បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូររាំង នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ឈ្មួញ​ធំៗ​នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​មួយចំនួន​ដោយ​ពុំមាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ឈ្មួញ​អាង​អំណាច​មួយចំនួន​នៅពេល​ដឹកជញ្ជូន​ឈើ​ទៅដល់​ច្រក​ដាក់​ដាំ ហើយ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​បើក​បា​រ៉ា​ស់​យឺតយ៉ាវ ក៏​ប្រើ​កាំភ្លើង​បាញ់​គំរាម​ឲ្យ​សមត្ថកិច្ច​ច្រកព្រំដែន​រត់​ជាន់ជើងគ្នា​ទៀតផង​។ ចំណែក​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្នុងស្រុក​អូររាំង​នោះទេ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ធំៗ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន គឺមាន​ឧកញ៉ា ហ៊ុន ជា ដែលជា​សាច់ញាតិ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​គ្រាន់តែ​ឮឈ្មោះ​ឧកញ៉ា ហ៊ុន ជា ដែល​ពាក់​ផ្កាយ​២​លើ​ស្មា​នោះ គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​រថយន្ត​ដែល​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នោះឡើយ​។ ហេតុនេះហើយ​ទើប​ឧកញ៉ា ហ៊ុន ជា ឬ​ឧត្ដមសេនីយ៍ទោ ហ៊ុន ជា អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​សូម្បីតែ​នៅពេល​ភ្លៀង​ធ្លាក់​ក៏​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា ហ៊ុន ជា អាច​ឆ្លងដែន​តាម​ច្រក​ដាក់​ដាំ​យ៉ាង​រលូន​ដោយ​គ្មាន​ឧបសគ្គ​ដែរ​។

សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន គឺ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​ព្រោះ​បច្ចុប្បន្ន​ឧកញ៉ា ហ៊ុន ជា អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ដាក់​ដាំ​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ដោយសារ​ឈ្មួញ​ធំៗ​អាច​បន្តសកម្មភាព​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រក​ដាក់​ដាំ​យ៉ាង​រលូន​បែបនេះហើយ ទើប​ព្រៃឈើ​ក្នុងស្រុក​អូររាំង ស្រុក​កោះ​ញែក និង​ស្រុក​មណ្ឌលសីមា នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ចំណែក​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ធ្វើ​ដូចជា​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​ឈ្មួញ​ធំៗ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​យ៉ាង​ពេញបន្ទុក​៕

Pic213 Pic212