ចឹងទៀត! ​បុកគេសោះ​គំរាមថា «មាន​​បងប្អូន​ជា​អ្នកធំ​ច្រើន​​ណាស់»​

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ ត្រូវ​​​បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជិះ​ម៉ូតូ​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​យប់ថ្ងៃ​ទី​២២ ​សីហា ស្ថិតនៅ​ក្រោយ​​ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​១៧៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​នារី​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ 1BR​-5593 ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៧៣ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ដែល​ជា​ផ្លូវបំបែក​ជា​បួន ​​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុប្រមាណ​៣៥​​ឆ្នាំ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-9670 ក្នុង​ស្ថានភាព​ស្រវឹង មិនដឹង​ថា ​ទើបនឹង​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​​និង​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​​​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​គរ​លើ​គ្នា ធ្វើ​ឲ្យ​នារី​ជា​អ្នក​បើក​ម៉ូតូ​រង​បួស​បែកក្បាល​ធ្ងន់ ចំណែក​នារី​អង្គុយ​ខាងក្រោយ​បានរង​របួស​រលាត់​ដៃជើង​ពក​ក្បាល​ខាងក្រោយ ​ត្រូវ​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​បែក​ក្បាំង​ចំហៀង​ខាងឆ្វេង ។

ដោយឡែក​ ខាង​ម៉ូតូ​បង្ក​វិញ​រង​ការ​ខូចខាតដែរ​​ រីឯ​មនុស្ស​រង​របួស​រលាត់​ដៃជើង​ស្រាល​ តែមិន​​​ទៅ​ពេទ្យទេ តែ​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក ​បុរស​រូប​នោះ​​បាន​អួត​ក្អេងក្អាង​ទាំង​និយាយ​ឆ្ការ​ដៃជើង​ថា​ មាន​បងប្អូន​ជា​អ្នកធំ​ច្រើន​ណាស់ ទោះបីជា​គាត់​ទៅ​ដល់​ទីណា​ក៏​​គាត់​មិន​ខ្លាច​ដែរ ។

ក្រោយ​​ពេល​កើតហេតុ ដោយសារ​ឃើញ​ទ​ង្វើ​របស់​បុរស​នោះ​និយាយ​ស្ដី​មិន​គប្បី​ ត្រូវ​​សមត្ថកិច្ច​នាំ​ខ្លួន ទាំង​មនុស្ស​និង​ម៉ូតូ​យក​ទៅ អធិការ​ដ្ឋា​ន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ ។