៅ​វិញ ដើម្បី​រៀបចំ​ទម្រង់​ប្រាសាទ​ឱ្យ​រឹង​មាំ​ដូច​សព្វ​ថ្ងៃនេះ  ។ ប៉ុន្តែ​ដោយ​ខ្វះខាត​ការ​ថែទាំ​ជាង​២០​ឆ្នាំ​កន្លង​មក ធ្វើ​ឱ្យ​រចនាសម្ព័ន្ធ​ប្រាសាទ​នេះ​មានការ​ទ្រុឌទ្រោម​ដោយ​អន្លើ ។ ដូច្នេះ​ហើយ​ដើម្បី​ធានា​សុវត្ថិភាព​អ្នក​ទស្សនា និង​ប្រាសាទ​ផង​នោះ ក្រុម​អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ស្ថាប័ន GiZ បាន​ជួសជុល​អភិរក្ស​ជា​បន្ទាន់​នូវ​បង្កាន់ដៃ​នាគ​ជុំវិញ​ដែល​ងាយ​រលំ​ខូចខាត ដើម្បី​បង្ការ​កុំឱ្យ​មានការ​ខូចខាត​កាន់តែ​ធ្ងន់ ឬ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​មិន​បាន​ចាប់អារម្មណ៍​ទៅ​ផ្អែក​លើ ឬ​សង្កត់​លើ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ។

អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក​ឡុ​ង ណា​រី ប្រាប់​ថា ការដ្ឋាន អភិរក្ស​ថ្ម​នៅ​ប្រាសាទបន្ទាយសម្រែ​នេះ បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៤ មាន​៤​កន្លែង ដែល​ក្រុមការងារ​បាន​ជួសជុល​អភិរក្ស​ឡើង​វិញ ។

ទី​១-​បាន​បញ្ចប់​រួច​ហើយ​នូវ​បង្កាន់ដៃ​នាគ​នៅ​ផ្នែក​ខាងត្បូង ។
ទី​២-​គឺ​កំពុង​ជួសជុល​អភិរក្ស​បង្កាន់ដៃ​នាគ​ដែល​មាន​ប្រវែង​៧​ម៉ែត្រ ។
ទី​៣-​ជួសជុល​ផ្តែរ​នៅ​កំពូល​កណ្តាល ដែល​រង​ការ​ពុក​ផុយ ប្រេះ មាន​ភាព​ខូចខាត​ជាង​ផ្តែរ​ដែល​នៅ​ខាងក្រៅ ។
ទី​៤-​គឺ​ការ​ជួសជុល​អភិរក្ស​ដោយ​ឥត​បាន​ព្រៀង​ទុក​ដើម្បី​សង្គ្រោះ​ផ្តែរ​នៅ​ជ្រុង​ខាងកើត ។

អ្នកជំនាញ​អភិរក្ស​ថ្ម​ឱ្យ​ដឹង​ពី​បច្ចេកទេស​នៃ​ការ​ជួសជុល​របស់​អ្នកជំនាញ​បារាំង (១៩៣៣-១៩៤៤)​ថា កាលនោះ​ប្រើ​គ្រឿងផ្សំ​សំខាន់ គឺ​ស៊ីម៉ង់​តិ៍​ដើម្បី​បូក​បន្ថែម លើ​កន្លែង​ណា​ដែល​គេ​គិត​ថា​គ្មាន​លំនឹង ឬ​ចាក់​ស៊ីម៉ង់ត៍​ទល់​ទ្រ​ដើម្បី​សង្គ្រោះ​បន្ទាន់ និង​ប្រើ​ដែក​សរសៃ​ដែល​មានគុណ​ភាព​ដើម្បី​ដាក់​ក្នុង ឬ​ចង​ភ្ជាប់​ពី​រចនាសម្ព័ន្ធ​សំណង់​មួយ​ទៅ​រចនាសម្ព័ន្ធ​សំណង់​មួយទៀត ។ មក​ដល់​បច្ចុប្បន្ន ស៊ីម៉ង់ត៍​មួយ​ចំនួន​បាន​ហើប​ដាច់​ចេញពី​ថ្ម ធ្វើ​ឱ្យ​ថ្ម​រង្គើ​អាច​ធ្លាក់​បាក់បែក​នៅ​ថ្ងៃ​ណាមួយ ។

ដូច្នេះ​តាម​បច្ចេកទេស​របស់​ក្រុមការងារ គឺ​បាន​ព្យាយាម​យក​ស៊ីម៉ង់ត៍​ចេញ ចំពោះ​កន្លែង​ចាំបាច់ គឺ​ត្រូវ​ដាក់​ថ្ម​ថ្មី​ជំនួស (​ថ្មភក់​) បើ​មិន​ជំនួស​ថ្ម​ថ្មី​ទេ រចនាសម្ព័ន្ធ​របស់​នាគ​អត់​លំនឹង​ឡើយ ជាមួយ​គ្នា​នេះ​នឹង​ប្រើ​ដែក​សរសៃ​កែវ​ដែល​ស្រាល ស្វិត មក​ជំនួស​ដែក​សរសៃ​ដែល​សម័យ​បារាំង​បាន​ប្រើ ។ ចំពោះ​កា​រត​ភ្ជិត គឺ​ត​នៅ​ខាងក្នុង​ដែល​មើល​សឹងតែ​មិនដឹង​ថា បាន​ធ្វើ​អ្វីខ្លះ ពិសេស​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​ទៀត ។

ក្នុង​ការ​អភិ​រក្សា​សំណង់​នៅ​ប្រាសាទបន្ទាយសម្រែ ក្រុមការងារ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើ​សម្ភារ​ថ្មី ថ្ម​ថ្មី​បើ​មិន​ចាំបាច់ ព្រោះ​នេះ​ជា​ការ​អភិរក្ស ដូច្នេះ​ត្រូវ​រក្សា​ភាព​ដើម​របស់​ប្រាសាទ​ឱ្យ​បាន​ច្រើន​និង​រឹង​មាំ​បំផុត​ឱ្យ​មាន​លក្ខណៈ​បុរាណ​តាម​ដែល​អាច​ធ្វើ​បាន ៕