ហេតុអ្វី​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ​យាយ​ព្រឿង ?

សកម្មជន​ព្រៃឈើ ក៏ដូចជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង កំពុងមាន​ចម្ងល់​យ៉ាងខ្លាំង​ជុំវិញ​រឿង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ចម្រុះ​មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែលជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត និង​មាន​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​។ ជុំវិញ​ចម្ងល់​នេះ​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក ឈាង តុលា ក៏ដូចជា​អភិបាលខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន បានចាត់ទុក​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ប្រភព​មួយចំនួន​បាន​រិះគន់ថា អភិបាលខេត្ត​ស្ទឹងត្រែង និង​មេ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ទេ​ទោះបី​ឈ្មួញ​រូបនេះ​គឺជា​ប្រភព​ដែល​នាំ​ឲ្យ​កើតមាន​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ខេត្តស្ទឹងត្រែង យ៉ាងណាក៏ដោយ​។

​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩ ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ រោង​សិប្បកម្ម​នោះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែលមាន​ជនជាតិ​យួន​ម្នាក់​ឈ្មោះ ធឿ​ង ធ្វើជា​មេការ​មើល​ខុសត្រូវ​ប្រចាំ​រោង​សិប្បកម្ម​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​ដកហូត​ឈើ​ធ្នង់​បាន​ចំនួន​៥​គោយន្ត និង​ម៉ាស៊ីន​អារច្រៀក​ឈើ​ចំនួន​២​គ្រឿង ក៏ប៉ុន្តែ​មេការ​ឈ្មោះ ធឿ​ង និង​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង គឺ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ ប្រហែលជា​ខ្លាច​ឥទ្ធិពល​ខ្នងបង្អែក​ឈ្មួញ​យួន​ម្នាក់នេះ​។

សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បានលើកឡើង​ថា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​បក្ខពួក​ក្រោម​ឱវាទ​ខ្លះ​ផង ព្រោះ​ពួកគេ​ឃុបឃិត​ឲ្យ​យាយ​ព្រឿង បើក​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា ទាល់តែ​បង្ក្រាប​ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង ទើប​អាច​ទប់ស្កាត់​បទល្មើស​កា​ប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ខេត្តស្ទឹងត្រែង ប្រកបដោយ​ប្រសិទ្ធភាព​។ ផ្ទុយទៅវិញ​ប្រសិនបើ​មន្ត្រី​អាជ្ញាធរ​ខេត្តស្ទឹងត្រែង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង នៅតែ​ចាត់ទុក​យាយ​ព្រឿង ជា​ប្រភព​ចំណូល​របស់​ពួកគេ​តទៅទៀត​នោះ គឺ​ឈ្មួញ​យួន​រូបនេះ​នៅតែ​អាច​ប្រព្រឹត្ត​បទល្មើស​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

M21-08-16-j M21-08-16-j1