ទីតាំង​បន្ទាយ​កងពលតូច​លេខ​៦​នៅ​ស្រុក​ឃ្លាំង​ប្រាសាទ ក្លាយជា​កន្លែង​ស្តុក​ឈើ​គ្រញូង​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា​ប្រពន្ធ​លោក ជា ចេក មេបញ្ជាការរង​កងពល​តូច​លេខ​៦ បាន​យក​ទីតាំង​បន្ទាយ​យោធា​ធ្វើជា​កន្លែង​ស្តុក​ឈើ​គ្រញូង ដែល​ខ្លួន​ប្រមូល​ទិញ​នៅតាម​តំបន់​ព្រំដែន​។ បញ្ហា​នេះ​លោក ស ថា​វី ដែលជា​អភិបាលខេត្ត​ឧត្ដរមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ប្រឈម​នឹង​គ្រោះថ្នាក់​សព្វបែបយ៉ាង​ដោយសារ​មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​។ ក្នុងចំណោម​ឈ្មួញ​ទាំងនោះ គឺមាន​ប្រពន្ធ​របស់លោក ជា ចេក មេបញ្ជាការរង​កងពល​តូច​លេខ​៦​ផងដែរ​។

​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​មាន​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​យកមក​លក់​ឲ្យ​ប្រពន្ធ​លោក ជា ចេក មេ​បញ្ជ​ការរង​កងពល​តូ​ចលេ​ខ​៦​។ ករណីខ្លះ​ពេល​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅ​ឲ្យ​ប្រពន្ធ​លោក ជា ចេក នៅក្នុង​បន្ទាយ​នោះ​ក៏ត្រូវ​មន្ត្រី​យោធា​ដែលជា​កូនចៅ​លោក ជា ចេក ប្រើល្បិច​ចាប់យក​ឈើ​គ្រញូង​នោះ​ទៅ​លក់​បន្ត​ដោយ​គ្មាន​អាណិតអាសូរ​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ​។ បច្ចុប្បន្ន​បន្ទាយ​យោធា​កងពលតូច​លេខ​៦​នៅ​ភូមិ​អូរ​បេង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ បានក្លាយ​ទៅជា​កន្លែង​ស្តុក​ឈើ​គ្រញូង​របស់​ប្រពន្ធ​លោក ជា ចេក ទៅហើយ​ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​ទៅ​ក្បែរ​បន្ទាយ​យោធា​ដែល​ប្រជាពលរដ្ឋ​ហៅថា​បន្ទាយ​ប៉ា​រ៉ា​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​ខាងលើនេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ភរិយា​លោក ជា ចេក មេបញ្ជាការរង​កងពល​តូច​លេខ​៦ គឺជា​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ឈើ​នៅតាម​តំបន់​ព្រំដែន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ហើយ​ដឹក​យកមក​ស្តុក​ទុក​ក្នុង​បន្ទាយ​ប៉ា​រ៉ា​យ៉ាង​រលូន​តែម្តង​។ ការដែល​ប្រពន្ធ​លោក ជា ចេក ក្លាយជា​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ឈើ​គ្រញូង​បែបនេះ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​នៅ​ភូមិ​ចំបក់ ភូមិ​អូរ​បេង និង​ភូមិ​មួយចំនួនទៀត​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ផ្សងគ្រោះថ្នាក់​សព្វបែបយ៉ាង​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទឧក្រិដ្ឋ​ឈើ​គ្រញូង​ប្រឡាក់​ឈាម​តទៅទៀត គឺ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​មេ​ឈ្មួញ​ទិញ​ឈើ​គ្រញូង​ដែលជា​ប្រពន្ធ​លោក ជា ចេក មេបញ្ជាការរង​កងពល​តូច​លេខ​៦​តាមច្បាប់​ជាបន្ទាន់​៕

10លោក ស ថាវី​ អភិបាលខេត្តឧត្ដរមានជ័យ

Pic217 7c447a08b2cc5538ada61e8d893a0f51