នាំ​គ្នា​ដេញ​តាំងពី​ក្នុង​វត្ត​រហូត​ដល់​ផ្លូវលំ​ទម្រាំ​ចាប់​បាន

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ចាប់តាំងពី​ក្នុង​វត្ត​រហូត​ដល់​ផ្លូវលំ​ទម្រាំ​តែ​ចាប់​បាន​ហើយ​ព្រួត​គ្នា​វាយ​ឡើង​ទ្រម ទើប​ប្រគល់​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​ស្វាយ​ជី​ក្រាយ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ហេង ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក ឡុ​ង ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​បក្សពួក​ម្នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន​បាត់​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI 8014 ដែល​ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ហុង ធី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដើម​ថ្នឹង​ទី​២ ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ី​ធរ​កណ្តាល ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​លើ​សាលាឆាន់ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​ចោរ​កាច់ក​ម៉ូតូ​បាន​ហើយ និង​កំពុង​តែ​ជិះ​ម៉ូតូ​ចេញ​នោះ ក៏​ត្រូវ​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ទើប​ស្រែក​ឆោឡោ​ឡើង ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​ជួយ​ដេញ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​ស្ទាក់ ចំណែក​ក្រុម​ចោរ​បាន​បំបែក​គ្នា​ជា​២​ផ្លូវ ហើយ​ជនសង្ស័យ ហេង ពៅ បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​គេច​ទៅ​ទិស​ខាងត្បូង​បត់​តាម​ភូមិ​ព្រៃ​ដើម​ថ្នឹង សំដៅ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​១១ ក៏​ត្រូវ​ប្រជាពលរដ្ឋ​រួម​ជាមួយ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ភូមិ​ស្វាយ​ជី​ក្រាយ​តែ​ម្តង ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ ហេង ពៅ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​កូនសោ​ខ្សៀ​លេខ​៨​ចំនួន​១ និង​ដែក​កាច់ក​ម៉ូតូ​ចំនួន​១ រីឯ​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕